ដោយៈ បូកគោ / កំពតៈ អភិបាលខេត្តកំពត បានបញ្ជាក់ថាៈ ការពង្រីក និងបង្កើនប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ជារឿងល្អប្រពៃ សម្រាប់កិច្ចអភិវឌ្ឍន៍មូលដ្ឋាន នាពេលអនាគត។ ប៉ុន្តែអាជ្ញាធរ និងជំនាញ ត្រូវគិតពីលទ្ធភាព ដែលអាចធ្វើបាន ជៀសវាងការគ្រោងទុកនោះ ហួសពីសមត្ថភាព បង្កឱ្យមានពាក្យរិះគន់។
នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ គណៈកម្មាធិការសុរិយោដី ខេត្តកំពត បានបើកកិច្ចប្រជុំពិភាក្សា ស្តីពីការកំណត់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងភូមិចំនួនពីរ នៃស្រុកបន្ទាយមាស ដើម្បីបិទផ្សាយទិន្នន័យ ជាសាធារណៈ មុននឹងឈានទៅចេញ ប័ណ្ណសម្គាល់ អចលនទ្រព្យ ជូនប្រជាពលរដ្ឋ។
លោក ជាវ តាយ អភិបាលខេត្តកំពត
ថ្លែងក្នុងកិច្ចប្រជុំ ខាងលើ លោក ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថាៈ ការបម្រុងទុកនូវផ្ទៃដី សម្រាប់ស្ថាបនា និងបង្កើនហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា ការពង្រីកបណ្តាញផ្លូវ នៅមូលដ្ឋាន ជាប្រការល្អបំផុត ដើម្បីងាយស្រួល ក្នុងកិច្ចអភិវឌ្ឍន៍ នាពេលខាងមុខ។ ជាមួយនេះ ទាំងអាជ្ញាធរ និងមន្ត្រីជំនាញ ក៏មិនត្រូវបំភ្លេច អំពីបញ្ហាប្រឈម ដែលអាចនឹងកើតឡើង ដោយសារការបម្រុងទុក មានទំហំធំ បែរជាគ្មានលទ្ធភាពធ្វើបាន។ ខណៈនោះហើយ ដែលបង្កឱ្យមានការិះគន់ ឬភាពថ្នាំងថ្នាក់ ពីមជ្ឈដ្ឋាននានា ព្រោះតែការប៉ាន់ប្រមាណ មិនបានច្បាស់លាស់។
លោកអភិបាលខេត្ត បានបញ្ជាក់ថាៈ កិច្ចការទាំងនេះ តម្រូវឱ្យមានការយកចិត្តទុកដាក់ គិតគូរ ក៏ដូចជា ពិភាក្សាយ៉ាងល្អិតល្អន់ ពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ មុននឹងឈានទៅកំណត់ ពីចក្ខុវិស័យ ដើម្បីបញ្ចៀស នូវវិប្បដិសារី។ និយាយរួម បើការអនុវត្តបានជោគជ័យ ស្របតាមគោលដៅ ដែលបានព្រាងទុក នោះ ការរីកចម្រើន និងភាពជឿជាក់ របស់ប្រជាពលរដ្ឋមូលដ្ឋាន ចំពោះថ្នាក់ដឹកនាំ នឹងកើតមានជាក់ជាមិនខាន។
កិច្ចប្រជុំពិភាក្សា ស្តីពីការកំណត់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងភូមិចំនួនពីរ នៃស្រុកបន្ទាយមាស
សូមបញ្ជាក់ថាៈ កិច្ចប្រជុំនេះ បានលើកយកភូមិច្រកឃ្លៃ ស្ថិតក្នុងឃុំបន្ទាយមាស ខាងលិច និងភូមិអង្គម្លី របស់ឃុំបន្ទាយមាស ខាងកើត មកពិភាក្សា។ ក្នុងនោះ ភូមិច្រកឃ្លៃ មានគម្រោងពង្រីក និងស្ថាបនាផ្លូវ ទំហំចាប់ពី ៣ម៉ែត្រ ទៅ ១២ម៉ែត្រ ចំនួន ២១ខ្សែ និងប្រព័ន្ធប្រឡាយទឹក ៧ខ្សែ។ ដោយឡែក ភូមិអង្គម្លី មានបណ្តាញផ្លូវ ចំនួន ៨ខ្សែ និងប្រព័ន្ធប្រឡាយទឹ ៨ខ្សែ៕/V
ការពង្រីក និងបង្កើនហេដ្ឋារចនាសម្ព័ន្ធ ជារឿងប្រពៃ សម្រាប់អភិវឌ្ឍន៍ មូលដ្ឋាននាអនាគត
ការពង្រីក និងបង្កើនហេដ្ឋារចនាសម្ព័ន្ធ ជារឿងប្រពៃ សម្រាប់អភិវឌ្ឍន៍ មូលដ្ឋាននាអនាគត
ការពង្រីក និងបង្កើនហេដ្ឋារចនាសម្ព័ន្ធ ជារឿងប្រពៃ សម្រាប់អភិវឌ្ឍន៍ មូលដ្ឋាននាអនាគត