Home ព័ត៌មានសំខាន់ៗ រដ្ឋមន្ត្រី​ព...

រដ្ឋមន្ត្រី​ពីររូប​ត្រូវបានតែងតាំង​បន្ថែម​ជា​អនុប្រធាន​គណៈកម្មការ អន្តរក្រសួង​ស្ថាបនា​ផ្លូវ​នៅ​ក្រុង​សៀមរាប​

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​យោងតាម​តម្រូវការ​ចាំបាច់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ បានសម្រេច​តែងតាំង​បន្ថែម​សមាសភាព​គណៈកម្មការ អន្តរក្រសួង ដើម្បី​សិក្សា​និង​អនុវត្ត​គម្រោង ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប​ខេត្តសៀមរាប​ចំនួន​២​រូប ធ្វើឱ្យ​គណៈកម្មការ​អន្តរក្រសួង​នេះ មាន​សមាសភាព​សរុប​កើន​ដល់​ចំនួន​២០​រូប​។​

​សមាសភាព​ដែល​បានតែងតាំង​បន្ថែម​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​តាមរយៈ​លិខិត​លេខ​០៤​សសរ នេះ គឺ​បណ្ឌិត​សភាចា​រ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​ជា​អនុប្រធាន និង ក​ត្តិ​បណ្ឌិត លឹម គាន ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង ឧតុនិយម ជា​អនុប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​សិក្សា​និង​អនុវត្ត​គម្រោង ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប​ខេត្តសៀមរាប​។​

​គណៈកម្មការ អន្តរក្រសួង ដើម្បី​សិក្សា និង​អនុវត្ត​គម្រោង ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​រាជរដ្ឋាភិបាល​បាន​បង្កើតឡើង​កាលពី​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២០ មាន​សមាស ភាព​ចំនួន​១៨​រូប ដោយ មាន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ជា​ប្រធាន​, លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគ រូបនីយកម្ម និង​សំណង់​ជា​អនុប្រធាន​, លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជា​អនុប្រធាន​អចិន្ត្រៃយ៍ និង​រដ្ឋមន្ត្រី​រដ្ឋលេខា អគ្គនាយក និង​អភិបាលខេត្ត​ចំនួន​១៥​រូប​ផ្សេងទៀត​ជា​សមាជិក​។​

​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប​ខេត្តសៀមរាប និង​ស្ទឹង​សៀ​ប​ក្រុង​សៀមរាប បាន​បើ​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​ដោយ​គិត​មកដល់​ត្រឹម ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ សម្រេចបាន​លទ្ធផល​ការងារ​ប្រមាណ​ជា​១៤.២៧ ភាគរយ​នៃ​គម្រោង​ទាំងមូល​។​

​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ ដែលមាន​សរុប​ប្រវែង​១០៨,៧៤​គីឡូម៉ែត្រ និង ស្តារ​-​កែលម្អ​ដងស្ទឹង​សៀមរាប ក្នុង​ក្រុង​សៀមរាប ដែល​នឹងចូលរួម​សម្រួល​ចរាចរណ៍ លើកកម្ពស់​សោភ័ណភាព​ទីក្រុង​ទាក់ទាញ​ភ្ញៀវទេសចរ និង​វិនិយោគិន និង ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព​។​
​ការស្ថាបនា​ហេ​ដ្ឋា​សម្ព័ន្ធ​ផ្លូវ​ក្រុង មាន​ជាអាទិ៍ ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង និង​ទឹក​កខ្វក់ ផ្លូវថ្នល់ ផ្លូវ​ថ្មើរជើង ការរៀបចំ​កែលម្អ​ដងស្ទឹង​សៀមរាប លម្ហ​សាធារណៈ ជាដើម ដោយ​គោរព​តាម​គោលការណ៍​នគរូបនីយកម្ម​នឹង​ធានា​នូវ​សុខដុម​នីយកម្ម​វប្បធម៌ និង បរិស្ថាន​នឹងធ្វើ​ឱ្យ​ក្រុង​សៀមរាប​ស័ក្តិ​សមជា​ទីក្រុង​បេតិកភណ្ឌ ព្រមទាំង ទេសចរណ៍​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​កម្រិត​អន្តរជាតិ​។ ប្រជាពលរដ្ឋនៅក្នុង​ខេត្តសៀមរាប នឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​ពី​ការអភិវឌ្ឍ​នេះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular