គ្រោង​កែលម្អសួនច្បារ​មុខក្រសួង​ការពារជាតិ​ឱ្យ​កាន់​តែមាន​សោភ័ណភាព​ស្រស់ស្អាត​ឡើងវិញ​

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​: រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​កែលម្អ​សួនច្បារ​មុខក្រសួង​ការពារជាតិ​ឡើងវិញ ដើម្បី​លើកកម្ពស់​សោភ័ណភាព​ទីក្រុង​ឱ្យ​កាន់តែ​ស្រស់ស្អាត មាន​លំហូរ​ចរាចរណ៍​ស្រួល​ធ្វើដំណើរ និង​មាន​ទីធ្លា​ធំ​ទូលាយ​សម្រាប់​ប្រជាពលរដ្ឋ​ហាត់ប្រាណ ខណៈ​សួនច្បារ​១​នេះ​នៅជាប់​ផ្លូវ​សហព័ន្ធ​រុស្សី ដែលជា​ផ្លូវ​ភ្ញៀវទេស​ចរ​អន្តរជាតិ​បានធ្វើ​ដំណើរ​ឆ្លងកាត់​ច្រើន​។ គម្រោង​ផែនការ​នេះ ត្រូវបាន​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​រួមគ្នា​រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី​ជំនាញ​ក្រសួងការពារជាតិ នា​ព្រឹក​ថ្ងៃទី​២១​ខែមករា ឆ្នាំ​២០២១​នេះ​។​

​លោក ឃួ​ង ស្រេង អភិបាល​អភិបាល​រាជធានី​ភ្នំពេញ​បានបង្ហាញ​ពី​ការគាំទ្រ​ទាំងស្រុង​ចំពោះ​គម្រោង​កែលម្អ​សួនច្បារ​នេះ ថែមទាំង​បាន​ណែ​នាំឱ្យ​​​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​ក្រសួងការពារជាតិ ត្រូវ​សិក្សា​គម្រោង​នេះ​ឱ្យបាន​ច្បាស់លាស់ ហើយ​មាន​ភាព​ស៊ីគ្នា​រវាង​សួនច្បារ​ចាស់​និង​សួនច្បារ​ថ្មី ដើម្បីឱ្យ​តំបន់​នេះ​បាន​ស្រស់ស្អាត ស្រប​ពេលដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​ធ្វើ​របង​ថ្ម​យ៉ាង​ស្រស់ស្អាត​ពីមុខ​ទីស្តីការគណៈរដ្ឋមន្ត្រី ការកែលម្អ​រង្វង់​មូល​ក្តាន់​២ និង​ការរៀបចំ​ប្រព័ន្ធ​ចរាចរណ៍​ផងដែរ​។

​អភិបាល​រាជធានី​ភ្នំពេញ អះអាងថា គម្រោង​កែលម្អ​សួនច្បារ​នេះ​អាច​នឹង​ស្ថាបនា​រួចរាល់​ព្រមៗ​គ្នា ជាមួយ នឹង​គម្រោង​ស្ថាបនា​អគារ​ទីស្តីការក្រសួង​ការពារជាតិ​ថ្មី ដែល​គ្រោង​នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ ការ​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​រង្វង់​ខែមិថុនា ឆ្នាំ​២០២១​ខាងមុខនេះ​។ បន្ទាប់មក​តំបន់​នេះ​នឹងមាន​លំហូរ​ចរាចរណ៍​ធ្វើដំណើរ​ងាយស្រួល​ឡើងវិញ​មិន​ប្រឈម​នឹង​ការកក់ស្ទះ​ដូច​សព្វថ្ងៃ​ឡើយ​។​

​ក្នុងឱកាស​នោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉ែត ន​រិ​ន្ទ្រ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ និង​ជា​នាយកដ្ឋាន​វិស្វកម្ម​ក្រសួងការពារជាតិ​បាន​មានប្រសាសន៍ថា គម្រោង​កែលម្អ​សួនច្បារ​មុខ​ទីស្តីការ​ក្រ​សួង​ពារ​ជាតិ​នេះ មិន​ត្រឹមតែ​លើកកម្ពស់​សោភ័ណភាព​ទាំង​ក្រសួង និង​សួនច្បារ​ឱ្យមាន​ភាពស្រស់ស្អាត​បន្ស៊ី​គ្នា​ប៉ុណ្ណោះ​ទេ គឺ​ជួយ​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​ចេញចូល​ផងដែរ​។​

​សូមបញ្ជាក់ថា តាម​គម្រោង​កែលម្អ​សួនច្បារ​មុខក្រសួង​ការពារជាតិ​នេះ នឹងត្រូវ​កាត់​សួន​ចាស់​ចេញ រហូតដល់​ប្រវែង​៤៥​ម៉ែត្រ ដើម្បី​រៀប​ជា​ផ្លូវចេញចូល​មុខក្រសួង ហើយ​សួន​ថ្មី​នេះ នឹង​រៀប​ជា​ថ្ម​ក្រា​នី​ត ដាំ​ស្មៅ បំពាក់​អំពូល​ភ្លើង ដែល​អាចឱ្យ​ប្រជាពលរដ្ឋ​មាន​កន្លែង​ហាត់ប្រាណ​ងាយស្រួល ជាមួយនឹង​ទីតាំង ធំ​ទូលាយ​ជាង​មុន​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular