ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅព្រឹកថ្ងៃនេះបានចែករំលែកអំពីការខិតខំអនុវត្តតាមគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ។
លោកបានឲ្យដឹងថា អនុវត្តតាមគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០១៩-២០២៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងសហការជំរុញ គាំទ្រ និងលើកទឹកចិត្តឲ្យប្រជាកសិករ អ្នកផលិត វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍ កសិកម្មយកចិត្តទុកដាក់បង្កើនផលិតភាពផលិតកម្មកសិកម្មតាមរយ:ការអនុវត្តបច្ចេកវិទ្យាទំនើបទាន់សម័យ ការប្រើប្រាស់ពូជសុទ្ធ ការប្រើប្រាស់ធាតុចូលកសិកម្មឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់មន្ត្រីជំនាញ ស្លាកសញ្ញាវេចខ្ចប់ ការរៀបចំចងក្រងជាក្រុម ឬបណ្តុំ ផលិត ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ច សន្យា។ល។ ដើម្បីធានាបាននូវស្តង់ដាផលិត កែច្នៃ វេចខ្ចប់ ធានាបានគុណភាព និងសុវត្ថិភាព ឆ្លើយតបបានតាមនិយាមទីផ្សារនាំចេញ ក្នុងតំបន់ និងអន្តរជាតិ។
តាមអ្វីដែលអគ្គនាយកដ្ឋានកសិកម្មបានបញ្ជាក់ក្នុងរបាយការណ៍កាលពីថ្ងៃទី២០ ខែមករា បានឲ្យដឹងថាដើម្បីចូលរួមចំណែកបំពេញលក្ខខណ្ឌតម្រូវសម្រាប់ការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ សំដៅធានា ឬបញ្ជាក់ឲ្យបានសុក្រឹត្យអំពីគុណភាព និងសុវត្ថិភាព កសិផល ឆ្លើយតបតាមតម្រូវការរបស់អ្នកបញ្ជាទិញ ឬប្រទេសនាំចូលមន្ទីរពិសោធន៍ជាតិ កសិកម្ម (National Agriculture Laboratory-NAL) ស្ថិតក្រោមអគ្គនាយកដ្ឋានកសិកម្ម បាននិងកំពុងបំពេញបេសកកម្មសំខាន់ក្នុងការចូលរួមចំណែក និងគាំទ្រលើការងារ ពិសោធន៍ វិភាគ និងស្រាវ ជ្រាវគ្រប់មុខដំណាំ ជាពិសេសលើការពង្រឹងគុណភាព និងសុវត្ថិភាពកសិផល។ តួនាទី និងភារកិច្ចរបស់ខ្លួន គឺសំដៅដល់ដំណើរការវិភាគ ត្រួតពិនិត្យលើធាតុចូលកសិកម្ម សារធាតុសរីរាង្គ និងអសរីរាង្គ ដើម្បីរកឲ្យឃើញកម្រិត បរិមាណសារធាតុដែលមានកម្រិតភាពសុទ្ធ និងសំណល់នៃធាតុសកម្មមាននៅក្នុងដី ជី ទឹក រុក្ខជាតិ ថ្នាំកសិកម្ម និងពពួកមីក្រូសារពាង្គកាយដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗនៅក្នុងខ្សែ ច្រវាក់ផលិតកម្មកសិកម្ម។ ឆ្លើយតបតាមបរិបទនៃការអភិវឌ្ឍន៍វិស័យកសិកម្ម ដើម្បីការនាំ ចេញកសិផល NAL បាននិងកំពុងដំណើរការវិភាគ និងពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យកាន់តែ ល្អប្រសើរទ្បើងថែមទៀតទាំងធនធានមនុស្ស ឧបករណ៍ សម្ភារ និងសេវាកម្ម ដើម្បីឆ្លើយតប ឲ្យបានទាន់ពេល និងមានប្រសិទ្ធភាពទៅតាមសំណូមពររបស់អតិថិជន និងទីផ្សារនាំចេញ។
