Home ព័ត៌មានសំខាន់ៗ ទេសាភិបាល​ធនា...

ទេសាភិបាល​ធនាគារជាតិ​អះអាង​ពី​សម្ពាធ​នៃ​វិបត្តិ​កូ​វីដ​-១៩ មកលើ​សេដ្ឋកិច្ច​

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​មានប្រសាសន៍ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២០ បាន​ទទួលរង​ការធ្លាក់ចុះ​អវិជ្ជមាន​ជា​លើកដំបូង ក្នុង​រយ​:​ពេល​ជាង ២​ទសវត្សរ៍​ចុងក្រោយ ដែលជា​ចម្បង​ដោយសារ ការធ្លាក់ចុះ​វិស័យ​ទេសចរណ៍ ការនាំចេញ​ផលិតផល​កាត់ដេរ និង​វិស័យ​សំណង់​។​

ទេសាភិបាល​ធនាគារជាតិ​អះអាង​ពី​សំពាធ​នៃ​វិបត្តិ​កូ​វីដ​-១៩ មកលើ​សេដ្ឋកិច្ច​

​ថ្លែង​នៅពេល ធនាគារជាតិ​នៃ​កម្ពុជា​បានរៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២០ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២១ នៅ​អគារ​ធនាគារជាតិ​នៃ​កម្ពុជា សែន​សុខ នៅថ្ងៃនេះ លោក​បាន​មានប្រសាសន៍ថា ទោះយ៉ាងណា កម្ពុជា​នៅតែ​អាច​សម្រេចបាន​នូវ​ស្ថិរភាព​ថ្លៃ​និង​អត្រា​ប្តូរប្រាក់ ហើយ​ទុនបម្រុង​អន្តរជាតិ​ត្រូវ​បានគរ​ពូន​ជា​លំដាប់​និង​មាន​កម្រិត​ខ្ពស់ជាង ៣​ដង​នៃ​កម្រិត​ដែល​ប្រទេស​កំពុងអភិវឌ្ឍន៍​គួរ​មាន​។​

​លោក បាន​ថ្លែងថា ទោះ​ស្ថិតក្នុង​ស្ថានភាព​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ វិស័យ​ធនាគារ​មាន​ស្ថិរ​ភាពរឹងមាំ និង​បាន​ចូលរួម​យ៉ាងសកម្ម ក្នុងការ​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច និង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​វិបត្តិ​មកលើ​អាជីវកម្ម​និង​ប្រជាជន​ក្រីក្រ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។​

លោក​បាន​បន្តថា ទំនើបកម្ម​ប្រព័ន្ធ​ទូទាត់​និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ថ្មី ក៏​នឹង​រួមចំណែក​គាំទ្រ​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឱ្យទៅជា​សេដ្ឋកិច្ច​ឌីជីថល​ផងដែ​។ ក្នុងចំណោម​ប្រព័ន្ធ​ទូទាត់​ដែល​កម្ពុជា​បានដាក់​ឱ្យប្រើ​ប្រាស់​កន្លង​មក ប្រព័ន្ធ​បាគង​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ប្លុក​ឆេន (Blockchain) ត្រូវបាន​អន្តរជាតិ​ទទួលស្គាល់ថា​ជា​ប្រព័ន្ធ​ទូទាត់​មួយ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយ​នៅលើ​ពិភពលោក និង​កំពុង​ក្លាយជា​ប្រព័ន្ធ​ទូទាត់​កន្លោង​មួយ ដែល​សម្រួល​ដល់​ការផ្ទេរ​ប្រាក់​និង​ទូទាត់​សង​ប្រាក់​ភ្លាមៗ រវាង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular