ប្រែសម្រួល : កញ្ញាដាលីស ៖ ឡាយឡំជាមួយនឹងសំឡេងស្រែក “ជយោកាម៉ាឡា ហារីស” ព្រមទាំងកាំជ្រួចនិងការបួងសួង អ្នករស់នៅក្នុងភូមិតូចមួយរបស់ឥណ្ឌាបានប្រារព្ធពិធីសម្ពោធកាន់តំណែងរបស់លោកស្រីជាអនុប្រធានាធិបតីអាម៉េរិក។
ប្រជាជនបានប្រមូលផ្ដុំគ្នានៅក្នុងភូមិនិងវត្តហិណ្ឌូនៅភាគខាងត្បូងប្រទេសឥណ្ឌាដើម្បីមើលលោកស្រីហារីសដែលមានដើមកំណើតនៅក្នុងភូមិនេះស្បថកាន់តំណែងកាលពីថ្ងៃពុធទី២០មករានៅទីក្រុងវ៉ាស៊ីនតោន។
ក្រុមស្ត្រីក្នុងឈុតសារីចម្រុះពណ៌ភ្លឺចែងចាំងនិងបុរសស្លៀកសំពត់សបានទស្សនាការផ្សាយបន្តផ្ទាល់ពិធីស្បថកាន់តំណែងខណៈអ្នកយកព័ត៌មានបានផ្សាយការអបអររបស់អ្នកភូមិទៅកាន់ប្រជាជនឥណ្ឌារាប់លាននាក់។ អ្នកភូមិបានស្រែកថា “ជយោកាម៉ាឡា ហារីស” ខណៈកាន់រូបថតលោកស្រីនិងបាញ់កាំជ្រួចពេលដែលលោកស្រីធ្វើសច្ចាប្រណិធាន។
នាយករដ្ឋមន្ត្រីឥណ្ឌាណារិនដ្រា ម៉ូឌីបានហៅលោកស្រីហារីសដែលក្លាយជាអនុប្រធានាធិបតីអាម៉េរិកថាជា “ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ”និងទន្ទឹងរង់ចាំជួបប្រាស្រ័យទាក់ទងជាមួយលោកស្រីដើម្បីធ្វើឱ្យទំនាក់ទំនងឥណ្ឌា-អាម៉េរិកកាន់តែរឹងមាំ។
តាំងពីព្រឹកព្រលឹម អ្នកភូមិបានតុបតែងវត្តរបស់ពួកគេជាមួយនឹងផ្កា និងបួងសួងឱ្យលោកស្រីហារីសទទួលបានជោគជ័យ។ ជីតាបង្កើតរបស់លោកស្រីបានកើតនៅក្នុងភូមិធូឡាសេនដ្រាពូរ៉ាមស្ថិតនៅចម្ងាយប្រហែល ៣៥០ គីឡូម៉ែត្រពីទីក្រុងឆិនណៃស្ថិតនៅឆ្នេរភាគខាងត្បូងនៃប្រទេសឥណ្ឌា។
លោកគ្រូបង្រៀនឈ្មោះ អានូកាំប៉ា ម៉ាដហាវ៉ាស៊ីមហាន និយាយថា “យើងមានអារម្មណ៍មោទភាពណាស់ ដែលជនជាតិឥណ្ឌាម្នាក់ត្រូវបានបោះឆ្នោតជាអនុប្រធានាធិបតីអាម៉េរិក”៕
អ្នកភូមិធូឡាសេនដ្រាពូរ៉ាមអបអរលោកស្រីហារីសក្លាយជាអនុប្រធានាធិបតីអាម៉េរិក