ដោយៈតារារិទ្ធ/ភ្នំពេញ៖ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែងបានសំដែងការព្រួយបារម្ភថាត្រីដែលមានតម្លៃថ្លៃ និង ជាត្រីដែលតំណាងឲ្យអត្តសញ្ញាណខេត្ត គឺត្រីប៉ាសេអ៊ីអាចនឹង ត្រូវបាត់បង់នៅ ពេលខាងមុខដោយសារតែកត្តានៃការប្រែប្រួលអាកាសធាតុនិងម្យ៉ាងទៀតត្រីប៉ាសេអ៊ីពិបាកក្នុងការចិញ្ចឹមព្រោះវាស៊ាំនិងការរស់នៅបែបធម្មជាតិតែប៉ុណ្ណោះ ។ ការបារម្ភរបស់ លោកធ្វើឡើងខណៈដែលផលត្រីដែលចាប់បានមានការថយចុះពីមួយឆ្នាំទៅមួយឆ្នាំ ។
លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សា ខេត្តស្ទឹងត្រែង ៕
នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី«វឌ្ឍនភាពមូលដ្ឋានឃុំសង្កាត់និងទិសដៅការងារបន្ដខេត្ដស្ទឹងត្រែង» នាព្រឹកថ្ងៃទី២១មករា២០២១លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សា ខេត្តស្ទឹងត្រែងបានថ្លែងការបារម្ភថានាពេលខាងមុខត្រីប៉ាសេអ៊ីដែលមានតម្លៃរបស់ខេត្តស្ទឹងត្រែងនិងជានិមិត្តរូបរបស់ខេត្តផងនោះអាចប្រឈមនឹងការបាត់បង់ ផុត ពូជដោយសារតែការប្រែប្រួលអាកាសធាតុ និង កត្តាជ្សេងៗទៀត ។
បើតាមលោក ឈាង ឡាក់ ក្នុងឆ្នាំ២០២០នេះបរិមាណផលនេសាទពីធម្មជាតិគឺមានការថយចុះដោយកត្តានៃការប្រែប្រួលអាកាសធាតុ ។លោកបញ្ជាក់ថា៖ត្រីប៉ាសេអ៊ីនេះ មិនមែនពងកូននៅក្នុងទន្លេនៃខេត្តស្ទឹងត្រែងទេ គឺវាពងកូននៅឡាវតាមអ្នកជំនាញជលផលសិក្សាស្រាវជ្រាវហើយជាក្ដីកង្វល់មួយរបស់ប្រជាពលរដ្ឋ ខេត្តស្ទឹងត្រែងដែរគឺទៅ មុខទៀតអាចនឹងបាត់បង់នូវប្រភេទត្រីដែលជាតំណាងអត្តសញ្ញាណរបស់ខេត្ត ។ ក្នុងឆ្នាំ២០២០ បរិមាណផលត្រីប៉ាសេអ៊ី នេសាទបានមានការធ្លាក់ចុះខ្លាំងបើប្រៀបធៀបជា មួយឆ្នាំ២០១៩ ហើយនៅពេលដែលត្រីខ្សត់ខ្សោយតម្លៃត្រីគឺឡើងថ្លៃចាប់ពី១គីឡូក្រាមឡើងទៅមានតម្លៃ ៤០ ម៉ឺនរៀល ទៅ ៦០ ម៉ឺនរៀល ។
ពាក់ព័ន្ធនឹងវិធានការអភិរក្សពូជត្រីនេះកុំឲ្យបាត់បង់ លោក ឈាង ឡាក់ គូសបញ្ជាក់ថាទោះបីកន្លងមកមានអ្នកឯកទេសមកពីប្រទេសវៀតណាមមកធ្វើពិសោធន៍ដោយការ ចិញ្ចឹមត្រីនេះក៏ដោយ ក៏នៅតែមិនអាចចិញ្ជឹមរស់បាន ព្រោះប្រភេទត្រីនេះធនក្នុងការរស់នៅតាមបែបលក្ខណៈធម្មជាតិរបស់វាតែប៉ុណ្ណោះ ។
នៅក្នុងទន្លេសេកុងស្ទឹងត្រែងត្រីដែលមានរស់ជាតិឆ្ងាញ់និងល្បីជាងគេប្រចាំប្រទេសខ្មែរយើងនោះគឹមានចំនួនពីរប្រភេទគឺត្រីប៉ាសេអ៊ី និង ត្រីប៉ាវ៉ាមុខពីរហើយត្រីទាំងពីរនេះ មានតម្លៃថ្លៃនិងឆ្ងាញ់ជាពិសេសដែលមិនអាចកាត់ថ្លៃបាន ។ ត្រីទាំងពីរប្រភេទនេះរដូវកាលដែលសម្បូជាងគេគឺនៅក្នុងខែវិច្ឆិកាដល់ខែកុម្ភៈ។ តម្លៃត្រីប៉ាសេអ៊ីប្រភេ ទតូចៗថ្លៃ ជាង ១០ម៉ឺនរៀលក្នុងមួយគីឡូនិងប្រភេទត្រីធំថ្លៃក្នុងមួយគីឡូជាង ៤០ម៉ឺនរៀល ។ ដោយឡែកចំពោះត្រីប៉ាវ៉ាមុខពីរវិញមានតម្លៃក្នុង១គីឡូជាង១០ម៉ឺនរៀល ។ ត្រីប៉ាសេអ៊ី មានទម្ងន់មិនលើសពីរ២គីឡូក្រាមនោះទេ ប៉ុន្តែត្រីប៉ាវ៉ាមុខពីរអាចធំនិងមានទម្ងន់រហូតដល់៦គីឡូក្រាមឯណោះ ។
អ្នកប្រកបរបរលក់ត្រីនៅផ្សារស្ទឹងត្រែងបានឲ្យដឹងថា៖ប្រភេទត្រីនេះមិនសូវជាមានអ្នកទិញច្រើននោះទេ ក្នុង១ថ្ងៃអាចលក់បានតែ ២ ឬ ៣ត្រីប៉ុណ្ណោះព្រោះជាត្រីប្រភេទដែល មានតម្លៃខ្ពស់ អ្នកដែលហានទទួលទានត្រីនេះភាគច្រើនជាមន្ត្រីថ្នាក់ខ្ពស់ និង អ្នកមានធនធានទើបមានលទ្ធភាពទិញត្រីនេះបាន៕