ដោយៈ ម៉េងឆៃ / ភ្នំពេញៈ អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ តុលាការក៏បានហាមមិនឲ្យថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំងនេះ ១១៨នាក់ ធ្វើនយោបាយក្នុងរយៈពេល ៥ឆ្នាំ គិតពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
ក៏ប៉ុន្តែរហូតមកដល់ពេលនេះមានអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិចំនួន១៤នាក់ហើយបានស្នើសុំនិងទទួលបាននីតិសម្បទា អាចធ្វើនយោបាយឡើងវិញ។ ក្នុងនោះ មុនគេ គឺលោកគង់គាំ និងកូនប្រុសរបស់លោក គឺលោក គង់ បូរ៉ាព្រមទាំងអតីតតំណាងរាស្ត្រ លោក សុន ឆ័យ លោក រៀល ខេមរិន្ទ្រ លោក ជីវ កត្តា លោក អ៊ូ ច័ន្ទរ័ត្ន ជាដើម។
រហូតមកដល់ខែមករា ឆ្នាំ២០២១ នេះ យ៉ាងហោចណាស់អតីតថ្នាក់ដឹកនាំ និងអតីតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ បានបង្កើតគណបក្សថ្មី ចំនួន ៣គណបក្ស រួចមកហើយ។ ក្នុងនោះ លោក គង់ គាំ បានទៅចូលរួមដឹកនាជាប្រធានកិត្តិយស គណបក្សឆន្ទៈខ្មែរ របស់កូនប្រុសពៅលោក។ រីឯលោក រៀល ខេមរិន្ទ្រ បានបង្កើតគណបក្សខ្មែរអភិរក្សនិយមនិងគណបក្សខ្មែរ ស្រលាញ់ជាតិ ដែលមានលោកអតីតតំណាងរាស្ត្រ ជីវ កត្តា ជាប្រធាននិងលោក កង គឹមហាក់ អតីតតំណាងរាស្ត្រអតីតគណបក្ស សង្គ្រោះជាតិ ជាអនុប្រធាន។
នៅពេលនេះទៀត អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្នបានប្រកាសពីគម្រោងបង្កើតគណបក្សថ្មី មួយដែរ។
លោក អ៊ូ ច័ន្ទរ័ត្ន ដែលជាអ្នកនយោបាយចេញពីគណបក្សសិទ្ធិមនុស្សរបស់លោក កឹមសុខាគ្រោងនឹងជួបពិភាក្សាជាមួយអតីតថ្នាក់ដឹកនាំ អតីតគណបក្សសង្គ្រោះជាតិមួយចំនួន ដែលទទួលបាននីតិសម្បទា ធ្វើនយោបាយឡើងវិញ ដើម្បីរៀបចំឯកសារ ដាក់ជូនក្រសួងមហាផ្ទៃ ស្នើសុំបង្កើតគណបក្សថ្មី ឆាប់ៗនេះ។
កាបញ្ជាក់របស់លោក អ៊ូ ច័ន្ទរ័ត្ន បានធ្វើឡើង ក្រោយពេលដែលលោកអស់ជំនឿជាមួយមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ពិសេសបន្ទាប់ពីលោកស្រី មូរ សុខហួរ អតីតអនុប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ មិនអាចធ្វើតាមអ្វី ដែលលោកស្រី ប្រកាសថា នឹងត្រឡប់មកប្រទេសកម្ពុជា នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។
ជាការពិតហើយ មិនមានខ្មោចងាប់ឯណា រស់ឡើងវិញនោះទេ។ យ៉ាងណាមិញ អតីតបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ ងាប់បាត់ទៅហើយ តាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក៏មិនអាចមានឈ្មោះគណបក្សនយោបាយនេះឡើងវិញបានទេ។ សូម្បីតែនៅប្រទេសថៃ ក៏ដូចគ្នា។ អតីតគណបក្សថៃរាក់ថៃរបស់លោកថាក់ស៊ីន ត្រូវបានរំលាយ ក្រោយលោកថាក់ស៊ីន ត្រូវបានគេធ្វើរដ្ឋប្រហារ ទម្លាក់ពីអំណាចជានាយករដ្ឋមន្ត្រី កាលពីខែកញ្ញា ឆ្នាំ២០០៦។
ក្រោយមក លោកថាក់ស៊ីន ដែលមិនបានចូលស្រុកថៃ បានបង្កើតគណបក្សថ្មីជាបន្តបន្ទាប់ ដើម្បីចូលរួមប្រជែងនយោបាយថៃ រហូតដល់ប្អូនស្រីរបស់លោក គឺលោកស្រី យ៉ីងឡាក់ បានចូលរួមប្រជែងការបោះឆ្នោត រហូតដល់ជាប់ឆ្នោត ក្លាយជានាយករដ្ឋមន្ត្រី ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៤។
ដូច្នេះការសម្រេចចិត្តរបស់អតីតថ្នាក់ដឹកនាំ និងអតីតតំណាងរាស្ត្ររបស់អតីតគណបក្សសង្គ្រោះជាតិក្នុងការស្នើសុំសិទ្ធិធ្វើនយោបាយ ឡើងវិញនៅមុនកំណត់រួមទាំងការរួមគ្នាបង្កើតគណបក្សថ្មីជាបន្តបន្ទាប់នេះជាការអនុវត្តនូវសិទ្ធិសេរីភាពដូចមានការកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងក៏ជាភាពវៃឆ្លាត ក្នុងនាមជាអ្នកនយោបាយខ្មែរ ដែលធ្វើនយោបាយ ដើម្បីប្រទេសជាតិ ប្រយោជន៍ប្រជាជនកម្ពុជា ចូលរួមលើកកម្ពស់សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។
ប៉ុន្តែក្រុមអ្នកឡាំប៉ា ចង់ឲ្យខ្មោចងាប់ហើយ រស់ឡើងវិញ ដែលចង់ស៊ីឈ្មោះអតីតបក្សសង្គ្រោះជាតិ នៅពេលនេះ អាចដឹងខ្លួនឯងច្បាស់ថា នៅពេលចេញមកបង្កើតបក្សថ្មី គឺមិនមានសង្ឃឹម អាចប្រជែងយកឈ្នះគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច មានប្រជាជនកម្ពុជាស្រឡាញ់គាំទ្រច្រើនលើសលុបបានទេ។ ដូច្នេះហើយ ចេះតែស្រែកឡាំប៉ា ថតបង្ហោះហ្វេសប៊ុកទៅ ដើម្បីកុំឲ្យគេថា ខ្លួនអត់ពេក ក៏ថាបាន។
យ៉ាងណាក៏ដោយ នៅពេលជិតបោះឆ្នោតឃុំសង្កាត់ នៅខែមិថុនា ឆ្នាំ២០២២ និងនៅពេលបោះឆ្នោតជាតិ អាណត្តិទី៧ នៅខែកក្កដា ឆ្នាំ២០២៣ នឹងមានការប្រែប្រួលលើក្រុមអតីតបក្សសង្គ្រោះជាតិ។ ពោលគឺនឹងមានអ្នកចាកចេញពីលោកសមរង្ស៊ី កាន់តែច្រើនថែមទៀត ដើម្បីមកធ្វើនយោបាយ បង្កើតបក្សថ្មី ហើយក្នុងនោះ ក៏មានទាំងលោកកឹមសុខា ផង៕សរន