ដោយៈសរិទ្ធ/ភ្នំពេញ: ជនបរទេស៣នាក់ ដែលជាប់ពាក់ព័ន្ធករណីឆបោកដោយមានក្រុមចាត់តាំង និងសម្អាតប្រាក់ តាមរូបភាពលួចដកប្រាក់របស់អតិថិជន ពីក្នុងគណនីធនាគារកាណាឌីយ៉ាបានត្រូវលោកសេង រិទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនដាក់ពន្ធនាគារកាលពីព្រលប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ។
បុរសជាជនបរទេសទាំង៣នាក់នោះមាន ៖ ទី១-ឈ្មោះ Goyal sandeep Kumar អាយុ៣៨ឆ្នាំ ជនជាតិឥណ្ឌា ស្នាក់នៅអាផាតមិនបែលវីឡា ជាន់ទី៤ ផ្លូវលេខ៥៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ទី២-ឈ្មោះ Mohibeen Lebe Mohammas Maharof អាយុ៤៥ឆ្នាំ ជនជាតិស្រីលង្កា ស្នាក់នៅផ្ទះលេខ១៨សេ ផ្លូវលេខ៥៩ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ទី៣-ឈ្មោះ Tai kokpoh អាយុ៥១ឆ្នាំ ជនជាតិសឹង្ហបុរី ស្នាក់នៅផ្ទះលេខ១៧ ផ្លូវលេខ១៧៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
សមត្ថកិច្ចបានបញ្ជាក់ថាៈ ជនសង្ស័យទាំង៣ត្រូវបានសមត្ថកិច្ចនគរបាល ឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ដែលពួកគេបានប្រព្រឹត្តបទល្មើសនៅក្នុងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចដកប្រាក់ពីគណនីធនាគាររបស់អតិថិជននោះ។
សមត្ថកិច្ចអះអាងថាៈកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១កន្លងទៅ មានអតិថិជនរបស់ធនាគារកាណាឌីយ៉ាចំនួន៥នាក់ បានមកប្ដឹងពីការបាត់ប្រាក់ក្នុងគណនីធនាគារ។ ក្នុងនោះអតិថិជនទី១.ឈ្មោះ ពេជ សូរិយា ភេទស្រី អាយុ៤១ ឆ្នាំ បានបាត់ប្រាក់ចំនួន៦ ម៉ឺនដុល្លារអាមេរិក ដោយត្រូវគេលួចផ្ទេរប្រាក់ពីគណនីរបស់គាត់ទៅគណនីលេខ០០១០០០ ៤៨៦៦២៥៣ ដែលមានឈ្មោះ shop 24 on និងម្ចាស់គណនីឈ្មោះ Goyal sandeep Kumar ចំនួន៣លើកបាត់ប្រាក់សរុប ៦ម៉ឺនដុល្លារអាមេរិក។ អតិថិជនទី២.ឈ្មោះ ឈួន ស្រីណូ ភេទស្រី អាយុ២៧ឆ្នាំ បានបាត់ប្រាក់ចំនួន៤៣៥ ដុល្លារអាមេរិក ដោយត្រូវគេលួចផ្ទេរពីគណនីរបស់គាត់ ទៅគណនីរបស់ឈ្មោះ Goyal sandeep Kumar។ អតិថិជនទី៣.ឈ្មោះ ច័ន្ទ សុផា ភេទស្រី អាយុ៣៣ឆ្នាំ បានបាត់ប្រាក់ចំនួន១ម៉ឺនដុល្លារអាមេរិក។ អតិថិជនទី៤.ឈ្មោះ ម៉ិច កញ្ញា អាយុ២៨ឆ្នាំ បានបាត់ប្រាក់ចំនួន ៤៩០០ ដុល្លារអាមេរិក។ និងទី៥.នៅវេលាម៉ោង១១ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ក្រុមជនសង្ស័យបានទៅដកប្រាក់ពីធនាគារកាណាឌីយ៉ាក្បែរវិមានឯករាជ្យ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។
មន្ត្រីនគរបាលបានបន្តថា ល្បិចឆបោករបស់ជនបរទេស៣នាក់លួចដកប្រាក់ពីគណៈនីរបស់អតិថិជន ដែលផ្ញើនៅធនាគារកាណាឌីយ៉ានេះ ដំបូងអតិថិជនបានទទួលសារដែលពួកគេបានបង្ហោះចូលក្នុងទូរស័ព្ទដៃរបស់ពួកគាត់ តាមរយៈ(តេឡេក្រាម) ដោយប្រាប់ថា ៖
គណនីធនាគាររបស់ពួកគាត់(ជនរងគ្រោះ)ត្រូវបានគេលួចចូល និងបានភ្ជាប់គេហទំព័រឈ្មោះ www.canadias.com ជាគេហទំព័រក្លែងបន្លំរបស់ធនាគារកាណាឌីយ៉ា។ ដូច្នោះជនសង្ស័យក៏បានណែនាំឲ្យអតិថិជនធ្វើតាមគេ និងបានតម្រូវឲ្យបញ្ចូលព័ត៌មានសម្ងាត់តាមអ្វីដែលគេប្រាប់ បន្ទាប់មកដោយមានការសង្ស័យអតិថិជនបានឆែកមើលទឹកប្រាក់នៅក្នុងគណនីរបស់ខ្លួន ស្រាប់តែបាត់ប្រាក់ដូចបានចំនួនរៀបរាប់ខាងលើ ទើបបាននាំគ្នាទៅផ្តល់ព័ត៌មានដល់ធនាគារកាណាឌីយ៉ា ដើម្បីឲ្យចាត់ការចំពោះជនបរទេស ដែលមានគំនិតទុច្ចរិតនេះ៕