Home ព័ត៌មានសំខាន់ៗ រឿងរ៉ាវ​ចោទថា...

រឿងរ៉ាវ​ចោទថាស៊ីលុយ​ជា​ថ្នូរ​ចូល​ក្របខ័ណ្ឌ​ពេទ្យ​នៅ​បន្ទាយមានជ័យ ត្រូវបាន​បដិសេធ​

ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈលោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ច្រានចោល​ការចោទប្រកាន់​ដែលថា​មាន​អំពើពុករលួយ​សំណូក​សូកប៉ាន់​ចំនួន​១,៥​ម៉ឺន​ដុល្លារ​ក្នុង​បេក្ខជន​/​នារី​ម្នាក់ៗ​ដែលជា​មន្ត្រី​ជាប់កិច្ចសន្យា​និង​អ្នកស្ម័គ្រចិត្ត​បម្រើការ​ក្នុង​សេវា​សុខាភិបាល​ទាក់ទិន​ជំងឺ​កូ​វីដ​១៩ បាន​ចូល​ក្របខ័ណ្ឌ​ពេទ្យ​រដ្ឋ​ដោយ​ឥត​ប្រឡង​នៅ​ខេត្តបន្ទាយមានជ័យ ។​

លោក​វេជ្ជបណ្ឌិត​ឡេ​ច័ន្ទ​សង្វាត​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ(រូបថត)

​លោក​វេជ្ជបណ្ឌិត​ឡេ​ច័ន្ទ​សង្វាត​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​រសៀល​ថ្ងៃទី​២០​ខែមករា​នេះ​ថា​បន្ទាប់ពី​ទទួលបាន​ការណែនាំ​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា​និង​អ្នកស្ម័គ្រចិត្ត​កំពុង​បំពេញការងារ​ប្រយុទ្ធ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​របស់​ក្រសួងសុខាភិបាល​តាមរ​យៈ​ប្រព័ន្ធ​ហ្សូ​ម​(ZOOM)​កាលពី​ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០២០​មន្ទីរ​សុខាភិបាល​ខេត្ត​បានធ្វើ​ការប្រជុំ​ផ្សព្វផ្សាយ​បន្ទាន់​ជូន​ថ្នាក់ដឹកនាំ ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ មន្ទីរពេទ្យ​ខេត្ត និង​មន្ទីរពេទ្យបង្អែក​ស្រុក​ក្រុង​អំពី គោលការណ៍​និង​លក្ខខណ្ឌ​នៃ​ការជ្រើសរើស​,​បានធ្វើ​លិខិត​បង្គាប់កា​រ​បង្កើត​គណៈកម្មការ​ពិនិត្យ​ជ្រើសរើស​,​មាន​ប្រជុំ​ធ្វើ​កំណត់ហេតុ ។​
​គឺ​ចាប់​ទទួល​ពាក្យ​បន្ទាន់​និង​រយៈពេល​ខ្លី​ពីថ្ងៃ​ទី​២៤​ដល់​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០២០ វេលា​ម៉ោង​១៧:០០​ល្ងាច ជា​កំណត់​របស់​ក្រសួង សុខាភិបាល ។​

​ក្នុងនោះ​លក្ខខណ្ឌ​បេក្ខជន​/​នារី​ដែល​ត្រូវបាន​ដាក់ពាក្យ​ស្នើសុំ​ត្រូវមាន​៖​ទី​១​លិខិតធានា​អះអាង​ពី​អង្គភាព​សាមី​(​អាចជា​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​មន្ទីរពេទ្យ​ខេត្ត​ឬ​មន្ទីរពេទ្យបង្អែក​ស្រុក​ក្រុង​មណ្ឌល​សុខភាព​)​ថា​ពិតជា​មន្ត្រី​ជាប់កិច្ចសន្យា​និង​អ្នកស្ម័គ្រចិត្ត​កំពុង​បំពេញការងារ​ប្រយុទ្ធ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ ១៩​មួយច្បាប់​។​ទី​២​មាន​ប្រវត្តិរូប​សង្ខេប​ផ្ទាល់ខ្លួន​ដែល​បញ្ជា​ក់ដោយ​ប្រធាន​អង្គភាព​ដូចខាងលើ មួយច្បាប់ ។​ទី​៣ .​មាន​វិ​ញ្ញាប​ន​ប័ត្រ /​សញ្ញាប័ត្រ​បញ្ជាក់​បច្ចេក​ទេស​ជំនាញ​សុខាភិបាល ។​

