ដោយ: ប.ជ័យ / បន្ទាយមានជ័យ: នគរបាលព្រហ្មទ័ណ្ឌស្រុកមង្គលបូរី បានបំបែកសំណុំរឿងករិក្មេងទំនើងយកដុំថ្មគប់កញ្ចក់រថយន្ត និងប្រើប្រាសដែលកើតឡើង១ករណីទៀត គឺឃាត់ក្មេងទំនើងចំនួន០៤នាក់ រួចបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ខែមករា ឆ្នាំ២០២១។
លោកវរសេនីយ៍ឯកស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថ្ងៃទី២០ខែមករាថា៖ កាលពីម៉ោង១០និង៥២នាទីព្រឹក ថ្ងៃទី១៧ខែមករា ឆ្នាំ២០២១ មានក្រុមក្មេងទំនើង១ក្រុម បានធ្វើសកម្មភាពជិៈម៉ូតូដេញវ៉ារថយន្ត០១គ្រឿង ម៉ាកស៊ីណា ពណ៌ទឹកប្រាក់ ផលិតឆ្នាំ២០០៤ ពាក់ស្លាកលេខភ្នំពេញ.2AD.5103 បើកបរដោយឈ្មោះ ឆាង ចន្ថា ភេទប្រុសអាយុ ៣៧ឆ្នាំ (ទីលំនៅនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប )ដែលធ្វើដំណើរលើផ្លូវចជាតិលេខ១៥៦D ពីសៀមរាបទៅបាត់ដំបង។ ពេលដល់ចំណុចភូមិប្រឡាយហ្លួងក្រោម ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ក្រុមក្មេង០៤នាក់នេះ បានយកដុំថ្មគប់កញ្ចក់រថយន្តខាងក្រោយផ្នែកខាងឆ្វេង បណ្តាលអោយបែក រួចជិៈគេចខ្លួនទៅ ។
ឈ្មោះ ឆាង ចន្ថា ជាម្ចាស់រថយន្តបានប្តឹងថា នៅមុនពេលកើតហេតុ គាត់បើករថយន្តមកកន្លែងកើតហេតុ ឃើញក្រុមក្មេង០៤នាក់នេះ ជិៈម៉ូតូ០២គ្រឿងសន្ទឹមគ្នាលើផ្លូវជាតិ ។
ពេលនោះគាត់បានស៊ីផ្លេរសុំផ្លូវ រួចបើកវ៉ាជែងម៉ូតូពួកគេ។ ប៉ុន្តែ ក្មេងទំនើងទាំង០៤នាក់នេះ បានបើកម៉ូតូវ៉ារថយន្តវិញដោយម៉ូតូ០១បើករ៉េរ៉មុខរថយន្តនិង០១គ្រឿងទៀត អ្នកជិៈពីក្រោយមានដុំថ្ម០២ដុំ បានគប់ទៅលើរថយន្តបណ្តាលឲ្យបែកកញ្ចក់ខាងក្រោយផ្នែកខាងឆ្វេង។
ដោយ៖អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនិតិវិធីពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត បន្ទាយមានជ័យ កម្លាំងនគរបាលស្រុកមង្គលបូរី បានធ្វើការស្រាវជ្រាវនិងឈានដល់ចាប់ឃាត់ខ្លួនក្រុមក្មេងទំនើងទាំង០៤នាក់ នៅវេលាម៉ោង០៥និង២០នាទីល្ងាចថ្ងៃទី១៨ខែមករា ឆ្នាំ២០២១ ។
ជនសង្ស័យក្មេងទំនើង រួមមានឈ្មោះ ០១/-ប្រុស វ៉ាន់នី ហៅបាក់ ភេទប្រុសអាយុ១៥ឆ្នាំ ជាអ្នកធ្វើសកម្មភាពគប់កញ្ចក់រថយន្ត,០២/-ម៉ិច សំប៉ាន ភេទប្រុសអាយុ១ឲ២០ឆ្នាំ,០៣/-វ៉ា ឆៃរ៉ាក់ ភេទប្រុសអាយុ១៦ឆ្នាំ។ ទាំង០៣នាក់នេះ នៅភូមិបឹងវែង ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និង០៤/-ឈ្មោះសុំ ថាវរី ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិដូនច្រែង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ពួកគេបានសារភាពពីទង្វើរបស់ពួកគេ ហើយថាមកពីពួគេខឹងនឹងម្ចាស់រថយន្តដែលមិនត្រឹមតែសុីផ្លេទេ ថែមបើកជែងម៉ូតូពួកគេក្នុងដែន ទឹកដីលំនៅដ្ឋានរបស់ពួកគេ ធ្វើអោយពួកគេខូូចឥទ្ធិពលជាបងធំក្នុងភូមិ ។និងម្យ៉ាងទផត មកពីពួកគេញៀនគ្រឿងញៀន ដែលនាំអោយចិត្តទៅហ៊ាននិងសាហាវ ។
លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា៖ដោយផ្អែកទៅលើបណ្តឹងរបស់ជនរងគ្រោះជាម្ចាស់រថយន្តនិងតាមចម្លើយសារភាពរបស់របស់ក្រុមក្មេងទាំង០៤នាក់ បច្ចុប្បន្នកម្លាំងនគរបាលជំនាញ បានរៀបចំសំណុំរឿងបញ្ជូនក្រុមក្មេងទាំង០៤នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ខែមករាឆ្នាំ២០២១ ។
សូមរំលឹកថា លើកំណាត់ផ្លុវខេត្តលេខ១៥៦D (ព្រះនេត្រព្រះ-មង្គលបូរី )នៅម្តុំភូមិស្រមោចឃុំព្រះនេត្រព្រះនិងឃុំគយម៉ែងស្រុកមង្គលបូរី) តែងកើតឡើងករណីក្មេងទំនើងស្ទាក់រថយន្តគប់កញ្ចក់ ។
ប៉ុន្តែ បន្ទាប់មក នគរបាលបានតស៊ូបំបែកក្តីនោះបានបន្តបន្ទាប់ដែរ ។
ទោះយ៉ាង នៅករណីក្មេងទំនើង គប់បំបែកកញ្ចក់ឡានលោកវរសេនីយ៍នាយការិយាល័យប្រឆាំងបទល្មើសដេដ្ឋកិច្ចខេត្ត កាលពីថ្មីនេះ នៅបំបែកមិនទាន់បានដែរ ៕