ប្រែសម្រួល : កញ្ញាដាលីស/វ៉ាស៊ីនតោន ៖ អនុប្រធានាធិបតី កាម៉ាឡា ហារីសបានបំបែករនាំងដែលទុកឱ្យតែបុរសស្ថិតនៅលំដាប់កំពូលនៃអំណាចអាម៉េរិករយៈពេលជាងពីរសតវត្សរ៍នៅពេលដែលលោកស្រីស្បថកាន់តំណែងខ្ពស់បំផុតទីពីររបស់ប្រទេសកាលពីថ្ងៃពុធទី២០មករា។
លោកហារីសបានស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីស្រីដំបូងនៃសហរដ្ឋអាម៉េរិកនិងជាស្ត្រីស្បែកខ្មៅនិងជាមនុស្សដំបូងមានឈាមជ័រជាអ្នកអាស៊ីខាងត្បូងដែលកាន់មុខតំណែងនេះនៅចំពោះមុខប្រធានតុលាការកំពូល លោកស្រី សូនីយ៉ា សូតូម៉ាយ៉ា នៅវិមានកាពីតូល។ ក្រោយមកលោកស្រីបានធ្វើជាប្រធានព្រឹទ្ធសភាបណ្តោះអាសន្នជាលើកដំបូងដើម្បីផ្តល់សម្បថចូលកាន់តំណែងដល់ព្រឹទ្ធសមាជិកបក្សប្រជាធិបតេយ្យថ្មី ៣ រូបក្នុងនោះរួមទាំងអ្នកចូលជំនួសលោកស្រីផងដែរ។
ទិដ្ឋភាពនេះត្រូវបានចារទុកជាប្រវត្តិសាស្ត្រនិងមានសារៈសំខាន់ខ្លាំងបំផុត។ លោកស្រីត្រូវបានអមដំណើរទៅលើវេទិកាដោយមន្ត្រីប៉ូលិសកាពីតូលលោក យូជីន ហ្គោដមែនដែលបានប្រឈមដោះស្រាយតែម្នាក់ឯងគត់ទៅលើហ្វូងអ្នកគាំទ្រត្រាំ នៅពេលពួកគេព្យាយាមលុកលុយវិមានព្រឹទ្ធសភាក្នុងអំឡុងពេលបះបោរដើម្បីព្យាយាមក្រឡាស់លទ្ធផលនៃការបោះឆ្នោត។ លោកស្រីហារីសបានស្លៀកពាក់ឈុតដែលច្នៃដោយអ្នករចនាម៉ូតស្បែកខ្មៅលេចធ្លោវ័យក្មេងពីរនាក់ គឺ រ៉ូបពណ៌ស្វាយចាស់និងអាវធំ។
បន្ទាប់ពីបានធ្វើសច្ចាប្រណិធានចូលកាន់តំណែង លោកស្រីហារីសញញឹមឱបស្វាមីឈ្មោះឌូក្លាស អេមហូហ្វ និង ជល់កណ្តាប់ដៃជាមួយលោកប្រធានាធិបតីចូ បៃដិន។
ការរះត្រដែតរបស់លោកស្រីគឺមានលក្ខណៈជាប្រវត្តិសាស្ត្រទោះក្នុងបរិបទណាក៏ដោយ ក្នុងពេលដែលព្រំដែនដ៏រឹងរូសបានរលំបាក់លាតត្រដាងឱ្យឃើញថារឿងអ្វីក៏អាចកើតឡើងបានដែរនៅក្នុងនយោបាយអាម៉េរិក។ ប៉ុន្តែវាពិតជាមានអត្ថន័យពិសេសបំផុត ព្រោះថាលោកស្រីហារីសចូលកាន់តំណែងចំពេលដែលជនជាតិអាម៉េរិកកំពុងដោះស្រាយនឹងបញ្ហារើសអើងជាតិសាសន៍និងប្រឈមមុខនឹងជំងឺរាតត្បាត ដែលបំផ្លាញសហគមន៍ស្បែកខ្មៅនិងសម្បុរត្នោតយ៉ាងធ្ងន់ធ្ងរ។
អ្នកជិតស្និទ្ធនឹងលោកស្រីហារីសនិយាយថា លោកស្រីនឹងនាំមកនូវទស្សនវិស័យដ៏សំខាន់តែត្រូវគេមើលរំលងជាញឹកញាប់ នោះគឺការជជែកដេញដោលអំពីវិធីជម្នះឧបសគ្គ ដែលរដ្ឋបាលថ្មីនឹងត្រូវប្រឈមមុខ៕
លោកស្រីហារីក្លាយជាអនុប្រធានាធិបតីស្រីដំបូងបង្អស់របស់អាម៉េរិក