​សាកលវិទ្យាល័យ​ជាតិ​មានជ័យ ទទួល​ការធ្វើ​បទ​បង្ហាញ​មួយ ក្នុង​បំណង​ពង្រឹង​ជំនឿ ក្នុងអំឡុង​ព្យាបាល​ជម្ងឺ​ខ្លួនឯង​

​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ សាកលវិទ្យាល័យ​ជាតិ​មានជ័យ កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ បានទទួល​ការធ្វើ​បទ​បង្ហាញ​មួយ ដែលជា​ការជំរុញ ការផ្សព្វផ្សាយ (Promotion) មួយឈុត​ទៀត ក្នុង​បំណង​ពង្រឹង​ជំនឿ​ឡើងវិញ ដល់​សាធារណជន ជាពិសេស​និស្សិត​អោយទៅ​សិក្សា នៅ​ទីនោះ អោយបាន​ច្រើន ក្នុង​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ តែមួយគត់ នៅ​ខេត្តបន្ទាយមានជ័យ​នេះ បាន​នឹង​កំពុង​ព្យាបាល​ជំងឺ​ខ្លួនឯង ឬ​ហៅថា ការកែទម្រង់​នោះ ។​

​បទ​បង្ហាញ មាន​ប្រធាន ស្តីពី “ ការគ្រប់គ្រង និង​ភាពជា​អ្នកដឹកនាំ ” ធ្វើ​ជូន​និស្សិត​ឆ្នាំ​ទី​១ វគ្គ​ទី​១ នៃ​សាកលវិទ្យាល័យ​ជាតិ​មានជ័យ (NMU) ដែល​ទើប​ប្តូរ​បន្ថែម ពី​ឈ្មោះ​ដើម សាកលវិទ្យាល័យ​មានជ័យ ដែលមាន​វាគ្មិន​គឺ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​ជា​អតីត​និស្សិត ថ្នាក់បរិញ្ញាប័ត្រ​ជាន់ខ្ពស់ នៃ​សាកលវិទ្យាល័យ​នេះ ។​

​អ្នកធ្វើ​បទឧទ្ទេសនាម​រូបនេះ មានប្រសាសន៍​ផ្តាំផ្ញើ​ថាៈ “​គន្លឹះ​នៃ​ភាពជោគជ័យ ក្នុង​ជីវិត​ការសិក្សា​សំខាន់បំផុត គឺ​ការតស៊ូ និង​ព្យាយាម​សិក្សា ស្រាវជ្រាវ​បន្ថែម​” ។​
​បន្ទាប់​ពីបទ​បង្ហាញ និស្សិត​បាន​សួរ​សំណួរ​ចម្រុះ យ៉ាង​ផុលផុស ទៅកាន់​វាគ្មិន ។​

​ក្នុងឱកាស​នោះ គណៈ​គ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និង​និស្សិត​ទាំងអស់ សូម​គោរព​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក​អភិបាលខេត្ត និង​ជា​អតីត​និស្សិត ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​ជាតិ​មានជ័យ ដែល​ចំណាយ​ពេលវេលា និង​កម្លាំងកាយ​ចិត្ត​ធ្វើ​បទ​បង្ហាញ ។​

​សូម​រំលឹកថា សាកលវិទ្យាល័យ​ជាតិ​មានជ័យ ផ្តួចផ្តើម​កសាងឡើង ដោយ​លោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​លោកស្រី ក្នុង​ឆ្នាំ​២០០៧ ដែល​បាន​ដើរតួនាទី ជា​គ្រឹះស្ថាន​អប់រំ បណ្តុះបណ្តាល ស្រាវជ្រាវ និង​ផលិត​ធនធានមនុស្ស​។​

១៣​ឆ្នាំ មកនេះ គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ​មួយ​នេះ បាន​ផលិត​ធន​ធន​មនុស្ស កម្រិត​បរិញ្ញាប័ត្រ​ជាន់ខ្ពស់ បរិញ្ញាប័ត្រ និង​បរិញ្ញាប័ត្រ​រង លើ ១៤ ជំនាញ នៅតាម​មហាវិទ្យាល័យ ចំនួន ៥ ។ ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សាកលវិទ្យាល័យ​នេះ ស្ទើរ​ដួលរលំ ដោយ​ការបាត់បង់​ជំនឿ ពី​សាធារណជន ពិសេស​និស្សិត លើ​គុណភាព ប្រសិទ្ធភាព នៃ​ការគ្រប់គ្រង ការបណ្តុះបណ្តាល … ហើយ​បរិមាណ​និស្សិត ចូល​សិក្សា​នៅ​ទីនោះ បាន​ធ្លាក់ចុះ​ដ៏​គំហុក ។​

​ក្នុងនោះ រចនាសម្ព័ន្ធ​គ្រប់គ្រង ត្រូវ​បានដាក់​អោយនៅ ក្រោម​គណៈកម្មការ​មួយ របស់​ក្រសួង​អបរំ យុវជន និង​កីឡា​ផ្ទាល់ ដែលមាន​លោក​បណ្ឌិត ជ័យ សារិន នៃ​អគ្គាធិការដ្ឋាន​ក្រសួង​នេះ ទៅធ្វើជា​ប្រធាន​គណៈកម្មការ និង​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ។​
​ឯ​ចំណែក លោក​សំ ង៉ា សាកល​វិទ្យា​ធី​ការ​និង​សាកលវិទ្យាធិការរង​ត្រូវ​ក្លាយជា​សមាជិក ។ ចុងក្រោយ​នេះ លោក សំ ង៉ា ត្រូវបាន​ផ្លាស់ប្តូរ អោយទៅ​បម្រើ​ការងារ នៅ​ទី​ស្តី​ក្រសួង​អប់រំ ពោលគឺ​ដំណាលគ្នា​នឹង​ផ្លាស់ប្តូរ សាកលវិទ្យាធិការ​ជាតិ បាត់ដំបង អោយទៅ​បម្រើការ នៅ​ទីស្តីការក្រសួង​នេះដែរ ។ មកទល់ពេលនេះ គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ​មួយ​នេះ ក៏​នៅ​បន្ត​ស្ថិតក្រោម​ការគ្រប់គ្រង របស់​គណៈកម្មការ​ដ​ដែល មិនទាន់​រកបាន ឬ​ចាំបាច់ ត្រូវ​តែងតាំង​សាកលវិទ្យាធិការ​ថ្មី នៅឡើយ ។​

​ក្នុង​គ្រាអាសន្ន​នេះ និង​ក៏​ដើម្បី​ធានាបាន នូវ​គុណភាព នៃ​ការបណ្តុះបណ្តាល និង​ការសិក្សា​របស់​និស្សិត ដែល​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ នាបច្ចុប្បន្ន និង​ទៅ​អនាគត ១​ឆ្នាំ​ចុង​ក្រោយនេះ ក្រោម​ការយកចិត្តទុកដាក់ និង​ការគាំទ្រ​យ៉ាង​ពេញទំហឹង របស់លោក ស សុខា ប្រធាន​ក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ​នេះ បានដាក់​ចេញ​នូវ កម្មវិធី​កែទម្រង់ ឬ​អាច​ហៅថា ព្យាបាល​ជំងឺ ចំនួន ៦​ចំណុច ដូចជា ការពង្រឹង​អភិបាលកិច្ច , ការគ្រប់គ្រង​ថវិកា និង​ហិរញ្ញវត្ថុ​, ការគ្រប់គ្រង​បុគ្គលិក ទ្រព្យសម្បត្តិ​រដ្ឋ​, ការកែលម្អ​បរិស្ថាន​, ការកែលម្អ​សេវា​និស្សិត និង​ការកែលម្អ​កម្មវិធីសិក្សា និង​ការស្រាវជ្រាវ ជាដើម​។ ទន្ទឹមនឹងនោះ សាកលវិទ្យាល័យ ក៏ត្រូវ​បាន​ប្តូរ​ឈ្មោះ ជា​សាកលវិទ្យាល័យ​ជាតិ​មានជ័យ និង​ប្តូរ​និមិត្តរូប​ថ្មី ផងដែរ ហើយ​បានរៀបចំ​ផែនការ យុទ្ធសាស្ត្រ រយៈពេល ៥ ឆ្នាំ និង​ផែនការអភិវឌ្ឍន៍ សាកលវិទ្យាល័យ ៕/V​.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular