ប្រែសម្រួល : កញ្ញាដាលីស ៖ តារាប្រដាល់ក្របខ័ណ្ឌ UFC ខូន័រ ម៉ាកហ្គ្រេហ្គ័រ ត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតស៊ីលុយវាល់លានដុល្លារជាមួយអ្នកប្រដាល់ មែននី ប៉ាកគីអៅ។
អ្នកប្រដាល់អៀរឡង់រូបនេះពីមុនធ្លាប់ឡើងសង្វៀនប្រកួតជាមួយផ្លយ មេវេឌ័រក្នុងឆ្នាំ២០១៧ ក្នុងអ្វីដែលបានក្លាយជាការប្រកួតឆ្លងក្របខ័ណ្ឌមានមនុស្សមើលច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ។
ម៉ាកហ្គ្រេហ្គ័រនឹងវិលត្រឡប់មកសង្វៀនពហុកោណ UFC នៅថ្ងៃសៅរ៍នេះ នៅពេលរូបគេប្រឈមនឹងកីឡាករ ដាស្ទីន ពៀរ៉័រ ក្នុងទីក្រុងអាប៊ូដាប៊ីប៉ុន្តែភ្នែកម្ខាងទៀតក៏សម្លឹងមើលការប្រកួតឆ្លងក្របខ័ណ្ឌសាជាថ្មីសម្រាប់ជំនួបស៊ីលុយធំជាមួយប៉ាកគីអៅផងដែរ។
ពេលសួរថាតើគាត់នឹងវ៉ៃជាមួយកីឡាករហ្វីលីពីននៅឆ្នាំនេះទេ គាត់បានប្រាប់ទូរទស្សន៍ BT Sport ថា “ខ្ញុំត្រូវទុកជម្រើសខ្ញុំនៅចំហសិន។ការចរចាកំពុងជំរុញទៅមុខខ្លាំងក្លា។មានការចរចាបិទទ្វារជាច្រើនលើក។ ចាំមើលតើលទ្ធផលវាយ៉ាងម៉េច”។
អតីតម្ចាស់ខ្សែក្រវាត់ពិភពលោកពីរសម័យ ម៉ាកហ្គ្រេហ្គ័រ បានប្រកាសចូលនិវត្តន៍ពីក្របខ័ណ្ឌ UFC កាលពីខែមិថុនា ដោយអះអាងថា “ធុញនឹងការប្រកួត” ព្រោះឈ្នះៗពេក៕
ខូន័រ ម៉ាកហ្គ្រេហ្គ័រ(ឆ្វេង) ត្រៀមខ្លួនជាស្រេចសម្រាប់លទ្ធភាពការប្រកួតជាមួយប៉ាកគីអៅ