ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​យោធា​សន្តិសុខ​២០២០ និង​ទិសដៅ​ការងារ​យោធា​សន្តិសុខ​២០២១

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​យោធា​សន្តិសុខ​២០២០ និង​ទិសដៅ​ការងារ​យោធា​សន្តិសុខ​២០២១ របស់​កងទ័ពជើងគោក រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​។​

​នៅក្នុង​កិច្ចប្រជុំ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បានធ្វើការ​កោតសរសើ​រ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ និង​យោធិន​ទាំងអស់​ក្នុង​ជួរ​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​ខិតខំ​ពុះពារ​ជម្នះ​នូវ​រាល់​ឧបសគ្គ ខិតខំ​សម្រេចបាន​នូវ​ស្នាដៃ និង​សមិទ្ធផល​គួរឱ្យកត់សម្គាល់​ជាច្រើន ដោយបាន​អនុវត្តតាម​តួនាទី និង​ភារកិច្ច​របស់ខ្លួន​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងនោះ​កម្លាំង​របស់​យើង​បាន​ពង្រឹង​ខឿន​ការពារជាតិ ម្ចាស់ការ​ក្នុងការ​បំពេញភារកិច្ច​ស្នូល​របស់ខ្លួន​មានដូចជា ការងារ​ការពារ​ព្រំដែន ការងារ​ហ្វឹកហ្វឺន អប់រំ​ចិត្តសាស្ត្រ បំប៉ន​មុខជំនាញ ការចូលរួម​លើ​កិច្ចការ​ស្តារ និង​អភិវឌ្ឍ​ជាតិ ព្រមទាំង​ចូលរួម​សហការ​ការពា​រ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ និង​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុង​ហេតុការណ៍​គ្រោះមហន្តរាយ​ផ្សេងៗ ធានា​ថែរក្សា​បាន​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សុវត្ថិភាព និង​ការអភិវឌ្ឍ​គួរ​ជាទី​មោទនៈ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា សមិទ្ធផល​ទាំងនេះ​បាន​កើតឡើង​ក្រោម​ការដឹកនាំ​ចង្អុលបង្ហាញ​ដ៏​ឈ្លាសវៃ​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួមជាមួយ​នឹង​ឥស្សរជន​របស់​ជាតិ​ជាច្រើនរូប​ទៀត ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន ក៏ដូចជា​ការចូលរួម​អនុវត្ត​តួនាទី​ភារកិច្ច​របស់​មេបញ្ជាកា​រ មេបញ្ជាការរង​គ្រប់លំដាប់​ថ្នាក់ នាយទាហាន នាយទាហានរង និង​ពលទាហាន កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ​ទាំងអស់ ហើយក៏​មិនអាច​កាត់ផ្តាច់​បាន​ពី​ការឧបត្ថម្ភ​គាំទ្រ​របស់​ស្ថាប័នរដ្ឋ និង​អង្គភាព​សម្ព័ន្ធមេត្រីភាព ជាពិសេស​ពី​សំណាក់​ប្រជាពលរដ្ឋ​យើង​តែម្តង​។​

ជាមួយគ្នានេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត សូម​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ និង​យោធិន​ទាំងអស់​ក្នុង​ជួរ​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ បន្ត​កិច្ចខិតខំ​ប្រឹងប្រែង ដោយ​ប្រកាន់យក​ការសម្រេចចិត្ត​ច្បាស់លាស់ និង​ប្រុងប្រយ័ត្ន ជាមួយនឹង​ការគិតគូរ​ពិចារណា​គ្រប់​ជ្រុងជ្រោយ ក្នុងការ​បំពេញ​តួនាទី និង​ភារកិច្ច​ក្នុងនាម​កងយោធពល​ខេមរភូមិន្ទ ស្របតាម​រដ្ឋធម្មនុញ្ញ​, ច្បាប់ និង​នយោបាយ​ការពារជាតិ​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា ដើម្បី​សម្រេចបាន​សមិទ្ធិផល​កាន់តែ​ល្អប្រសើរ​ជូន​ជាតិ ប្រជាជន និង​មាតុភូមិ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular