ដោយៈសុខ វណ្ណៈ អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលផ្សះផ្សាវាលវែង/ភ្នំពេញៈខ្ញុំឈ្មោះ ចាន់ ហា អាយុ៧៧ឆ្នាំ។ ប្រពន្ធទីមួយរបស់ខ្ញុំឈ្មោះ ភឿ មានកូនចំនួន៣នាក់ ក្រោយមកខ្ញុំបានរៀបការជាមួយប្រពន្ធទីពីរឈ្មោះ ជួន ច្រិច គឺជាជនជាតិទំពួនមានកូន៤នាក់ថែមទៀត។ ខ្ញុំគឺជាជនជាតិលាវ មានស្រុកកំណើតនៅបាំងបាត ប្រទេសឡាវ។កាលខ្ញុំមានអាយុ៧ឆ្នាំឪពុកម្តាយរបស់ខ្ញុំបានចាកចេញពីស្រុកកំណើត ជាមួយបងប្អូនលាវដទៃទៀតមករស់នៅប្រទេសកម្ពុជា។
ចាន់ ហា អាយុ៧៧ឆ្នាំ សព្វថ្ងៃរស់នៅក្នុងភូមិពាមជីមៀត ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគីរី។
(សុខ វណ្ណៈ/មជ្ឈមណ្ឌលឯកសារកម្ពុជា)
ឪពុកខ្ញុំបានដំណាលប្រាប់ថា ក្រុមគ្រួសារខ្ញុំ និងក្រុមគ្រួសារលាវដទៃទៀតបានធ្វើដំណើរតាមរទេះគោចំនួន១២គ្រឿងកាត់ព្រៃនិងផ្លូវលំ យ៉ាងលំបាកទម្រាំមកដល់ទឹកដីប្រទេសកម្ពុជា។ឪពុកម្តាយរបស់ខ្ញុំបានជ្រើសរើសរស់នៅក្នុងភូមិពាមជីមៀតឃុំណងឃីលិកស្រុកកោះញែក ខេត្តមណ្ឌលគីរី។
ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់ ហើយខ្ញុំគឺជាកូនទី៣។ កាលពីកុមារភាពខ្ញុំបានរស់នៅជាមួយឪពុកឈ្មោះ ចាន់ ម្តាយឈ្មោះ ផង គឺជាជនលាវដូចគ្នា។ ខ្ញុំបានរៀនសូត្រនៅសាលាបឋមសិក្សាក្នុងភូមិពាមជីមៀត។ ខ្ញុំចេះអាននិងសរសេរអក្សរខែ្មរបានបន្តិចបន្តួច។ នៅឆ្នាំ១៩៥០ខ្ញុំបានបួសជាព្រះសង្ឃនៅវត្តពាមជីមៀតប្រហែល៤វស្សាក៏បានលាចាកសិក្ខាបទរួចហើយបានចូលធ្វើទាហាននៃរបបសង្គមរាស្ត្រនិយម។ ខ្ញុំបានចូលធ្វើទាហានមួយឆ្នាំកន្លះក៏ឈប់ និងវិលត្រឡប់មកស្រុកកំណើតរៀបការប្រពន្ធ។
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ក៏មានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តមសីហនុហើយប្រទេសជាតិចាប់កើតមានសង្គ្រាមជាបន្តបន្ទាប់ រវាងខ្មែរនិងខ្មែរនិងមានការចូលរួមពីកងទ័ពយួនវៀតកុង។កាលនោះខ្ញុំបានស្ម័គ្រចូលបម្រើចលនាបដិវត្តន៍ខ្មែរក្រហមតាមរយៈឈ្មោះ ខៀវ ប៊ុន គឺជាចៅហ្វាយខេត្តមណ្ឌលគិរី។
ព្រះវិហាវត្តអន្ទ្រងសែនជ័យ ស្ថិតនៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។
(សុខ វណ្ណៈ/មជ្ឈមណ្ឌលឯកសារកម្ពុជា)
នៅអំឡុងឆ្នាំ១៩៧០ ចលនាបដិវត្តន៍ខ្មែរក្រហមបានវាយប្រយុទ្ធជាមួយទាហាន លន់ នល់ តាមយុទ្ធវិធីធ្វើសង្គ្រាមឈ្លបប៉ុន្តែមាន សកម្មភាពអង់អាចក្លាហាន តស៊ូលះបង់ រហូតទទួលជ័យជម្នះលើទាហាន លន់ នល់ ជាបន្តបន្ទាប់។ នៅក្នុងរយៈពេលសង្គ្រាម៥ឆ្នាំ ខ្ញុំបានស្គាល់ តាសារុន តាខាំភួន និងតាឡាំង ដែលជាអ្នកដឹកនាំកងកម្លាំងខ្មែរក្រហមប្រចាំនៅខេត្តមណ្ឌលគិរី តំបន់១០៥។
នៅឆ្នាំ១៩៧៥ ពេលខ្មែរក្រហមឡើងកាន់អំណាច ខ្ញុំបានត្រឡប់មកស្រុកកំណើតវិញ។ ពេលនោះអង្គការបានប្រជុំប្រាប់ថា ប្រជាជនទាំងអស់មានសិទ្ធិស្មើៗគ្នាគ្មានអ្នកក្រគ្មានអ្នកក្រ។យើងរស់នៅមានជីវភាពស្មើគ្នាបើបងប្អូនណាមានទ្រព្យសម្បតិ្តផ្ទាល់ខ្លួនដូចជាមាសប្រាក់ ដីស្រែចម្ការ គោក្របី ត្រូវតែប្រគល់ជូនអង្គការ។ ពេលនោះគណៈតំបន់១០៥ មានឈ្មោះតាឡាំង និងតាខាំភួន ចំណែកគណៈស្រុកកោះញែក មានឈ្មោះ តាផាក, តាធុច, តាសារុន និងខ្ញុំផ្ទាល់។
នៅឆ្នាំ១៩៧៧កម្មាភិបាលថ្នាក់ស្រុកថ្នាក់តំបន់១០៥មួយចំនួនត្រូវអង្គការហៅទៅរៀនសូត្រនៅទីក្រុងភ្នំពេញនិងក្រោយមកបាត់ខ្លួនរហូត។ បន្ទាប់មក តាសារុន និង តាអនស៊ី ដែលជាអតីតគណៈស្រុកកែវសីមា បានឡើងជាគណៈតំបន់១០៥ ជំនួសវិញ។
នៅឆ្នាំ១៩៧៩ ខ្ញុំបានរត់ចូលព្រៃជាមួយកងទ័ពខ្មែរក្រហមដែលដឹកនាំដោយ តាសារឿន និងបានធ្វើដំណើររហូតដល់ភ្នំដងរែង ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។នៅឆ្នាំ១៩៨២ខ្ញុំបានមកដល់ភ្នំដងរែកនិងបានផ្លាស់មកនៅជាមួយ តាវៀង, តាសារុន និងតាអនស៊ី ក្នុងកងពល១០៥វិញ។ ចំណែក តាសារឿន (០៥) និង តាសាន (០៦) គឺជាថ្នាក់ដឹកនាំកម្លាំងនិងចលនាខ្មែរក្រហម ប្រចាំភូមិភាគឦសានដើម្បីធ្វើការប្រឆាំងនឹងវត្តមានកងទ័ពវៀតណាមនៅលើទឹកដីកម្ពុជា។នៅពេលនោះកងកម្លាំងខ្មែរក្រហមបានធ្វើការឃោសនាក្នុងចំណោមប្រជាជននៅតាមភូមិស្រុកនិងប្រយុទ្ធជាមួយកងទ័ពវៀតណាមដែលសហការជាមួយកងទ័ពរដ្ឋាភិបាលនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។
ព្រៃជំនឿរបស់ជនជាតិភាគតិចក្នុងខេត្តមណ្ឌលគីរី។
(សុខ វណ្ណៈ/មជ្ឈមណ្ឌលឯកសារកម្ពុជា)
នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ និង១៩៩០ ខ្ញុំមានតួនាទីជាគណវរសេនាធំទទួលផ្នែកដឹកជញ្ជូនស្បៀងដល់កងពល១០៥ដែលប្រចាំការ នៅសមរភូមិក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។ នៅពេលនោះខ្មែរក្រហមទទួលបានជំនួយជាសព្វាអាវុធធំតូច សម្ភារ ស្បៀងអាហារ និងថ្នាំពេទ្យមកពីប្រទេសចិន។
នៅពាក់កណ្តាលឆ្នាំ១៩៩០ រាជរដ្ឋាភិបាលកម្ពុជា និងសម្តច ហ៊ុន សែន បានបង្កើតគោលនយោបាយឈ្នះ ឈ្នះ ដែលមានន័យថា ឈ្នះទាំងអស់គ្នា គឺគ្មានអ្នកឈ្នះគ្មានអ្នកចាញ់ ស្របពេលដែលក្រុមខ្មែរក្រហមកំពុងបែកបាក់គ្នាផងនោះកងកម្លាំងខ្មែរក្រហមនៅតាម តំបន់នីមួយៗបានធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់។
ប្រទេសកម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅចុងឆ្នាំ១៩៩៨។ខ្ញុំមានការសប្បាយចិត្តយ៉ាងខ្លាំងដែលថ្នាក់ដឹកនាំបានបង្រួមបង្រួមជាតិ។បន្ទាប់ពីសមាហរណកម្មជាមួយរាជរដ្ឋាភិបាលខ្ញុំបានបន្តធ្វើទាហាននៅក្នុងក្របខណ្ឌកងយោធពលខេមរភូមិន្ទទៀតរហូតដល់ឆ្នាំ២០០០ ទើបចូលនិវត្ត និងបាននាំក្រុមគ្រួសារប្រកបមុខរបរធ្វើស្រែចម្ការដូចបងប្អូនជនជាតិភាគតិចដទៃទៀត។ សព្វថ្ងៃខ្ញុំសប្បាយចិត្តព្រោះបានឃើញកូនចៅចូលរៀន មានផ្លូវថ្នល់ស្អាត មានមន្ទីរពេទ្យ មានផ្សារលក់ដូរ មានមនុស្សអ៊ូអរច្រើន មិនដូចសម័យមានសង្គ្រាមឡើយ៕សរន
សាលាបឋមសិក្សាអន្ទ្រងសែនជ័យ ស្ថិតនៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។
(សុខ វណ្ណៈ/មជ្ឈមណ្ឌលឯកសារកម្ពុជា)