បច្ចុប្បន្ន មន្ទីរពិសោធន៍ជាតិកសិកម្ម បាននិងកំពុងផ្តល់សេវាកម្មជូនសាធារណមួយចំនួន លើការវិភាគ សេវាគាំទ្រលើការងារពិសោធន៍ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍ ការវិភាគពាក់ព័ន្ធ នឹងការកំណត់តំបន់ដាំដុះ ការគ្រប់ គ្រង និងអភិរក្សធនធានដី និងសេវាចូលរួមលើការងារ សហការ និងអន្តរាគមន៍ ដែលត្រូវបាន អនុវត្តជាប្រចាំដើម្បីទ្រទ្រង់ និងធ្វើឲ្យកាន់តែប្រសើរ ទ្បើងដល់ការអភិវឌ្ឍអនុវិស័យដំណាំ ដោយក្នុងនោះក៏បានរាប់បញ្ចូលផងដែរនូវការ រួមចំណែករកប្រាក់ចំណូលជូនរដ្ឋ។ ព្រមជាមួយគ្នានេះ មន្ទីរពិសោធន៍ជាតិកសិកម្ម មានសមត្ថភាពអាចធ្វើការវិភាគលើកម្មវត្ថុមួយចំនួនដូចខាងក្រោម៖
១- ការវិភាគយថាប្រភេទលើពពួកម៉ាក្រូធាតុ និងមីក្រូធាតុនៅលើសំណាកដី ជី ទឹកកសិកម្ម និងរុក្ខជាតិ ដែលជាវិញ្ញាសារសំខាន់ក្នុងការកំណត់រកកម្រិតសារធាតុចិញ្ចឹមចម្បង N.P.K និងសារធាតុរួមផ្សំដែលដំណាំត្រូវការ។
២- ការវិភាគគុណភាពថ្នាំកសិកម្ម ដែលបានរួមចំណែកផ្តល់ផលប្រយោជន៍ និងផល ចំណេញ ដល់កសិករ អ្នកប្រើប្រាស់ ដើម្បីបញ្ចៀស និងទប់ស្កាត់កម្រិតលាយផ្សំមិន ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស មុនធ្វើការចុះបញ្ជីអនុញ្ញាតឲ្យធ្វើអាជីវកម្ម ឬប្រើប្រាស់ ដែលអាចនាំឲ្យបង្កហានិភ័យផ្សេងៗដល់សុខភាពមនុស្ស សត្វ រុក្ខជាតិ និងបរិស្ថាន។
៣- ការវិភាគសំណល់ថ្នាំកសិកម្ម ដែលធានាបាននូវគុណភាព និងសុវត្ថិភាពចំណីអាហារ និងមានសារៈប្រយោជន៍ ចំពោះសេដ្ឋកិច្ចទីផ្សារក្នុងស្រុក និងការនាំចេញ។ ការវិភាគនេះ គឺជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការបង្កើនភាពជឿជាក់និងទំនុកចិត្តរបស់អតិថិជនចំពោះ ផលិតករទៅលើការអនុវត្តកសិកម្មល្អ (GAP) ឬកសិកម្មសរីរាង្គ ដែលជាសក្ខីភាពបញ្ជាក់ពី ការអនុវត្តវិធានបច្ចេកទេសយ៉ាងល្អខ្ជាប់ខ្ជួន មិនកេងបន្លំ ធានាបាននូវគុណភាព សុវត្ថិភាព និងសុខុមាលភាព មនុស្ស សត្វ រុក្ខជាតិ និងបរិស្ថាន។
៤- ការវិភាគលើពពួកមីក្រូសារពាង្គកាយបង្កគ្រោះថ្នាក់ ដោយភាគច្រើនតែងកើតមាននៅ លើចំណីអាហារបង្កទ្បើងដោយពពួកមេរោគ ផ្សិត បាក់តេរី វីរុស និងនេម៉ាតូតដែលជា សមាសភាពចង្រៃបណ្តាលមកពីការផលិត ការលាយផ្សំមិនត្រឹមត្រូវតាមលក្ខណៈ បច្ចេកទេស និងកង្វះអនាម័យ។
៥- ការវិភាគគុណភាពគ្រាប់ពូជដំណាំ និងការបណ្តុះជាលិកាវប្បកម្ម ដែលដើរតួនាទីសំខាន់ ក្នុងការលើកកម្ពស់់ប្រសិទ្ធភាពសេដ្ឋកិច្ច ប្រសិទ្ធភាពដំណុះគ្រាប់ពូជ និងជាកត្តាជះឥទ្ធិពល ជាវិជ្ជមានដល់កំណើនទិន្នផល និងតម្រូវការទីផ្សារ “ពូជដំណាំល្អ នឹងទទួលបានផលល្អ”៕/PC