ដោយៈ រ៉ាម៉ន / ភ្នំពេញៈ ឆ្លើយតបនឹងការរិះគន់មួយចំនួន ដែលហាក់មិនសមហេតុផល និងមិនអាចទទួលយកបាន នៅក្នុងបណ្តាញសង្គម ជុំវិញរឿងរ៉ាវ នៃការ ឃាត់ខ្លួនមនុស្ស ១៣ នាក់ ដែលបានបន្ទោរបង់ នៅតាមសួនច្បារសាធារណៈ តាមគល់ឈើ និងទីតាំងសាធារណៈផ្សេងៗទៀត យកមក អប់រំណែនាំ នៅសាលាខណ្ឌដូនពេញ កាលពីថ្ងៃទី ១៩ មករា នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំមួយ នៅសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នេះ បានលើកឡើងថាៈ ការរិះគន់នោះ គឺមិនអាចទទួលយកបាននោះទេ ព្រោះ រដ្ឋបាលរាជធានីភ្នំពេញ បានសាងសង់បង្គន់ អនាម័យ សាធារណៈ ច្រើនហើយ តែដោយសារ តែចរិកមារយាទមនុស្ស មួយចំនួន ដែលតែងតែបត់ជើងតូច ឬធំ នៅតាមទីសាធារណៈ លើសួនច្បារ ឬ ដើមឈើ ពាសវាល ពាសកាល មិនត្រឹមត្រូវ ខណៈនៅបរទេស ក៏គ្មានប្រទេសណា សង់បង្គន់ ១០០ ម៉ែត្រមួយដែរ។
លោក ឃួង ស្រេង បានបន្តថាៈ លោកបានមើលឃើញ គេចូលបញ្ចេញមតិ (ខមមិន) ច្រើននៅក្នុងហ្វេសប៊ុកផេក កាលពីថ្ងៃទី១៩ ខែមករា ដោយខ្លះហាក់រិះគន់ មិនអាចទទួលយកបាន តែមានអ្នកគាំទ្រ យ៉ាងលើសលប់ យើងមិនខ្វល់ ចំពោះអ្នករិះគន់ ប៉ុន្មាននាក់នោះទេ ។
លោកអភិបាលរាជធានី បានមានប្រសាសន៍ថាៈ « គ្មានប្រទេសណាមួយ ធ្វើបង្គន់ ១០០ ម៉ែត្រមួយនោះទេ អត់មានទេ អស់លោក ។ គេ មានផែនការ ច្បាស់ណាស់ ចេញពីផ្ទះ ត្រូវបត់ជើងដៃ តែម្តង ទាំងអាតូច អាធំ ឲ្យហើយតែម្តង នេះជាចរិកអ្នកនៅទីក្រុង។ មិនមែន របៀបអ៊ីចឹងទេ ហើយ ៤ ឬ ១០ គីឡូ (ម៉ែត្រ) គឺមាន ១ (បង្គន់) ហ្នឹងហើយមានមួយ ហ្នឹងគឺនៅក្រោមដី មើលមិនឃើញទៀត ទាល់តែអ្នកស្គាល់ អ៊ីចឹងឱ្យច្បាស់ផង កុំចេះតែ ខម មិន មានមាត់មានអណ្តាត ចេះតែរលាស់ » ។ លោកបានបន្តថាៈ បញ្ហានេះ មានមន្ត្រីរបស់យើង ចូលខមមិនតប បញ្ជាក់អំពីបញ្ហានេះ ដល់អ្នករិះគន់មួយចំនួន ហើយបានផ្តាំផ្ញើថា តិចគេទៅនោម លិចផ្ទះអ្នកឯងទៅ។
លោកបានបញ្ជាក់ទៀតថាៈ « រឿងបង្គន់សាធារណៈនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសាងសង់ បានច្រើនហើយ យើងមានគ្រប់កន្លែង ឱ្យគាត់បទជើង តែគាត់ អត់ព្រមចូល ។ អាជ្ញាធរ ក៏មានការយោគយល់ខ្លះដែរ បើសិនជាបងប្អូនខ្លះ នៅជាយក្រុង ដូចជា នៅខណ្ឌព្រែកព្នៅ ប្ញស្សីកែវ ដែលមានកម្ពោធព្រៃអី គឺអាច បត់ជើងតូច អីនោះ គឺអនុគ្រោះដែរ «ប៉ុន្តែនេះ នៅខណ្ឌដូនពេញ ចំការមន បឹងកេងកង ៧មករា អីទទួលយកម្តេចកើត ទទួលយកមិនបានទេ » ។
លោកបានបន្តទៀតថាៈ « នេះជាសារជាតិមួយ គឺថាអត់មាយាទ » សម្រាប់អ្នកដែល តែងតែបត់ដៃជើង នៅតាមទីសួនច្បារសាធារណៈ។
គួររំលឹកថា កាលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌដូនពេញ បានឃាត់ខ្លួនអ្នកមកបន្ទោរបង់ នៅតាមសួនច្បារសាធារណៈ តាមគល់ឈើ និង នៅទីតាំងសាធារណៈផ្សេងៗទៀត បានចំនួន ១៣ នាក់ ដែលធ្វើឱ្យបាត់បង់ សណ្តាប់ធ្នាប់ របៀបរៀបរយ និងបង្ករឱ្យមានក្លិនឆ្អេះឆ្អាប ដល់អ្នកធ្វើដំណើរ យកមកអប់រំណែនាំ នៅសាលាខណ្ឌដូនពេញ ៕/V