ប្រែសម្រួល : កញ្ញាដាលីស ៖ រថយន្តដឹកទំនិញ៥ គ្រឿងដែលដឹកអុកស៊ីសែនចេញពីវ៉េណេស៊ុយអេឡា បានមកដល់ទីក្រុងមេណោស ជាទីក្រុងមានប្រជាជន ២ លាននាក់នៅក្នុងតំបន់ព្រៃអាម៉ាហ្សូនប្រេស៊ីល កន្លែងដែលប្រព័ន្ធសុខាភិបាលក្នុងតំបន់បានដួលរលំចំពេលមានរលកទី២នៃកូវីដ១៩ដ៏មហន្តរាយ និងកង្វះអុកស៊ីសែនធ្ងន់ធ្ងរសម្រាប់អ្នកជំងឺដែលមិនអាចដកដង្ហើមបាន។
កុងស៊ុលវ៉េណេស៊ុយអេឡានៅទីក្រុងមេណោសលោកស្រី ផាទ្រីស្យា ស៊ីលវ៉ា និយាយថា រថយន្តដឹកទំនិញបានចែកចាយអុកស៊ីសែនចំនួន ១៣២.០០០ លីត្រកាលពីយប់ថ្ងៃអង្គារ។រថយន្តទាំងនោះគឺមកពីរដ្ឋបូលីវ៉ានៅភាគខាងត្បូងប្រទេសវ៉េណេស៊ុយអេឡានិងធ្វើដំណើរចម្ងាយជាង ១.៥០០ គីឡូម៉ែត្រទៅកាន់ទីក្រុងមេណោស ដែលជារដ្ឋធានីនៃរដ្ឋអាម៉ាហ្សូណារបស់ប្រេស៊ីល។
លោកស្រីស៊ីវ៉ាបានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងមេណោសថា “យើងក្នុងនាមជារដ្ឋបាលបូលីវ៉ា សូមការពារគោលការណ៍សហប្រតិបត្តិការនិងសាមគ្គីភាពរបស់យើង។សាមគ្គីភាពក្នុងចំណោមប្រជាជននឹងជួយសង្គ្រោះយើង ជាពិសេសនៅក្នុងសម័យជំងឺរាតត្បាតដ៏សាហាវនេះ” ។
លោក ម៉ាសេឡឺស ខាមប៉េឡូ រដ្ឋមន្ត្រីសុខាភិបាលរបស់រដ្ឋអាម៉ាហ្សូណា និយាយថា ការប្រគល់នេះនឹងជួយធ្វើឱ្យមានតុល្យភាពការផ្គត់ផ្គង់អុកស៊ីសែនរបស់មន្ទីរពេទ្យក្នុងតំបន់។
ប្រធានាធិបតីវ៉េណេស៊ុយអេឡាលោកនីកូឡាស់ ម៉ាឌូរ៉ូបានប្រកាសពីចំណាត់ការនេះកាលពីយប់ថ្ងៃអាទិត្យ។ គាត់គឺជាសត្រូវនយោបាយរបស់ប្រធានាធិបតីប្រេស៊ីល ហ្ស៊ែរ បូលសូណារ៉ូដែលរងការរិះគន់ចំពោះការដោះស្រាយវិបត្តិសុខភាពនៅទីក្រុងមេណោសក៏ដូចជាជំងឺរាតត្បាតជាទូទៅ ដែលបណ្តាលឱ្យមនុស្សស្លាប់ជាង ២០៧.០០០ នាក់នៅក្នុងប្រទេសប្រេស៊ីល។
អភិបាលរដ្ឋអាម៉ាហ្សូណា លោក វីលសុន លីម៉ា គឺជាសម្ព័ន្ធមិត្តរបស់លោកបូលសូណារ៉ូ ប៉ុន្តែបានកោតសរសើរលោកម៉ាឌូរ៉ូចំពោះជំនួយរបស់គាត់៕
វ៉េណេស៊ុយអេឡាផ្តល់អុកស៊ីសែន ១៣២.០០០ លីត្រដល់ប្រេស៊ីលកាលពីយប់ថ្ងៃអង្គារ ។រូបភាពបង្ហាញសាច់ញាតិអ្នកជំងឺស្វះស្វែងរកអុកស៊ីសែននិងដឹកជញ្ជូនដោយខ្លួនឯងពីទីក្រុងនានានៃប្រទេសប្រេស៊ីលទៅកាន់ទីក្រុងក្នុងព្រៃអាម៉ាហ្សូន ដែលជោរជន់ដោយអ្នកជំងឺនិងអស់អុកស៊ីសែន