ដោយ: ដេប៉ូ / ភ្នំពេញ: ក្រសួងការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈនៅថ្ងៃទី២១ ខែ មករា ឆ្នាំ ២០២១នេះ បានចេញសេចក្តីជូនដំណឹងមួយស្តីពីការបើកប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ សម្រាប់រោងចក្រ សហគ្រាសផ្នែកកម្មន្តសាល។
បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារបានបញ្ជាក់ដោយប្រាប់ដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិត ផ្នែកកម្មន្តសាលទាំងអស់ ដែលប្រើប្រាស់កិច្ចសន្យាការងារមានថិរវេលាមិនកំណត់ (UDC) ឱ្យជ្រាបថា ការបើកប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ត្រូវចាប់ផ្តើមអនុវត្តឡើងវិញ ក្នុងឆ្នាំ២០២១ ដូចខាងក្រោម៖១) ការបើកប្រាក់រាំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩។ ប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ (ប្រសិនបើមាន) ដែលត្រូវបើកក្នុងឆ្នាំ២០២០ ត្រូវទូទាត់នៅក្នុងត្រីមាសទី១ និងនៅក្នុងត្រីមាសទី៣។ ប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ (ប្រសិនបើមាន) ដែលត្រូវបើកក្នុងឆ្នាំ២០២១ ត្រូវទូទាត់នៅក្នុងត្រីមាសទី២ និងនៅក្នុងត្រីមាសទី៤។២) ការបើកប្រាក់បំណាច់អតីតភាពការងារក្នុងឆ្នាំ។ប្រាក់បំណាច់អតីតភាពការងារក្នុងឆ្នាំ២០២០ ត្រូវទូទាត់នៅក្នុងត្រីមាសទី១ និងនៅក្នុងត្រីមាសទី៣។ ប្រាក់បំណាច់អតីតភាពការងារក្នុងឆ្នាំ២០២១ ត្រូវទូទាត់នៅក្នុងត្រីមាសទី២ និងនៅក្នុងត្រីមាសទី៤។៣) កម្មករនិយោជិត និងនិយោជក ក៏អាចចរចាកំណត់នីតិវិធី និងកាលបរិច្ឆេទជាក់លាក់នៃការទូទាត់ប្រាក់បំណាច់អតីតភាពការងារខាងលើ ស្របតាមស្ថានភាពរោងចក្រ សហគ្រាស និងអាជីវកម្មរបស់ខ្លួន។
ជាមួយគ្នានេះក្រសួងក៏បានធ្វើការអំពាវនាវដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស កម្មករនិយោជិតផ្នែកកម្មន្តសាល និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតម្កល់ផលប្រយោជន៍រួមជាធំ ដោយត្រូវពិភាក្សាគ្នារកដំណោះស្រាយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរក្សាបាននូវនិរន្តរភាពការងារ និងភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ៕