ដោយៈតារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូនថ្មី ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨(ផ្លូវ ជា សុផារ៉ា) ក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ នៅថ្ងៃទី ២២ ខែ មករា ២០២១ ។
អគារទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូនថ្មីត្រូវបានសាងសង់នៅលើផ្ទៃដី ៣,៩៦ហិកតា ដែលជាទីតាំងដីអតីតអគ្គនាយកដ្ឋានដឹកជញ្ជូន ។ សម្រាប់ថវិកាសាងសង់ ទីស្តីការក្រសួងថ្មីនេះគឺបានមកពីការដោះដូរដីទំហំជាង ១១ហិកតារបស់ក្រសួងដែលស្ថិតនៅតំបន់អូដឹមជាមួយក្រុមហ៊ុន ចៀន ឈឹងថៃ គ្រុប ។ ជាគោលការណ៍ក្រុមហ៊ុន ចៀន ឈឹងថៃ នឹងជួយធ្វើការសាងសង់អគាររដ្ឋបាលចំនួន ៣ ខ្នង ដែលមួយខ្នងមានកំពស់ ៩ ជាន់ និង ២ ខ្នងទៀតកំពស់៨ជាន់, សាលប្រជុំនិងបណ្ណាល័យមួយខ្នង,អគារ ដាក់គ្រឿងចក្រ៥ខ្នង, ធ្វើការជួសជុលអគារចាស់ៗដែលមានស្រាប់ចំនួន ៦ ខ្នង និង ទិញគ្រឿងចក្រសម្រាប់ការងារជួសជុលថែទាំផ្លូវ ស្ពាន ជូនក្រសួងសាធារណការនិងដឹក ជញ្ជូន ។ សម្រាប់តម្លៃនៃការដោះដូរទីស្តីការក្រសួងសារធារណការនិងដឹកជញ្ជូនថ្មីនេះមិនមានការបញ្ជាក់ច្បាស់នោះទេ ។
ដោយឡែកបន្ទាប់ពីការសាងសង់ទីស្តីការក្រសួងថ្មីរួចរាល់ទីស្តីការក្រសួងចាស់នៅតាមបណ្តោយផ្លូវនរោត្តមក្បែរវត្តភ្នំត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្រេចប្រគល់ទៅឲ្យក្រសួងរ៉ែ និងថាមពល ។
គួររំលឹកថារាចរដ្ឋាភិបាលបានយល់ព្រមឲ្យក្រសួងសាធារណការនិងដឹកជញ្ជូនប្តូរទៅទីតាំងថ្មីតាំងពីពាក់កណ្តាលខែ ធ្នូ ឆ្នាំ២០១៨ មកម្ល៉េះតាមសេចក្តីសម្រេចរបស់ទីស្តីការ គណៈរដ្ឋមន្ត្រី។ ក្រសួងសាធារណៈនិងដឹកជញ្ជូនបានរៀបចំពិធីក្រុងពាលីនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ដើម្បីចាប់ផ្តើមសាងសង់ទីស្តីការថ្មីរបស់ខ្លួន ៕