ដោយ៖ ម៉េងឆៃ/ ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ថា មានអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៥នាក់ទៀត។ ក្នុងនោះ ៤នាក់ ជាពលករខ្មែរ មកពីប្រទេសថៃ ដែលនាំឲ្យចំនួនពលករធ្វើដំណើរមកពីប្រទេសថៃ រហូតដល់ព្រឹកថ្ងៃទី២១ ខែមករា រកឃើញកើតជំងឺកូវីដ១៩ កើនឡើងដល់ ៨១នាក់។ ប៉ុន្តែក្នុងចំនួននេះ ក៏មានអ្នកជាសះស្បើយ ៣២នាក់ហើយ។
សេចក្តីប្រកាស បង្ហាញថា ករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៥នាក់ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ គឺមាន ៤នាក់ ជាពលករធ្វើដំណើរមកពីប្រទេសថៃ តាំងពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ចំនួន ៣នាក់ និងម្នាក់ មកដល់កម្ពុជា កាលពីថ្ងៃទី១៩ ខែមករា។ រីឯម្នាក់ទៀត ជាស្ត្រីជនជាតិខ្មែរ ធ្វើដំណើរមកពីអាមេរិក មកដល់កម្ពុជា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១។
ក្រសួងសុខាភិបាល ក៏បានប្រកាសពីករណីជាសះស្បើយកូវីដ ចំនួន ៤នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ។
គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅទូទាំងប្រទេស រកឃើញអ្នកកើតជំងឺកូវីដ១៩ សរុបចំនួន ៤៥៣នាក់ ( អ្នកដំណើរចូលមកកម្ពុជា និងអ្នកឆ្លងបន្តនៅក្នុងប្រទេស មានចំនួន ៣៧២នាក់ និងពលករធ្វើដំណើរមកពីប្រទេសថៃ ៨១នាក់ )។ ក្នុងនោះ អ្នកព្យាបាលជាសះស្បើយ មាន ៣៩៦នាក់ ( អ្នកដំណើរចូលមកកម្ពុជា និងអ្នកឆ្លងបន្តនៅក្នុងប្រទេស មានចំនួន ៣៦៤នាក់ និងពលករធ្វើដំណើរមកពីប្រទេសថៃ ៣២នាក់ )។ ចំណែកអ្នកកំពុងសម្រាកព្យាបាល មានចំនួន ៥៧នាក់ ( មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ៨នាក់ មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន ម្នាក់ មន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ ៣៦នាក់ មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង ១០នាក់ និងនៅមន្ទីរពេទ្យបង្អែក ខេត្តឧត្តរមានជ័យ ២នាក់ )។
បើយើងឲ្យបានលម្អិតបន្តិច នោះយើងឃើញថា ក្នុងចំណោមពលករធ្វើដំណើរមកពីប្រទេសថៃ ៤ នាក់ ដែលឆ្លងកូវីដ១៩ គឺមាន ៣នាក់ មកដល់កម្ពុជា តាំងពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ ពោលគឺរកឃើញឆ្លងជំងឺកូវីដ នៅអំឡុងពេលធ្វើតេស្តលើកទី២ ពេលជិតចប់ការធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃទៅហើយ។
ករណីស្ត្រីម្នាក់ ដែលមកពីអាមេរិក ក៏ដូចគ្នា។ គឺនៅពេលធ្វើតេស្តលើកទី២ ក្នុងពេលធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ទើបឃើញមានផ្ទុកវីរុសកូវីដ១៩។
ពលករធ្វើដំណើរមកពីប្រទេសថៃ ២នាក់ ក្នុងចំណោម ៧នាក់ ដែលក្រសួងសុខាភិបាល បានប្រកាសកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ថាឆ្លងកូវីដ១៩ ក៏សុទ្ធតែរកឃើញកូវីដ នៅពេលធ្វើតេស្តលើកទី២ ដល់ថ្ងៃបញ្ចប់ការធ្វើចត្តាឡីស័ក ១៤ថ្ងៃ។
ពលករធ្វើដំណើរមកពីប្រទេសថៃ ម្នាក់ ដែលក្រសួងសុខាភិបាល បានប្រកាសកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ថាឆ្លងកូវីដ១៩ ក៏រកឃើញនៅពេលធ្វើតេស្ត លើកទី២ អំឡុងពេលធ្វើចត្តាឡីស័ក ១៤ថ្ងៃដូចគ្នាដែរ។
ដូច្នេះក្នុងពេលនេះ អាជ្ញាធរសមត្ថកិច្ចតាមបណ្តាខេត្ត នៅព្រំដែនថៃ បានប្រឹងប្រែងរឹតបន្តឹង ពិនិត្យសុខភាពបងប្អូនពលករមកពីថៃរាប់រយនាក់ ក្នុង ១ថ្ងៃៗ ដោយនាំទៅធ្វើចត្តាឡីស័កយ៉ាងត្រឹមត្រូវហើយ តែក្នុងពេលធ្វើចត្តាឡីស័កនេះ ក៏អាជ្ញាធរសមត្ថកិច្ច គួរតែបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត អំឡុងពេលចាប់តាំងពីដំណើរការត្រួតពិនិត្យនៅព្រំដែន ការតម្រង់ជួរ ត្រួតពិនិត្យសុខភាព ការយកវត្ថុសំណាក ការដឹកជញ្ជូនពីព្រំដែន ទៅមណ្ឌលចត្តាឡីស័ក ព្រមទាំងនៅមណ្ឌលចត្តាឡីស័ក ក៏រឹងរឹតតែបង្កើនការប្រុងប្រយ័ត្ន។
វិធីសាមញ្ញ ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩នេះ គឺតម្រូវឲ្យពលករ ត្រូវពាក់ម៉ាស់ជាប់ជាប្រចាំ ឧស្សាហ៍លាងសម្អាតដៃឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពពីម្នាក់ ទៅម្នាក់ យ៉ាងតិច ១ម៉ែត្រកន្លះពីគ្នា ជាដើម។
ក្នុងអំឡុងពេលស្នាក់នៅមណ្ឌលចត្តាឡីស័ក ក៏ទាមទារដាច់ខាតនូវការរស់នៅដាច់ដោយឡែកពីគ្នា ម្នាក់ៗឃ្លាតពីគ្នាយ៉ាងតិច ១ម៉ែត្រកន្លះ រស់នៅអនាម័យស្អាតជានិច្ច ពាក់ម៉ាស់ ដោយមិនត្រូវប្រមូលផ្តុំឡូកលំជិតគ្នាជាដាច់ខាត។ យើងមិនអាចដឹងថា នរណាម្នាក់ មានផ្ទុកវីរុសកូវីដ១៩ឡើយ ហើយសូម្បីតែធ្វើតេស្ត ហើយលទ្ធផលថា វិជ្ជមាន កើតកូវីដ១៩ ក៏យើងមើលទៅឃើញអ្នកជំងឺនោះ មានសភាពធម្មតា ដូចមនុស្សជានាដែរ។
ដូច្នេះគ្មានវិធីអ្វីប្រសើរជាងការការពារទេ។ ការពារតាំងពីដើមទី រហូតដល់ចុងបញ្ចប់នៃការធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ។ មិនយូរទេ ១៤ថ្ងៃ ធ្មេចបើកៗ ផុតហើយ ១៤ថ្ងៃ ដែលយើងនឹងសុខសាន្តទាំងអស់គ្នា ទាំងពលករឆ្លងដែនមកពីថៃ សុខទាំងក្រុមគ្រួសារសាច់ញាត្តិបងប្អូននៅស្រុកកំណើត ក៏ដូចជាសុខទាំងប្រជាជនទូទាំងប្រទេសទាំងអស់គ្នា៕