​ចំពោះ​អ្នកស្ម័គ្រចិត្ត​កំពុង​បំពេញការងារ​ប្រយុទ្ធ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ ១៩ គឺ​គិតពី​ថ្ងៃ​ធ្វើការ​ក្នុងអំឡុង​ខែមីនា​ឆ្នាំ​២០២០ មកទល់​ថ្ងៃ​ដាក់ពាក្យ ហើយ​ត្រូវមាន​គណនេយ្យ​ធនាគារ​ដែល​បង្កើតឡើង​និង​ទទួលស្គាល់​ដោយ​ក្រសួងសុខាភិបាល ។​

​រីឯ​មន្ត្រី​ជាប់កិច្ចសន្យា​វិញ​មាន​២​ប្រភេទ​គឺ​ក​.​មន្ត្រី​ជាប់កិច្ចសន្យា​ដែល​ប្រើប្រាស​ពី​ថវិការដ្ឋ​និង​ខ​.​មន្ត្រី​ជាប់​សន្យា​ដែល​ប្រើស​ប្រាស់​ថវិកា​ហិរញ្ញប្បទាន​តាម​មន្ទីរពេទ្យ​ខេត្ត មន្ទីរ​រ​ពេទ្យ​បង្អែក​ស្រុក​ក្រុង​និង​មណ្ឌល​សុខភាព ។​

​លោក​វេជ្ជបណ្ឌិត​ឡេ ច័ន្ទ សង្វាត បាន​បន្តថា ក្នុង​ខេត្តបន្ទាយមានជ័យ​បេក្ខជន /​នារី​ដាក់ពាក្យ ហើយ​គ្រប់​ល​ក្ខ័​ខ័​ណ្ឌ​ត្រឹមត្រូវ រួច​មន្ទីរ​បាន​បញ្ជូន​ពាក្យស្នើសុំ​និង​លិខិត​បញ្ជី​ឈ្មោះ​ទៅ​ក្រសួង​សុខា​ភិ​បា​មាន​ចំនួន​១១២​នាក់​។​មន្ទីរ​គ្មាន​សិទ្ធិ​សម្រេច​ពី​លទ្ធផល​ជាប់​ធ្លាក់​របស់​បេក្ខជន​/​នារី​ឡើយ​។​មន្ទីរ​ក៏​គ្មាន​សិទ្ធិ​បញ្ជាក់ថា​ពិត​ឬ​ក្លែងក្លាយ​ចំពោះ​លិខិតបញ្ជាក់​,​វិញ្ញាបនបត្រ​ឬ​សញ្ញាប័ត្រ​បច្ចេកទេស​សុខា​ភិ​បាល​ដែរ ។​នោះ​ជា​សមត្ថកិច្ច​របស់​គណៈ​កម្ម​ការ​ក្រសួងសុខាភិបាល​ដែលមាន​នាយកដ្ឋាន​ធនធានមនុស្ស​ជាដើម ។​

​ទោះយ៉ាងណា​លោក​ក៏បាន​ប្រាប់​ទៅ​បេក្ខជន​/​នារី​វិញ​ដែរ​ថា ក្នុងចំណោម​អ្នកដាក់ពាក្យ​ចំនួន​១១២​នាក់​ពី​ខេត្តបន្ទាយមានជ័យ មិនអាច​ជាប់​ទាំងអស់គ្នា​ទេ​ព្រោះ​ទូទាំងប្រទេស​ជ្រើសរើស​៣.០០០​នាក់​។​ដូច្នេះ​បើ​អ្នកដាក់ពាក្យ​សរុប​លើស​ចំនួន​កំណត់​នេះ​នឹងមាន​អ្នក​ជាប់​និង​អ្នកធ្លាក់​ហើយ ។ ប៉ុន្តែ​សម្រាប់​ខេត្តបន្ទាយមានជ័យ​ដែល​ខ្វះ គ្រូពេទ្យ​រដ្ឋ លោក​ចង់​ឲ្យ​បាន​ជាប់​ទាំងអស់ ។​

