Home ព័ត៌មានជាតិ នយោបាយ ឆឹ​ម ឆុនៈ រៀន...

ឆឹ​ម ឆុនៈ រៀន​ជំនាញ​នាវា​នៅ​ប្រទេស​ចិន​

ដោយៈ រី​លក្ខិណា បុគ្គលិក​មជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង​/​ភ្នំពេញៈអតីត​កងទ័ព​ខ្មែរក្រហម​បាន​រំឭក​ពី​រឿងរ៉ាវ​ជីវិត​ដែល​បាន​ឆ្លងកាត់​សង្គ្រាម និង​ត្រូវបាន​របប​កម្ពុជា​ប្រជាធិបតេយ្យ​បញ្ជូនទៅ​រៀន​ផ្នែក​បើកបរ​នាវា​នៅ​ប្រទេស​ចិន​ថា ខ្ញុំ​មានឈ្មោះ ឆឹ​ម ឆុន អាយុ​៦៩​ឆ្នាំ សព្វថ្ងៃ​រស់នៅ​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។ ខ្ញុំ​មាន​ស្រុកកំណើត​នៅ​ឃុំ​គុ​ស ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

ឆឹ​ម ឆុន អាយុ​៦៩​ឆ្នាំ សព្វថ្ងៃ​រស់នៅ​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។​
(​ឡុង ដា​នី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ប្រពន្ធ​របស់ខ្ញុំ​ឈ្មោះ ស៊ីវ អឿន អាយុ​៥៩​ឆ្នាំ និង​មានកូន​ប្រុស​ម្នាក់​។ កាលពី​ក្មេងៗ​ខ្ញុំ​បាន​រៀន​រហូតដល់​ចប់​ឌី​ប្លូ​ម​នៅ​ស្រុកកំណើត ក៏មាន​រដ្ឋប្រហារ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ លន់ នល់ ទម្លាក់​សម្ដេច​ព្រះបាទ ន​រោ​ត្ដម សីហនុ​។ ខ្ញុំ​បាន​ឈប់រៀន ហើយ​ចូលធ្វើ​កងទ័ព​ជាមួយ​វៀត​កុង​ឬ​វៀតណាម​ខាងជើង​។​នៅ​ចុងឆ្នាំ​១៩៧១​ខ្ញុំ​បាន​ចេញពី​កងទ័ព​វៀត​កុង​មក​នៅ​ជាមួយ​ខ្មែរក្រហម​នៅ​ខេត្តតាកែវ ដែល​កាលនោះ​ត្រូវបាន​ហៅថា​កងទ័ព​តំបន់​១៣​។​

​នៅ​ឆ្នាំ​១៩៧៥ ពេលដែល​ខ្មែរក្រហម​ទទួលបាន​ជ័យជម្នះ​ទូទាំងប្រទេស ខ្ញុំ​បាន​ផ្លាស់​ពី​កងទ័ព​តំបន់​១៣​ខេត្តតាកែវ​មក​ធ្វើ​កងទ័ពជើងទឹក ក្នុង​កងពល​១៦៤​នៅ​កំពង់សោម​ដែលមាន​មាស​មុត​ជា​ប្រធាន​កងពល​។​កងទ័ព​តំបន់​១៣​ជា​ទ័ព​របស់​តា​ម៉ុក​ហើយ​កងទ័ពជើងទឹក​ក​ង​ពល​១៦៤​មួយចំនួន​រើស​ចេញពី​កងទ័ព​តំបន់​១៣​។ ក្រោយមក​ទើប​ខ្មែរក្រហម​បញ្ជូន​កងទ័ព​មកពី​ភូមិភាគ​បូព៌​ចូលក្នុង​កងពល​១៦៤​ដែរ​។​

