ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន៖ចូ បៃដិន បានប្រកាសថា«លទ្ធិប្រជាធិបតេយ្យមានឥទ្ធិពល»វិញហើយបន្ទាប់ពីលោកបានស្បថចូកាន់តំណែងប្រធានាធិបតីទី៤៦របស់សហរដ្ឋអាម៉េរិក។
ពិធីចូលកាន់តំណែងរបស់លោកបៃដិនកើតឡើងចំពេលប្រទេសជាតិជួបភាពច្របូកច្របល់និងមិនប្រាកដប្រជានៅវិមានកាពីតូលដែលទើបរងការឡោមព័ទ្ធនិងចូលលុកលុយពីសំណាក់បាតុករគាំទ្រលោកត្រាំ។
លោកបាននិយាយថា «បំណងរបស់ប្រជាជនត្រូវបានស្តាប់និងត្រូវបានយកចិត្តទុកដាក់។យើងបានរៀនសូត្រជាថ្មីថា លទ្ធិប្រជាធិបតេយ្យមានតំលៃហើយលទ្ធិប្រជាធិបតេយ្យមិនរឹងមាំងាយនឹងបែកបាក់។នៅម៉ោងនេះ មិត្តរបស់ខ្ញុំ លទ្ធិប្រជាធិនតេយ្យមានឥទ្ធិពលឡើងវិញហើយ។នេះជាថ្ងៃរបស់អាម៉េរិក នេះជាថ្ងៃប្រជាធិបតេយ្យ។ថ្ងៃក្នុងប្រវត្តិសាស្ត្រនិងក្តីសង្ឃឹម និងការចាប់ផ្តើមតាំងចិត្តជាថ្មី»។
លោកប្រធានាធិបតី បន្ទាប់មកងាកទៅរកការប្រឈមដែលកំពុងរង់ចាំ ដោយបានទទួលស្គាល់កំណើននៃការឆ្លងវីរុសកូរ៉ូណាដែលបានឆក់យកអាយុជីវិតពលរដ្ឋអាម៉េរិកអស់ជាង៤សែននាក់។
បៃដិន ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាម៉េរិកទី៤៦កាលពីថ្ងៃ២០មករា
បៃដិន រង់ចាំចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិនៅវិមានពងក្រពើកាលពីថ្ងៃ២០មករា ហើយអ្វីដែលលោកនឹងចុះហត្ថលេខាមុនគេគឺបញ្ហាទាក់ទងនឹងជំងឺកូវីដ១៩
ទោះជាអតីតប្រធានាធិបតីអាម៉េរិក៣រូបទៀត រួមមានលោកប៊ីល គ្លីនតុន លោកចច ដាប់បលយូ ប៊ូស និងលោកបារ៉ាក់ អូបាម៉ា បានជួបជុំគ្នាធ្វើជាសាក្សីនៃការផ្ទេរអំណាចនេះ ក៏អតីតប្រធានាធិបតីត្រាំ បានធ្វើដំណើរទៅកាន់រដ្ឋផ្លរីដា ក្រោយពីបានបញ្ឆេះទុក្ខសោកក្នុងចំណោមអ្នកគាំទ្រលោកជាមួយនឹងពាក្យកុហកថា ការឈ្នះឆ្នោតរបស់បៃដិន ខុសច្បាប់។
លោកបៃដិន មិនបាននិយាយចំឈ្មោះត្រាំទេក្នុងសុន្ទរកថាស្បថចូលកាន់តំណែងរបស់លោក តែបាននិយាយបញ្ឆិតបញ្ឆៀងអំពីការបែកបាក់ដែលអ្នកកាន់តំណែងពីមុនរបស់បានជួយបង្កើតឡើង។លោកបាននិយាយថា «ខ្ញុំដឹងកម្លាំងដែលបំបែកបំបាក់យើង វាជ្រៅនិងជាក់ស្តែងណាស់។តែខ្ញុំក៏ដឹងថាវាក៏មិនថ្មីដែរ។ប្រវត្តិសាស្ត្ររបស់យើងគឺជាការតស៊ូជាប់ជាប្រចាំរវាងឧត្តមគតិអាម៉េរិកដែលយើងត្រូវបានបង្កើតឡើងមកស្មើភាពគ្នា និងភាពឃោរឃៅ តថភាពដ៏អាក្រក់នៃកាប្រកាន់ជាតិសាសន៍ កំណើតនិយម ការភ័យខ្លាច បិសាចនិយមដែលបានហែកហួរយើងជាចំរៀក»។
បៃដិន បានចូលកាន់តំណែងជាមួយនឹងបទពិសោធន៍ជ្រាលជ្រៅបានមកពីការស្ថិតនៅធ្វើការក្នុងក្រុងវ៉ាស៊ីនតោនអស់៤ទសវត្សរ៍ ។ក្នុងអាយុ៧៨ឆ្នាំ លោកជាប្រធានាធិបតីចាស់ជាងគេដែលស្បថចូលកាន់តំណែង។
ប្រវត្តិសាស្រច្រើនទៀតបានចារទុកខាងក្រុមលោក គឺថា កាម៉ាឡា ហារីស បានក្លាយជាអនុប្រធានាធិបតីអាម៉េរិកស្ត្រីដំបូងគេ។អតីតសមាជិកព្រឹទ្ធសភារដ្ឋកាលីហ្វ័រញ៉ារូបនេះ ក៏ជាជនស្បែកខ្មៅដំបូងនិងជាមនុស្សទី១មកពីអាស៊ីខាងត្បូង ដែលជាប់ឆ្នោតជាអនុប្រធានាធិបតីអាម៉េរិក។
លោកត្រាំក្នុងសម្តីលាគ្នាចុងក្រោយរបស់លោក លោកបានព្រលយពាក្យអំពីការវិលមកវិញខាងផ្នែកនយោបាយ ។លោកបាននិយាយដូច្នេះថា «យើងនឹងវិលកវិញជាទម្រង់ណាមួយ»។
តែគ្មានអ្វីត្រូវសង្ស័យទេ ស្រមោលរបស់លោកត្រាំនឹងជះមកលើបៃដិននៅប៉ុន្មានថ្ងៃដំបូងនៃការចូលកាន់តំណែង។សវនាការចោទប្រកាន់អតីតប្រធានាធិបតីត្រាំលឿនបំផុតអាចចាប់ផ្តើមនៅសប្តាហ៍នេះ ដែលវានឹងជាការធ្វើតេស្តិ៍លទ្ធភាពរបស់ព្រឹទ្ធសភាដែលទើបធ្លាក់មកនៅក្រោមការគ្រប់គ្រងរបស់ក្រុមប្រជាធិបតេយ្យ។ព្រឹទ្ធសភាត្រូវបញ្ជាក់ថាតើត្រូវដំណើរការការចោទប្រកាន់អតីតប្រធានាធិបតីរូបនេះនៅសភាដែរឬអត់ និងបន្ទាប់មកត្រូវបោះឆ្នោតលើគណៈរដ្ឋមន្ត្រីរបស់បៃដិន៕
បៃ ដិន និងកាម៉ាឡា ហារីស ព្រមទាំងគ្រួសារធ្វើដំណើរចូលសេតវិមានកាលពីថ្ងៃ២០មករា