លោក​សម សេរី មេដឹកនាំ​ចលនា​រណសិរ្ស​រំដោះ​ជាតិខ្មែរ​ត្រូវបាន​ចាប់ខ្លួន​នៅ​ប្រទេស​ថៃ

2369
ចែករម្លែក


ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បាន​ប្រាប់រស្មី​កម្ពុជា នៅយប់ថ្ងៃទី២៥មេសាមុននេះ​បន្តិច​ថា សមត្ថកិច្ច​ថៃ​បាន​ចាប់ខ្លួន​លោក សម សេរី មេដឹកនាំ​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ នៅ​យប់​ថ្ងៃទី​២៥ ខែមេសា​នេះ​ខណៈដែល​មេដឹកនាំ​រូបនោះ​ចូលមកក្នុង​ទឹកដី​ថៃ​។​សមត្ថកិច្ច​កម្ពុជា​កំពុងធ្វើការ​ទាក់ទង​ជាមួយ​ភាគី​ថៃ ដើម្បី​នាំខ្លួន​ឈ្មោះ សម សេរី មក​កម្ពុជា​។​

​មន្ត្រី​ដដែល​បាន​បញ្ជាក់ថា ឈ្មោះ សម សេរី និង​សមាជិក​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ ចំនួន​៥​នាក់ គឺមាន​ដីកា​តាម​ស្វែងរក​ចាប់ខ្លួន​។​

​ក្រុម​រណសិរ្ស​រំដោះជាតិ ដែលជា​មុខសញ្ញា​តាមរក​ចាប់ខ្លួន មានដូចជា ១.​ឈ្មោះ ថាច់ បាន​។ ២.​ឈ្មោះ អាន វិចិត្រ​។ ៣.​ឈ្មោះ ផុន ប្រាក់​ផាប​។ ៤.​ឈ្មោះ វន វុ​ធ​។ អ្នក​ទាំង​៤ នៅ​ប្រទេស​ថៃ​។ ៥.​ឈ្មោះ សោម សុវណ្ណារ៉ា នៅ​កាណាដា និង​៦.​ឈ្មោះ សម សេរី ប្រធាន​រណសិរ្ស​រំដោះជាតិ​។​

​គួរ​បញ្ជាក់ថា លោក សម សេរី គឺជា​ប្រធាន​ចលនា​រណសិរ្ស​រំដោះជាតិ ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ដា​ណា​ម៉ាក​។ លោក​សម សេរី ក៏បាន​បង្កើត​រដ្ឋាភិបាល​ស្រមោល នៅក្រៅ​ប្រទេស​ផងដែរ​។ សមាជិក នៃ​ចលនា​រណសិរ្ស​រំដោះជាតិ មួយចំនួន​ត្រូវបាន​ចាប់ខ្លួន​នៅ​ភ្នំពេញ ដោយ​ប្រព្រឹត្ត​បទល្មើស និង​បង្កចលាចល​នៅក្នុង​សង្គម​៕

​គួរ​បញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងឱកាស​អញ្ជើញ​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង (NUM) នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែ មេសា​កន្លងទៅ បាន​បញ្ជាក់ថា “​យប់មិញ​ខ្ញុំ​បាន​បញ្ចេញ​ព័ត៌មាន​សម្ងាត់​មួយ ហើយ​ចៅហ្វាយក្រុង​ក៏បាន​ដឹង រួចហើយ​ដែរ “​។​សម្តេច​បន្តថា​អា​ក្បត់ជាតិ​ម្នាក់​ឈ្មោះ សម សេរី បាន​បញ្ជា​មក​កម្លាំង​វា​នៅ​ទីក្រុង​ភ្នំពេញ រៀបចំ​បង្ក​ឲ្យ​មានការ​រំខាន​និង​សម្លេង​ផ្ទុះ​នៅក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១២ ខែមេសា​នេះ ។ តែ​យើង​បាន​ក្តាប់​ព័ត៌មាន​នេះ​បាន​អស់ហើយ​។​

​សម្តេច​បាន​បន្តទៀតថា សម្រាប់​អា​អ្នកទទួល​បញ្ជា​នៅ​ភ្នំពេញ វា​ថា​មិនអាច​ធ្វើទៅ​រួច​ទេ ។​ក៏ប៉ុន្តែ អាច​វា​បញ្ជា​ទៅ​អា​អ្នកផ្សេង​ឲ្យ​ធ្វើ​។ ដូចជា​វា​អាចធ្វើ​នៅ​កន្លែង​ផ្សេង​។ វា​អាចធ្វើ​នៅ​ភ្នំពេញ ឬ សៀមរាប​៕​មន​