ប្រែសម្រួល : កញ្ញាដាលីស ៖ សហស្ថាបនិកក្រុមហ៊ុន Alibaba និងក្រុមហ៊ុន Ant លោក ជែក ម៉ា បានលេចមុខសាជាថ្មី បន្ទាប់ពីបាត់មុខបាត់មាត់ជាច្រើនខែដែលនេះបានលុបចោលទាំងស្រុងនូវការសង្ស័យខ្លាំងអំពីទុក្ខលំបាករបស់មហាសេដ្ឋីរូបនេះដែលកំពុងប្រឈមនឹងការឃ្លាំមើលកាន់តែខ្លាំងឡើងលើអាណាចក្រអ៊ីនធឺណេតរបស់គាត់។
សហគ្រិនល្បីឈ្មោះបំផុតនៅប្រទេសចិនរូបនេះបានថ្លែងទៅកាន់គ្រូបង្រៀនមួយចំនួននៅក្នុងសន្និសីទតាមអ៊ីនធឺណេតនៅថ្ងៃពុធ ទី២០ មករានេះដែលជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមហាសេដ្ឋីរូបនេះរៀបចំឡើងដើម្បីទទួលស្គាល់សមិទ្ធិផលរបស់គ្រូបង្រៀនតាមជនបទ។
កាសែត Tianmu News បានរាយការណ៍នៅថ្ងៃពុធនេះថា ក្នុងកិច្ចប្រជុំនេះលោកម៉ាបានជួបគ្រូនៅតាមជនបទចំនួន ១០០ នាក់។
មូលនិធិជែកម៉ាបាននិយាយថាលោកម៉ាបានចូលរួមក្នុងកម្មវិធីគំនិតផ្តួចផ្តើមគ្រូបង្រៀនតាមជនបទតាមអ៊ីនធឺណេតនៅថ្ងៃពុធនេះ។ ក្រុមហ៊ុន Alibaba Group ក៏បានបញ្ជាក់ថាលោកម៉ាបានចូលរួមព្រឹត្តិការណ៍តាមអនឡាញនេះផងដែរ។
នៅក្នុងវីដេអូដែលមានរយៈពេល ៥០ វិនាទី លោកម៉ាដែលស្លៀកពាក់អាវធំអត់ក្រវាត់ក បាននិយាយដោយផ្ទាល់ទៅកាន់កាមេរ៉ាពីក្នុងបន្ទប់ដែលមានជញ្ជាំងថ្មម៉ាបពណ៌ប្រផេះនិងកម្រាលព្រំឆ្នូត។ គេមិនដឹងច្បាស់ថាតើវីដេអូថតនៅកន្លែងណានោះទេ៕
លោកម៉ាលេចមុខជាថ្មីក្រោយបាត់ខ្លួនជាច្រើនខែ