ដោយៈ គ្រញូង / បាត់ដំបងៈ កាលពីព្រឹកទី២១ ខែមករា ឆ្នាំ២០២១ លោក ណុប ដារ៉ា អភិបាលរង នៃគណ:អភិបាល ខេត្តបាត់ដំបង តំណាងលោក ងួន រតនៈ អភិបាលខេត្ត បានអញ្ជើញចុះដោះស្រាយ បញ្ចប់វិវាទ រវាងអ្នកម៉ៅការសាងសង់ផ្សារ និងអាជីវករផ្សារល្វាចាស់ ស្ថិតក្នុងឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ប្រកបដោយជោគជ័យ ។
សូមបញ្ជាក់ថា វិវាទរវាងអ្នកម៉ៅការសាងសង់ ជាមួយអាជីវករលក់ដូរ នៅផ្សារល្វាចាស់ បានកើតឡើង ជាច្រើនឆ្នាំមកហើយ បណ្ដាលអោយមានការស្ទះ នូវការអភិវឌ្ឍផ្សារនេះ ឲ្យមានការរីកចម្រើន និងមានសណ្ដាប់ធ្នាប់ ដូចបណ្ដាផ្សារដទៃទៀត។ ក្រោយពីទទួលបានព័ត៌មាន នៃការវិវាទរវាង អ្នកសាងសង់ផ្សារ និងអាជីវករ រួចមក លោក អភិបាលខេត្តបាត់ដំបង បានចាត់តាំងឲ្យលោក ណុប ដារ៉ា អភិបាលរង ចុះទៅដល់ទីតាំងផ្ទាល់ ដើម្បីធ្វើការដោះស្រាយ បញ្ហានេះ ជូនប្រជាពលរដ្ឋ ។
ជាលទ្ធផល នៃដំណោះស្រាយ ទី១. អាជីវករ ព្រមទទួលយក នូវការសាងសង់តូបថ្មីរបស់ខ្លួន តាមតម្លៃទីផ្សារ ក្នុង១តូប ៥៥០ ដុល្លារ តែដោយឃើញផលវិបាក របស់អាជីវករ លោក ណុប ដារ៉ា បានសម្របសម្រួល ជាមួយអ្នកសាងសង់ ដោយបញ្ចុះតម្លៃ ក្នុង១តូប តែ ៤៨៣ ដុល្លារ ។ ទី២. អាជីវករបានឯកភាពគ្នា ជ្រើសរើសចាប់លេខតូប លក់ដូរ ដោយខ្លូនឯង ។
ក្រោយពីបានដោះស្រាយបញ្ចប់បញ្ហា លោក ណុប ដារ៉ា បានសំណូមពរ ឲ្យអាជីវករ ដែលលក់ដូរ តាមតូបថ្មី ត្រូវរក្សាឲ្យបាន នូវសណ្ដាប់ធ្នាប់ល្អ អនាម័យល្អ ។ចេះសាមគ្គីឯកភាពគ្នា និងត្រូវជឿទុកចិត្ត លើការដឹកនាំរបស់ ប្រមុខរដ្ឋាភិបាល សូមកុំជឿតាមការញុះញង់ អុជអាលបំប៉ោងរបស់ជនអគតិមួយចំនួន ដែលមានបំណងអាក្រក់ ចង់បំបែកបំបាក់សាមគ្គីឯកភាពផ្ទៃក្នុង របស់ពលរដ្ឋខ្មែរ និងខ្មែរគ្នាឯង។
អាជីវករផ្សារល្វាចាស់ទាំងអស់ មានចិត្តសប្បាយរីករាយ ត្រេកអរឥតឧបមា និងសូមថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ជាពិសេស គឺលោក ណុប ដារ៉ា ដែលបានលះបង់ពេលវេលា ដ៏មានតម្លៃ ចុះជួបសំណេះសំណាល និងជួយដោះស្រាយ បញ្ចប់វិវាទនេះ ដោយជោគជ័យ ៕/V/សរន