​ពេលទៅដល់​កំពង់សោម​ដំបូង ខ្ញុំ​ឈរជើង​នៅ​រាម​និង​កោះ​តា​គៀវ​។​ខ្ញុំ​បាន​ស្នាក់នៅ​កោះ​តា​គៀវ​មួយរយៈ​ក៏​ប្តូរ​ទៅ​ឈរជើង​នៅ​កោះរុង​ហ្វា ទល់មុខ​នឹង​ក្រុង​កំពង់សោម​។ ក្រោយមក ខ្ញុំ​ចេញពី​កោះរុង​ហ្វា ទៅ​នៅ​កោះតាង​វិញ​។ នៅពេលនោះ​មេទាហាន លន់ នល់ ជាច្រើន​ត្រូវបាន​ខ្មែរក្រហម​យកមក​ឲ្យ​បង្រៀន​កងទ័ព​ខ្មែរក្រហម​ពី​របៀប​មើល​ផែនទី​សម្គាល់​ទីតាំង​កោះ​របស់​ខ្មែរ​នៅ​កន្លែង​ណាខ្លះ និង​បង្រៀន​ពី​របៀប​បើកកប៉ាល់ ព្រោះ​ខ្ញុំ មិនដែល​រៀន​ពីមុនមក ហើយ​ខ្ញុំ​ក៏​មិនដឹង​ពី​ប្រវត្តិសាស្ត្រ​ទឹកដី​ដែរ​។ ពេលដែល​មើល​ក្នុង​ផែនទី ខ្ញុំ​ឃើញ​កោះ​ក្រចកសេះ​ជា​កោះ​ថ្ម​ប៉ប្រះ​ទឹក​និង​គ្មាន​មនុស្ស​រស់នៅ​ឡើយ​។​ខ្ញុំ​ចង់ទៅ​លេង​លើ​កោះ​ក្រចកសេះ​។​ប៉ុន្តែ​មិនមាន​កប៉ាល់​ចេញទៅ​ទីនោះ​។​

​នៅក្នុង​ខែឧសភា ឆ្នាំ​១៩៧៥ ខ្មែរក្រហម​បាន​ចាប់​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស​មួយគ្រឿង ប៉ុន្តែ​ខ្ញុំ​មិន​ចូលរួម​សកម្មភាព​នោះទេ​ព្រោះ​ខ្ញុំ​បាន​ឈរ ជើង​នៅ​កោះតាង​តែមួយ​រយៈ​ខ្លី​ប៉ុណ្ណោះ​។​ប្រធាន​វរ​សេនា​តូច​៤៨០​របស់ខ្ញុំ​ឈ្មោះ​វឿន​។​ចំណែក​ខ្ញុំ​មាន​ឋានៈ​ត្រឹមតែ​ជា​ជំនួយការ​របស់គាត់​ប៉ុណ្ណោះ​។​នៅលើ​កោះតាង​មាន​វរ​សេនា​តូច​៤១០​និង​វរ​សេនា​តូច​៤៨០​នៅ​ឈរ​រូ​ម​គ្នា​។​ក្នុង​មួយ​កងវរសេនាតូច​មា​ន​កងទ័ព​មិន​គ្រប់​ចំនួន​ឡើយ គឺមាន​ចន្លោះ​ពី​ប៉ែតសិប​នាក់ ទៅមួយ​រយ​នាក់​ប៉ុណ្ណោះ​។ វរ​សេនា​តូច​៤១០​ឈរជើង​នៅ​ចុង​ខាងលិច​កោះតាង​។​ចំណែក វរ​សេនា​តូច​៤៨០​ឈរជើង​នៅ​ចុង​ខាងកើត​។​នៅពេលដែល​ទាហាន​អាមេរិក​មក​វាយ​នៅ​កោះតាង​គឺមាន​តែ​វរ​សេនា​តូច​៤១០​ប៉ុណ្ណោះ​ដែល​បាន​ចូលរួម​ប្រយុទ្ធ​ផ្ទាល់​។

នាវា​ល្បាត​របស់​កងទ័ពជើងទឹក​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)​។​
(​ហ្គុ​ន​ណា ប៊ឺ​យ​ស្ត្រ​ម​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ចំណែក​កងទ័ព​នៃ​វរ​សេនា​តូច​៤៨០​បាន​ដក​ចេញពី​កោះតាង​មុនពេល​ទាហាន​អាមេរិក​មកដល់​។ សណ្ឋាន​របស់​កោះតាង រាងដូចជា​កដប និង​សុទ្ធតែ​ដុំថ្ម​នៅ​ចុង​ខាងកើត ឯខាង​លិច​សុទ្ធតែ​ដីខ្សាច់​។ បើ​ខាង​ទ័ព​ខ្មែរក្រហម​ចង់​ឡើងលើ​កោះតាង គឺ​ត្រូវ​ចូល​ចត​នៅ​ចុង​ខាងលិច​ដែលមាន​ដីខ្សាច់​។ ខ្ញុំ​បានដឹងថា មាន​ឧទ្ធម្ភាគចក្រ​របស់​អាមេរិក​មួយ​ធ្លា​ក់នៅ​ឆ្ងាយ​ពី​ឆ្នេរ ប៉ុន្តែ​ត្រូវ​រលក​វាយ​មកដល់​ច្រាំង​ទើរ​នៅលើ​ខ្សាច់​។​

​បន្ទាប់ពី​មាន​ព្រឹត្តិការណ៍​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​ស កងទ័ព​វៀតណាម​បាន​វាយ​ចូលមក និង​ចាប់​កងទ័ព​ខ្មែរក្រហម​នៅលើ​កោះ​ពូ​លូ​វ៉ៃ ព្រោះ​កងទ័ព​ខ្មែរក្រហម​មិនបាន​ប្រុងប្រយ័ត្ន​ខ្លួន​ដោយ​គិត​មិនមាន​នរណា​ហ៊ាន​ចូលមក​។ កងទ័ព​វៀតណាម​ជិះ​កប៉ាល់​អាដេ​អា មួយគ្រឿង​មកដល់​លើ​កោះ​ពូ​លូ​វ៉ៃ បន្ទាប់មក​ក៏​ចាប់​កងទ័ព​ខ្មែរក្រហម​ទាំងអស់​ទៅ​ដាក់​លើ​កោះត្រល់​។​រយៈពេល​ប្រហែល​មួយខែ ក្រោយមក ទើបបាន​មេដឹកនាំ​ប្រទេស​ទាំងពីរ​ធ្វើ​ចរចា​គ្នា​។ បន្ទាប់មក​កងទ័ព​វៀតណាម​ក៏បាន​ដោះលែង​កងទ័ព​ខ្មែរក្រហម និង​ដក​កងទ័ព​ចេញពី​កោះ​ពូ​លូ​វ៉ៃ​អស់​។ នៅ​ខណៈពេលដែល​កងទ័ព​វៀតណាម​ដកចេញ​នៅ​ម៉ោង​១១​ខ្ញុំ​រួមជាមួយ​វរ​សេនា តូច​៤៨០​ក៏​ទៅ​កោះ​ពូ​លូ​វ៉ៃ​នៅ​ម៉ោង​១១​ដែរ​។

​កោះ​ពូ​លូ​វ៉ៃ​បែង​ចែកជា​ពីរ គឺ​កោះ​ខាងកើត និង​កោះ​ខាងលិច​។ កោះ​ខាងកើត ហៅ កោះ​ថ្មី មាន​ព្រលានយន្ដហោះ ក្រាល​ដែក ដែល​អាច​ឲ្យ​យន្តហោះ​ធុន​អា​តេ​៥៤​ចុះចត​បាន​។ ចំណែក​កោះ​ខាងលិច ហៅ កោះ​ចាស់​។ នៅពេល​ដែលមាន​កប៉ាល់​ធំៗ​បើក​មក​ជិត​កោះ​ពូ​លូ​វ៉ៃ នា​វឹក​តែងតែ​វាស់​ចម្ងាយ​ផ្លូវ​ដើម្បី​ឲ្យ​ដឹង​គោលដៅ មុននឹង​ធ្វើដំណើរ​ទៅ​ថៃ ម៉ាឡេស៊ី និង​សឹង្ហ​បុរី​។ បើ​មិនបាន​វាស់​ចម្ងាយ​ផ្លូវ និង​កំណត់​ទីតាំង​ទេ ក្រុម​នា​វឹក​មិនដឹងថា​កប៉ាល់​របស់ខ្លួន​នៅ​កន្លែង​ណា​ឡើយ​។ កាលពី​មិនទាន់បាន​ទៅ​រៀន​ជំនាញ​ខាងជើង​ទឹក ខ្ញុំ​តែងតែ​ឆ្ងល់​ថា​ហេតុ​អី​បានជា​កប៉ាល់​ធំៗ​បាន​បើក​មក​ជិត​កោះ​របស់​យើង​។​

​ខ្ញុំ​បាន​ឈរជើង​នៅ​កោះ​ពូ​លូ​វ៉ៃ​រហូតដល់​ខែមិថុនា ឆ្នាំ​១៩៧៦ ទើប​ខ្ញុំ​ត្រូវបាន​ជ្រើសរើស​ឲ្យ​ទៅ​រៀន​ជំនាញ​ខាង​នាវា​នៅ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន​។ ពេលទៅដល់​សាលាដំបូង​ខ្ញុំ​ត្រូវ​រៀន​ភាសា​ចិន​រយៈពេល​បី​ខែ ទើប​បន្ត​រៀន​ខាង​បច្ចេកទេស​ជួសជុល​នាវា​។​នៅក្នុង​ថ្នាក់ រៀន​មិនមែន​មានតែ​និស្សិត​ជា​ជនជាតិខ្មែរ​ទេ គឺមាន​និស្សិត​មកពី​ប្រទេស​ដែលជា​សម្ព័ន្ធមិត្ត​របស់​ចិន​ដូចជា ប៉ា​គី​ស្ថាន​, កុង​ហ្គោ និង​ប្រទេស​ផ្សេងៗ​ទៀត​។ នៅ​សាលា​គ្រូ​បាន​បង្រៀន​លើ​មុខជំនាញៗ​ខុសគ្នា ដូចជា ខាង​គ្រឿង​ម៉ាស៊ីន​, ខាង​បើកបរ​, ខាង​មើល​ផែនទី​, ខាង​ប្រើ​រ៉ា​ដា​, ខាង​យុថ្កា និង​ខាង​ផ្នែក​កាំភ្លើង​។ ចិន​បាន​បង្រៀន​អំពី​នាវា​ពីរ​ប្រភេទ គឺ​នាវាមុជទឹក និង​នាវា​ប្រឆាំង​។​ចំណែក​ខ្ញុំ​រៀន​ខាង នាវាមុជទឹក​។​ប៉ុន្តែ​ខ្ញុំ​ក៏ត្រូវ​ដឹង​ពី​ការប្រើប្រាស់​នាវា​ប្រឆាំង​ដែរ​។​នៅក្នុង​នាវា​មួយគ្រឿង​មាន​សិស្ស​មួយរយ​នាក់​ឮ​សរុប​មាន​សិស្ស​ពីរ​រយ​នាក់​។ ខ្ញុំ​នៅចាំ​ឈ្មោះ​គ្រូបង្រៀន​របស់ខ្ញុំ​ពីរ​នាក់ មួយ​ឈ្មោះ​អ្នកគ្រូ​លីវ និង​លោកគ្រូ​យូ​។ លោកគ្រូ​យូ ជា​គ្រូបង្រៀន​ភាសា​។

​នៅពេល​រៀន​ចប់ នាវិក​ទាំងអស់​បាន​ទៅ​ហាត់​ជាក់ស្ដែង​នៅ​សមុទ្រ​លេខ​៩ ជិត​ប្រទេស​ជប៉ុន​។ ពេលនោះ​មាន​រលក​ធំៗ ។​ដូច្នេះ​ទាំង​ខ្មែរ ទាំង​ចិន បាន​ពុលរលក បណ្តាល​ឲ្យ​រក​កប៉ាល់​ខ្មាំង​មិនឃើញ យើង​ក៏​បណ្តែត​កប៉ាល់មុជទឹក​ម​កលើ​ផ្ទៃ​ទឹក​ដើម្បី​រក​កប៉ាល់​ខ្មាំង​។ នៅពេល​ឃើញ​ហើយ​យើង​ក៏​មុជទឹក​ម្ដង​ទៀតហើយ​គ្រូ​បញ្ជា​ឲ្យ​បាញ់​ខ្មាំង​។​ខ្ញុំ​និង​និស្សិត​ផ្សេងៗ​ទៀត​បាន​ពុល​លលក​ក្អួត​ទាំងអស់គ្នា​នៅក្នុង​កប៉ាល់ ដូច្នេះ​យើង​បាននាំគ្នា​ដោយ​មិនមាន​គោលដៅ​ដើម្បី​ឲ្យ​ចប់​វិធី​លំ​ហាត់​សមយុទ្ធ​យោធា​។​

​ខ្ញុំ​រៀន​នៅ​ស្រុក​ចិន​បាន​ជិត​៣​ឆ្នាំ រហូតដល់​ខែតុលា ឆ្នាំ​១៩៧៨ ទើប​ត្រឡប់មក​ខ្មែរ​វិញ ដោយ​ខ្ញុំ​បាន​ជិះ​យន្តហោះ​ពី​សៀង​ហៃ មក​ប៉េកាំង ប្រទេស​ចិន​។ ខ្ញុំ​បាន​ដើរលេង​រយៈ​មួយ​សប្តាហ៍ ទើប​ជិះ​យន្តហោះ​ចេញពី​ប៉េកាំង​មក​ពោធិ៍ចិនតុង​វិញ​។​ពេលមកដល់ ពោធិ៍ចិនតុង ខ្ញុំ​បានធ្វើ​ដំណើរ​ត្រឡប់​ទៅ​អង្គភាព​យោធា​នៅ​កំពង់សោម​វិញ​។ ខ្ញុំ​ធ្វើការ​នៅ​ឆ្នេរ​អូរ​ឈើទាល ដោយមាន​តួនាទី​ពីរ គឺ​ទីមួយ​ជា​ប្រធាន​បច្ចេកទេស និង​ទី​ពីរ​ខ្ញុំ​ធ្វើការ​នៅ​បញ្ជាការដ្ឋាន​កង​ទ័​ជើង​ទឹក​។ នៅពេលនោះ ខ្មែរក្រហម​បានរៀបចំ​សង់​កំពង់ផែ យោធា​មួយទៀត​នៅ​ស្ទឹងហាវ​ដើម្បី​ចត​នាវា​ព្រោះ​នៅ​រាម​មាន​ទីតាំង​ចំហរ​ពេក​មិនអាច​លាក់​ការណ៍​សម្ងាត់​បាន​។​ខ្ញុំ​ធ្វើការ​នៅ​កំពង់សោម​បាន​ប្រហែល​រយៈពេល​៣​ខែ កងទ័ព​វៀតណាម​ក៏បាន​វាយ​ចូល​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៧៩​។​

រថពាសដែក​របស់​ក​ង​ទ័ពជើងទឹក​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)​។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​នៅពេល​កងទ័ព​វៀតណាម​ចូល​មកដល់​កំពង់សោម ខ្ញុំ​បាន​រត់តាម​ឃុំ​ថ្ម ស្រុក​បទុម​សាគរ ខេត្តកោះកុង​និង​បន្តដំណើរ​តាម​ព្រំដែន រហូតដល់​តំបន់​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ដោយ​ខ្ញុំ​ចំណាយពេល​អស់​ប្រហែល​បី​ខែ​ដើរ​ក្នុងព្រៃ​។ ពេលទៅដល់​តំបន់​ថ្មដា ខ្ញុំ​កាន់​វរ​សេនា​តូច​១០៧ ស្ថិតក្នុង​កងពល​ទី​៣ ដែលមាន ទឹម សេង ជា​ប្រធាន​។ ទឹម សេង ក៏បាន​ទៅ​រៀន​នៅ​ប្រទេស​ចិន​ជាមួយ​ខ្ញុំ​ដែរ​។ កងទ័ព​នៅក្នុង​វរ​សេនា​តូច​១០៧ មាន​ចន្លោះ​ពីមួយ​រយ​ហាសិប​នាក់ ទៅមួយ​រយ​ហុកសិប​នាក់​។​កម្លាំង​របស់ខ្ញុំ​មិន​គ្រប់គ្រាន់ សម្រាប់​មួយ​វរ​សេនា​តូច​ឡើយ​។

​បន្ទាប់មក​ខ្ញុំ​ទទួល​ខាង​ទំនាក់ទំនង​ជាមួយ​ខាង​ថៃ​។ នៅពេល​ខ្មែរក្រហម​ត្រូវបញ្ជូន​អ្នកជំងឺ​ទៅ​ព្យាបាល​នៅ​ថៃ​គឺ​ខ្ញុំ​ត្រូវ​ទំនាក់ទំនង​ជាមួយ ខាង​ភាគី​ថៃ​មុន​ថា ស្អែក​ខ្ញុំ​ត្រូវ​នាំ​អ្នកជំងឺ​បួន​នាក់ ឬ​ប្រាំ​អ្នក​យកទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​។ ពេលខ្លះ ប្រជាជន​ខ្មែរ​រៀន​ចំ​ពិធី ការកូន ឬ​បុណ្យ ក៏​ខ្ញុំ​ជួយ​ទំនាក់ទំនង​ទៅខាង​ប្រទេស​ថៃ​ដើម្បី​ទិញ​សាច់ បន្លែ គ្រឿង​សម្រាប់​ប្រើប្រាស់​ក្នុង​ពិធី​ដែរ​។ បន្ទាប់មកទៀត​ខ្ញុំ​បាន​ឡើងជា​ប្រធាន​ភ័ស្ដុភា​ប្រចាំ​កងពល​ទី​៣​។ ការងារ​របស់ខ្ញុំ គឺ​ទំនុកបម្រុង​កងទ័ព​នៅ​សមរភូមិ​មុខ និង​ត្រូវ​ដឹកជញ្ជូន ស្បៀង គ្រាប់រំសេវ ខោអាវ ថ្នាំពេទ្យ និង​ប្រាក់​។​

​មុខព្រួញ​របស់ខ្ញុំ គឺ​ប្រចាំ​នៅ​សមរភូមិ​កោះកុង ដែល​អ្នក​នៅ​តំបន់​ថ្មដា ហៅថា សមរភូមិ​កោះកុង​គឺ​មុខព្រួញ​ចាប់ពី​តំបន់​ថ្មដា​ចូលមកក្នុង ខេត្តកោះកុង​។ ក្រោយ​ឆ្នាំ​១៩៧៩ កងទ័ព​ខ្មែរក្រហម​ភាគច្រើន​មិនមាន​ទីតាំង​ឈរជើង​ពិតប្រាកដ​ឡើយ​។​យើង​បាន​ប្តូរ​ទីតាំង​ពីមួយ កន្លែង​ទៅមួយ​កន្លែង ហើយ​នៅបាន​ជួប​ជាមួយ​កងទ័ព​ខាង​វៀតណាម យើង​ក៏​វាយ​ប្រយុទ្ធ​គ្នា​។ ពេលខ្លះ​ត្រូវ​កងទ័ព​ខាង​វៀតណាម​វាយ​រុញច្រាន​ត្រឡប់មក​ជិត​តំបន់​ថ្មដា​វិញ ដោយសារ​កងកម្លាំង​ខ្មែរក្រហម​ខ្វះ​ស្បៀង ខ្វះ​គ្រាប់កាំភ្លើង ព្រោះ​កង​ដឹកជញ្ជូន​របស់​ខ្មែរក្រហម​ស្ថិតនៅ​ឆ្ងាយ​ពី​កន្លែង​ប្រយុទ្ធ​គ្នា​។ កង​ដឹកជញ្ជូន​របស់​ខ្មែរក្រហម​ត្រូវ​ចំណាយពេល​មួយខែ ទើប​ដឹក​ស្បៀង និង​គ្រាប់កាំភ្លើង ទៅដល់​សមរភូមិ​មុខ​។​

​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ចន្លោះ​ពី​តំបន់​ថ្មដា មក​ខេត្តកោះកុង​មាន​ភ្នំ​មួយ​ឈ្មោះថា ភ្នំ​១០០ ពីព្រោះ​នៅ​រវាង​ឆ្នាំ​១៩៨៥ ដល់​ឆ្នាំ​១៩៨៦ យោធា​ខ្មែរក្រហម​បានដាក់​កាំភ្លើងត្បាល់​ធុន​១០០​មី​លី​ម៉ែត្រ​នៅលើ​កំពូលភ្នំ​នេះ​ដើម្បី​បាញ់​គាំទ្រ​ខ្សែត្រៀម​នៅខាងមុខ​។ ភ្នំ​នេះ​ត្រូវបាន​ខ្មែរក្រហម​និង​ប្រជាជន​ហៅថា ភ្នំ​១០០ រហូតដល់​សព្វថ្ងៃ​។ នៅលើ​ភ្នំ​១០០ មិនមាន​សំណង់​ធំ​ទេ​មានតែ​ខ្ទម​សម្រាប់​បាំង កម្តៅ និង​ជីក​ជា​លេណដ្ឋាន​សម្រាប់​ការពារ​គ្រាប់​។

​ចំណែក​កងទ័ព​នៃ​រប​ប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​បាន​ឈរជើង​នៅ​ខាងក្រោម​ជាប់​នឹង​ស្ទឹង​មេទឹក​។​នៅពេលនោះ​កងទ័ព​ខ្មែរ ក្រហម​ហៅ​កងទ័ព​រដ្ឋាភិបាល​ដែល​ឈរជើង​នៅ​ទីនោះ​ថា «​វរ​លិច​ទឹក​» ពីព្រោះ​នៅ​ខែប្រាំង​អាច​ស្នាក់នៅ​បា​តែបើ​ខែវស្សា​មាន​ភ្លៀង ធ្លាក់ គឺ​ទឹក​ហូរ​មកពី​ភ្នំ​ខ្លាំង បណ្តាល​ឲ្យ​លិច​ចាន ឆ្នាំង ជួន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ទៀត​។ ចំណែក​ភ្នំ​មើល​ឡាន​ជា​ភ្នំ​មួយ​ដែល​យោធា ខ្មែរក្រហម និង​ក្រុម​ដឹកជញ្ជូន​ឆ្លងកាត់ និង​ឈប់សម្រាក​នៅពេល​នឿយហត់​។ យោធា​ខ្មែរក្រហម​ទាំង​នោះបាន​អង្គុយ​មើល​ឡាន​បើក​លើផ្លូវ​នៅក្នុង​ទឹកដី​ថៃ មើល​ភ្លើង និង​មើល​ផ្ទះ​ប្រជាជន​។​ចំណែក​កងទ័ព​នៃ​រប​ប សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​បាន​ហៅថា ភ្នំ​គយគន់​ឡាន​។​

​បន្ទាប់ពី​កងកម្លាំង​ខ្មែរក្រហម​ធ្វើ​សមាហរណកម្ម​ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ឆ្នាំ​១៩៩៦ ខ្ញុំ​, តាឃ​ន និង តា​ឡាយ បាន​ដឹកនាំ​ទាហាន​មួយចំនួន​មកឈរ​ជើង​ជាមួយ​កងទ័ព​រាជរដ្ឋាភិបាល​ចាប់ពី​កោះកុង​មក​តំបន់​ថ្មដា​។​ចំណែក​មួយផ្នែក​ទៀត​ឈរជើង នៅ​តំបន់​ថ្មដា​តែម្តង​។ នៅ​តំបន់​ថ្មដា បានធ្វើ​សមាហរណកម្ម​ជាមួយ​រាជរដ្ឋាភិបាល​ចំនួន​ពីរលើក គឺ​លើក​ទី​១ នៅក្នុង​ឆ្នាំ​១៩៩៦ និង​លើក​ទី​២​នៅក្នុង​ឆ្នាំ​១៩៩៨​។ ខ្ញុំ​បានសម្រេច​ចិត្ត​ធ្វើ​កងទ័ព និង​រស់នៅ​ខេត្តកោះកុង​រហូតដល់​ស​ព្វ​ថ្ងៃ​៕​សរន​​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular