ដោយៈ រ៉ាម៉ន / ភ្នំពេញៈ ប្រទេសរុស្ស៊ី គ្រោងនឹងបញ្ជូនវ៉ាក់សាំង Sputnik V ការពារជំងឺ កូវីដ-១៩ មកឱ្យកម្ពុជា នៅពេលខាងមុខ ។ ភាគីរុស្ស៊ី នឹងពិភាក្សាជាមួយ ក្រសួងសុខា ភិបាលកម្ពុជា ដើម្បីបញ្ជូនវ៉ាក់សាំងនេះ មកឱ្យកម្ពុជា។ លោក អាណាតូលី បូរ៉ូវីគ (H.E. Anatoly BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី របស់សហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអះអាងដូច្នេះ នៅពេលលោក បានត្រូវអនុញ្ញាត ឱ្យចូលជួប សំដែងការគួរសម ជាមួយនឹងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នេះ នៅសាលារាជធានីភ្នំពេញ។
នៅក្នុងជំនួបនោះ លោក អាណាតូលី បូរ៉ូវីគ បានលើកឡើងថាៈ ប្រទេសរុស្ស៊ីបានមាន ទំនាក់ទំនងការទូត ជាមួយនឹងព្រះរាជាណាចក្រកម្ពុជា មានរយៈពេល ៦៥ ឆ្នាំកន្លងមក ហើយ។ ទំនាក់ទំនងនេះ បានធ្វើឲ្យប្រទេសទាំងពីរ មានទំនាក់ទំនង កាន់តែល្អប្រសើរ រហូតមកដល់ ពេលបច្ចុប្បន្ននេះ។
លោក អាណាតូលី បូរ៉ូវីគ បានបន្តទៀតថាៈ ស្ថានភាពជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ ដល់បណ្ដាប្រទេសជាច្រើន នៅលើពិភពលោក ។ ក្នុងនោះ ព្រះរាជាណា ចក្រកម្ពុជា ក៏ជាប្រទេសមួយ ដែលប្រឈមនឹងជំងឺកូវីដ-១៩ នេះផងដែរ ។ ប៉ុន្តែដោយការខិតខំ ប្រឹងប្រែង ទប់ស្កាត់ពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាល រាជធានីភ្នំពេញ បានធ្វើឲ្យស្ថានភាពជំងឺនេះ នៅកម្ពុជា មានលក្ខណៈល្អប្រសើរ ពិសេសគឺការគ្រប់គ្រង នូវព្រឹត្តិការណ៍ ២៨ វិច្ឆិកា បានយ៉ាងល្អប្រសើរ។
លោកបានបន្តទៀតថាៈ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩នេះ ប្រទេសរុស្ស៊ី បង្កើតបានវ៉ាក់សាំង Sputnik V ដើម្បីចាក់ការពារជំងឺនេះ ហើយវ៉ាក់សាំងនេះ ប្រទេសរុស្ស៊ី គ្រោងនឹងបញ្ជូន មកឲ្យប្រទេសកម្ពុជា នាពេលដ៏ខ្លីខាងមុខនេះ ។ យើងនឹងពិភាក្សាជាមួយ ក្រសួងសុខា ភិបាលកម្ពុជា ដើម្បីបញ្ជូនវ៉ាក់សាំងនេះ មកឱ្យកម្ពុជា។
ក្នុងឱកាសនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងការអរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រទេសរុស្ស៊ី ដែលបានជួយឧបត្ថម្ភ គាំទ្រជាច្រើនមក ប្រទេសកម្ពុជា ក្រោយឆ្នាំ ១៩៧៩ ។ មិនត្រឹមតែប៉ុណ្ណោះទេ រុស្សីនៅបានបណ្ដុះបណ្ដាល ធនធានមនុស្ស របស់កម្ពុជាថែមទៀត។ ជាក់ស្តែង អ្វីដែលយើងបានឃើញ ជាក់ស្តែងនោះ ប្រទេសរុស្សី បានកសាងមន្ទីរពេទ្យមួយ នៅក្នុងរាជធានីភ្នំពេញ នោះគឺ មន្ទីរពេទ្យរុស្ស៊ី ដែលបានបន្សល់ទុកអោយ កូនចៅជំនាន់ក្រោយ បានឃើញ។ លោក ឃួង ស្រេង បានបន្តទៀតថាៈ មន្ទីរពេទ្យរុស្ស៊ី នៅរាជធានីភ្នំពេញ ខណៈកូវីដ-១៩ មន្ទីរពេទ្យនេះ បានតួនាទីយ៉ាង សំខាន់ ក្នុងការព្យាបាលជំងឺកូវីដ-១៩។
ជាមួយគ្នានេះ លោក ឃួង ស្រេង បានថ្លែងការអរគុណ នូវសន្ដានចិត្តដ៏ល្អ របស់ប្រទេស រុស្ស៊ី ដែលគ្រោងនឹងបញ្ជូនវ៉ាក់សាំងកូវីដ-១៩ Sputnik V មកព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាសន្ដានចិត្តដ៏ប្រសើរបំផុត របស់ប្រទេសរុស្ស៊ី ដែលបានគិតគូរ និងយកចិត្តទុកដាក់ ចំពោះព្រះរាជាណាចក្រកម្ពុជា។
ជាការឆ្លើយតបទៅនឹងអ្វីដែលជាការពង្រីកនូវទំនាក់ទំនង មិត្តភាព និងសហប្រតិបត្តិការ រវាងកម្ពុជា និងរុស្ស៊ីនោះ លោកឯកអគ្គរដ្ឋទូតថ្មី នៃសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជា ក៏បាន លើកឡើង ពីទំនាក់ទំនង នៃការចងសម្ព័ន្ធភាព រវាងទីក្រុងពីរ របស់ប្រទេសរុស្ស៊ី ជាមួយនឹងរាជធានីភ្នំពេញ គឺទីក្រុងម៉ូស្គូ និងទីក្រុង ណូវ៉ូស៊ីប៊ីស ។
លោកបានបញ្ជាក់ថាៈ ដោយស្ថានភាពជំងឺកូវីដ-១៩ ការចុះហត្ថលេខា ទៅលើការចង សម្ព័ន្ធមេត្រីភាពនេះ ត្រូវបានអូសបន្លាយពេល។ ទោះបីជាយ៉ាងណាក្តី ការចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ទៅវិញទៅមក ស្ដីពីការបង្កើត ចំណងមិត្តភាពរវាងរាជធានី ភ្នំពេញ និងទីក្រុងទាំងពីរ របស់ប្រទេសរុស្ស៊ីនេះ គ្រោងនឹងធ្វើឡើង នៅពេលដ៏ខ្លីខាងមុខ ពោលគឺក្រោយពី ស្ថានភាពកូវីដ-១៩ បានធូរស្រាល។ លោកក៏បានអះអាង ពីការជំរុញឱ្យ អ្នកវិនិយោគទុន របស់ប្រទេសរុស្ស៊ី មកបណ្ដាក់ទុនរកស៊ី នៅកម្ពុជា ផងដែរ។
ពាក់ព័ន្ធនឹងវិនិយោគិនរុស្ស៊ី គ្រោងនឹងមកបណ្ដាក់ទុនរកស៊ី នៅកម្ពុជានោះ លោក ឃួង ស្រេង បានបញ្ជាក់ថាៈ រដ្ឋបាលរាជធានីភ្នំពេញ នឹងបង្កលក្ខណៈ ងាយស្រួល គ្រប់យ៉ាង សម្រាប់អ្នកវិនិយោគទុន របស់ប្រទេសរុស្ស៊ី ដែលចង់មកបណ្ដាក់ទុនរកស៊ី នៅប្រទេស កម្ពុជា ជាពិសេសនៅក្នុង រាជធានីភ្នំពេញ។
គួរបញ្ជាក់ថាៈ វ៉ាក់សាំង រុស្ស៊ី Sputnik V បានបើកឱ្យចាក់ ជូនពលរដ្ឋ នៅប្រទេសរុស្ស៊ី រួចហើយ ក្នុងនោះ ប្រធានាធិបតីរុស្សី លោក ពូទីន ក៏បានចាក់វ៉ាក់សាំង នេះរួចហើយដែរ។ វ៉ាក់សាំង រុស្ស៊ី Sputnik V ត្រូវចាក់ពីរដូស មានប្រសិទ្ធភាព ៩២ ភាគរយ រក្សាទុក ក្នុងសីតុណ្ហភាព ទូទឹកកក ធម្មតា៕/V-PC