ប្រែសម្រួលៈវាសនា/ប៉េកាំង៖ចិនកាលពីថ្ងៃពុធ បាននិយាយថាខ្លួនដាក់ទណ្ឌកម្មលើអតីតរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោកម៉ៃ ផមផេវ និងមន្ត្រីដទៃទៀតក្នុងរដ្ឋការលោកដូណាល់ ត្រាំ ដោយសារពួកគេបាន«ចាត់វិធានការឆ្កួតៗ»ដែលប៉ះពាល់ដល់ទំនាក់ទំនងចិន-អាម៉េរិក។
ក្នុងបញ្ជីឈ្មោះមនុស្ស២៨នាក់ដែលរងទណ្ឌកម្មក៏មានអតីតទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោករ៉ូប៊ឺត អូប្រាយអឹន និងអនុប្រធានរបស់លោក គឺលោក ម៉ាត ផុតធីងហ្គ័រ ទីប្រឹក្សាពាណិជ្ជកម្មលោកផេធឺណាវ៉ារ៉ូ និងឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី ខេល្លី ក្រាហ្វ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធចេញដោយក្រសួងការបរទេសចិន ចំថ្ងៃដែលលោកចូ បៃដិន ចូលកាន់តំណែងប្រធានាធិបតីអាម៉េរិកថ្មី។
យោងតាមសេចក្តីថ្លែងការណ៍ មន្ត្រីអាម៉េរិកក្នុងបញ្ជីនេះ រួមទាំងសមាជិកគ្រួសាររបស់គេនឹងត្រូវហាមមិនអោយចូលចិន ហុងកុង ឬម៉ាកាវ ថែមទាំងហាមធ្វើការរកស៊ីជាមួយចិនថែមទៀត។
ពួកមន្ត្រីដែលរងទណ្ឌកម្មទាំងនេះជាឧបករណ៍ជួយពូនជ្រំបង្កើតគោលជំហរប្រឈមមុខខ្លាំងឡើងរបស់រដ្ឋការត្រាំចំពោះចិនប៉េកាំង ដែលរួមមានទណ្ឌកម្មមួយជួរនិងសេចក្តីប្រកាសមួយនៅថ្ងៃចុងក្រោយក្នុងអាណត្តិរបស់ខ្លួនដែលថា រដ្ឋាភិបាលចិនបានប្រព្រឹត្តអំពីប្រល័យពូជសាសន៍នៅតំបន់ស៊ីនជាំងដែលមានអ្នកកាន់សាសនាអ៊ីស្លាមរស់នៅភាគច្រើន។
អតីតទីប្រឹករបស់ត្រាំលោក ស្ទេវ បានណុន និងអតីតទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក ចន បុលថុន ក៏មានឈ្មោះក្នុងបញ្ជីទណ្ឌកម្មនេះដែរ។
ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា « ពួកមន្ត្រីដែលបានរៀបចំផែនការ ជំរុញនិងអនុវត្តទង្វើឆ្កួតៗមួយជួរ ដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងចិន បានធ្វើអោយខូចផលប្រយោជន៍ចិន រំលោភប្រជាជនចិននិងប៉ះពាល់ធ្ងន់ធ្ងរដល់ទំនាក់ទំនងចិន-អាម៉េរិក»។
ទោះជាលោកបៃដិននិងមន្ត្រីរបស់លោកទំនងជាមិនប្រកាន់តឹងដូចមន្ត្រីនៃរដ្ឋការរបស់ត្រាំក្នុងការដោះស្រាយជាមួយចិន ក៏ពួកគេបានបង្ហាញរួចមកហើយថាពួកគេនៅមិនទាន់ត្រៀមខ្លួនបន្ធូរបន្ថយភាពតានតឹងតាមអ្វីដែលក្រុមមេដឹកនាំចិនចង់បាននោះទេ។
ឧត្តមសេនីយ៍ ឡយ អូស្ទីន ដែលលោកបៃដិន ជ្រើសតាំងជារដ្ឋមន្ត្រីការពារជាតិអាម៉េរិក បាននិយាយក្នុងលិខិតមួយទៅកាន់សភាថា រដ្ឋាភិបាលថ្មី«នឹងពិនិត្យមើលចិនឡើងវិញក្នុងនាមជាគូប្រកួតសកលគីឡូធ្ងន់បំផុតរបស់យើង និងបើគិតអំពីទស្សនវិស័យយោធា វាជាការគំរាមនៅក្នុងផ្នែកច្រើនបំផុត»។
ក្នុងថ្ងៃដដែល មនុស្សដែលបៃដិនជ្រើសតាំងជារដ្ឋមន្ត្រីការបរទេស លោកអ៊ែនថូនី ប្លីនកិន បាននិយាយនៅសវនាការសភាថាចិនគឺជា«ការប្រឈមសំខាន់បំផុតចំពោះសហរដ្ឋអាម៉េរិកបើនិយាយអំពីផលប្រយោជន៍របស់យើង ផលប្រយោជន៍របស់ប្រជាជនអាម៉េរិក»។តែលោកបានបន្ថែមថា«មានឳកាសខ្លះនៃកិច្ចសហប្រតិបត្តិការនៅពេលវាផ្តល់ផលប្រយោជន៍ទៅវិញទៅមក»។
ក្រុមអន្តរកាលរបស់បៃដិនក៏បាននិយាយថាខ្លួនសង្ឃឹមបង្កើតកិច្ចព្រមព្រៀងណាមួយជាមួយចិនអំពីការប្រែប្រួលអាកាសធាតុនិងការគ្រប់គ្រងសព្វាវុធនុយគ្លេអ៊ែរ៕
ក្នុងចំណោមមន្ត្រីអាម៉េរិកដែលរងទណ្ឌកម្មរបស់ចិន រួមមានអតីតរដ្ឋមន្ត្រីការបរទេស ម៉ៃ ផមផេវ អតីតទីប្រឹក្សាសន្តិសុខជាតិ រ៉ូប៊ឺត អូប្រាអឹន និងលោកស្រី ខេល្លី ក្រាហ្វ ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