ដោយៈ សុផល / ភ្នំពេញៈ ក្រសួងទេសចរណ៍ សហការជាមួយ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារអន្តរក្រសួង ដើម្បីគ្រប់គ្រង និងអភិវឌ្ឍន៍ សហគមន៍ទេសចរណ៍ និង អេកូទេសចរណ៍ (ក.គ.អ.អ.) និងរដ្ឋបាលខេត្តសៀមរាប នឹងរៀបចំវេទិកាជាតិ អេកូទេសចរណ៍ជាតិ លើកទី២ នាថ្ងៃទី ២៧-២៨ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារ សុខាសៀមរាប ខេត្តសៀមរាប។
លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានការងារ ក្រុមការងារអន្តរក្រសួង (ក.គ.អ.អ) លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្ត្រៃយ៍ការងារ ក្រុមការងារអន្តរក្រសួង (ក.គ.អ.អ) និងលោក វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានការងារ ក្រុមការងារអន្តរក្រសួង (ក.គ.អ.អ) នឹងអញ្ជើញចូលរួមក្នុងវេទិកានេះ។
សូមជម្រាបថា អន្តរក្រសួង បានបង្កើតគោលនយោបាយជាតិ អេកូទេសចរណ៍ ២០១៩-២០២៣ ដើម្បីជំរុញការអភិវឌ្ឍ វិស័យទេសចរណ៍ ខណៈដែលកម្ពុជា មាន សក្តានុពលទេសចរណ៍ ធម្មជាតិដ៏ធំធេង។ គោលនយោបាយជាតិ អេកូទេសចរណ៍នោះ នឹងនាំមកនូវកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចសហគមន៍ ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។
អ្វីដែលជាផលតបស្នង ត្រឡប់ទៅវិញនោះ គឺចំណូលដែលបានមក ពីវិស័យអេកូទេសចរណ៍ នឹងត្រូវប្រើប្រាស់ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ការពារប្រព័ន្ធជីវៈចំរុះ នៅតំបន់ការពារ ធនធានធម្មជាតិ លើកកំពស់ការអប់រំ ការយល់ដឹង ពីធនធានធម្មជាតិ នៅទូទាំងប្រទេស។ បច្ចុប្បន្ន ប្រទេសកម្ពុជា មាន តំបន់ការពារធម្មជាតិ សរុបចំនួន ៤៦ និងរបៀងជីវៈធម្មជាតិ មានទេសភាព ដ៏ទាក់ទាញ ដែលមានផ្ទៃដី ទំហំ ៧,៥ លានហិកតា ៕/V.mara