​លោក​បញ្ជាក់ថា​មកទល់​ពេលនេះ​លទ្ធផល​មិនទាន់​ចេញ ហើយ​លោក​ផ្ទាល់​និង​មន្ត្រី​ក៏​មិនដឹង​ជា​ទៅ​ទទួល​សំណូក​១,៥​ម៉ឺន​ដុល្លារ ហើយ​ធានាថា​ជាប់​ដូចម្តេច​ដែរ ។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​១៥​ខែធ្នូ​ឆ្នាំ​២០២០​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ណែនាំ​ឲ្យ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ម៉ម ប៊ុន ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​.​លោក​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី​អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ សិក្សា​លទ្ធភាព​ដើម្បី​បង្កើន​ក្របខ័ណ្ឌ គ្រូពេទ្យ បន្ថែម ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​.១៩​។​

​ករណីនេះ​មាន​សារព័ត៌មាន​ក្នុងស្រុក​និង​បណ្តាញ​សង្គម​ខ្លះ​បាន​ចោទប្រកាន់ថា​យក​ស្មារតី​នេះ ធ្វើជា​ខែល ដើម្បី​កេងចំណេញ ប្រមូល​លុយ​ពុករលួយ​ពី​បេក្ខជន​/ នារី​មាន​លុយ​ចូល​ហោប៉ៅ​ខ្លួន ក៏បង្ក​បាក់​ទឹកចិត្ត​អស់សង្ឃឹម​ដល់​បេក្ខជន នារី​គ្មាន​លុយ ។​
​ក្នុងនោះ មន្ត្រី​ជាប់កិច្ចសន្យា​និង​អ្នកធ្វើ​ពេទ្យ​ស្ម័គ្រចិត្ត​ជួរមុខ​ប្រឆាំង​សមរភូមិ​កូ​វីដ​១៩ ហើយ​អាចមាន​សមត្ថភាព​ពិតប្រាកដ​នៅ​ខេត្ត បន្ទាយមានជ័យ បាន​ខូចចិត្ត ។​

ពួកគេ​ថា បាន​ព្រួយបារម្ភ​ប្រឈម​ធ្លាក់ មិន​ជាប់​ឈ្មោះ ចូល​ក្របខ័ណ្ឌ​ក្រសួងសុខាភិបាល​ទេ​ព្រោះ​មិនមាន​ប្រាក់​ចំនួន ១៥.០០០​ដុល្លារ​បង់​ជូន​ប្រធាន​មន្ទីរ​សុខាភិបាល​។​

ឆ្លើយតប​នឹង​ការចោទប្រកាន់​អំពើពុករលួយ​នេះ មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​នា​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២០ បានចេញ​លិខិត​បដិសេធ​និង​ច្រានចោល​ទាំងស្រុង​រឿង​ចោទប្រកាន់ថា​ខ្លួន​យកលុយ​១៥.០០០​ដុល្លារ​ដើម្បី​រត់ការ​ចូល​ក្របខ័ណ្ឌ​ពេទ្យ​រដ្ឋ​។ ក្នុង​លិខិត​បដិសេធ​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ បានចាត់ទុក​ដំណឹង​នោះ​ថា គឺជា​ព័ត៌មាន​មិន​ពិត មួលបង្កាច់​បំបែកបំបាក់​សាមគ្គី​ផ្ទៃក្នុង​ធ្វើ​ឲ្យ​មាន​ការបាក់​ទឹកចិត្ត​ចំពោះ​មន្ត្រី​ជាប់កិច្ចសន្យា​សុខាភិបាល​ដែល​កំពុង​ខិតខំ​បំពេញការងារ​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​ពិសេស​ប៉ះពាល់​កិត្តិយស​សេចក្តីថ្លៃថ្នូរ​ដ៏​ធ្ងន់ធ្ងរ​របស់​ថ្នាក់ដឹកនាំ​និង​អង្គភាព​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular