​វគ្គ​បណ្តុះបណ្តាល ស្តីអំពី​សិទ្ធិមនុស្ស និង​អាទិភាព សម្រាប់​មនុស្ស​ចាស់ នៅ​ខេត្តបាត់ដំបង​


​ដោយៈ គ្រញូង / បាត់ដំបងៈ នៅ​សាលសន្និសីទ​មិត្តភាព​បាត់ដំបង ដា​ណាំង មាន​រៀបចំ​បើក​វគ្គ​បណ្តុះ​បណ្តាល​ស្តីអំពី សិទ្ធិមនុស្ស និង​អាទិភាព សម្រាប់​មនុស្ស​ចាស់ មាន​រយៈពេល ២ ថ្ងៃ ចាប់ពី​ថ្ងៃទី​១៩-២០ ខែមករា ឆ្នាំ​២០២១ ។​

​វគ្គ​នេះ បាន​ប្រព្រឹត្តទៅ ក្រោម​វត្តមាន​លោក កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈ​កម្មាធិការ សិទ្ធិមនុស្ស​កម្ពុជា ( គ​.​ស​.​ម​.​ក ) និង​លោក​យឹម សៀ​ប អភិបាលរង​ខេត្ត តំណាង​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ព្រមទាំង​មានការ​ចូលរួម​ពី សមាជិក​បណ្តាញ​មនុស្ស​វ័យចាស់​កម្ពុជា មកពី ៦ រាជធានី​-​ខេត្ត (​រាជធានី​ភ្នំពេញ​, បាត់ដំបង​,​បន្ទាយមានជ័យ​,​សៀមរាប​, ពោធិ៍សាត់ និង ខេត្តកំពង់ធំ​) តំណាង​អង្គការ​ដៃគូ និង​អ្នកពាក់ព័ន្ធ​បុគ្គលិក អង្គការ​មនុស្ស​ចាស់​ក​ម្ពុ​ជា ជាច្រើន​នាក់ ។​

​វគ្គ​បណ្តុះបណ្តាល​នេះ មាន​គោលបំណង​សំខាន់ ដូចជា ស្វែងយល់​អំពី ស្ថានភាព​រស់នៅ របស់​មនុស្ស​ចាស់ នៅតាម​សហគមន៍ និង យន្តការ​គាំទ្រ របស់​សមាគម​មនុស្ស​ចាស់ ។ ស្វែងយល់ និង​ទទួលបាន​ចំណេះដឹង អំពី​សិទ្ធិមនុស្ស​ជាស​កល ច្បាប់​និង កិច្ច​អន្តរាគមន៍​នានា​នៅក្នុង​ប្រទេស​កម្ពុជា ។ – ពិភាក្សា និង​ស្វែងយល់ អំពី​តម្រូវការ ព្រមទាំង​អាទិភាព​សំខាន់ៗ របស់​មនុស្ស​ចាស់ ទាក់ទង​ទៅនឹង​សិទ្ធិមនុស្ស ។​

​វគ្គប​ណ្តុះ​បណ្តាញ​នេះ នឹង​ចែករំលែក អំពី​វឌ្ឍនភាព លទ្ធផល​ការងារ ដែល​បណ្តាញ​សម្រេចបាន នាពេល​កន្លងមក ព្រមទាំង​កំណត់​បញ្ហា​ប្រឈម និង​សកម្មភាព​អាទិភាព ព្រមទាំង​ស្វែងរក​កិច្ចសហការ ដើម្បី​ដោះ​ស្រាយ​បញ្ហា របស់​មនុស្ស​ចាស់ និង​ដើម្បី​ពង្រឹងសមត្ថភាព​សមាជិក​បណ្តាញ​ក្នុងការ​​ស្វែងរក​​​ការ​គាំទ្រ និង​រៀបចំ​ផែនការ​សកម្មភាព សម្រាប់​មនុស្ស​ចាស់​កម្ពុ​ជា ៕/V

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular