Home ព័ត៌មានអន្តរជាតិ ក្រុម​មេដឹកនា...

ក្រុម​មេដឹកនាំ​បក្ស​កុំម្មុយនីស្ត​ព្យាយាម​រក្សា​វៀតណាម​នៅក្នុង​ទីតាំង​អំណោយផល​ចំពេល​មាន​ភាព​តានតឹង​រវាង​ចិន​និង​អាម៉េរិក​

​ប្រែ​សម្រួលៈ​វាសនា​/​ហាណូយ​៖ គណបក្ស​កុំម្មុយនីស្ត​វៀតណាម​ដែល​កំពុងកាន់​អំណាច​នឹង​ជួបប្រជុំ​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ជួយ​បង្កើត​តួនាទី​សកលលោក​របស់​ប្រទេស​នេះ​សំរាប់​រយៈពេល​៥​ឆ្នាំ​ទៅ​មុខ ដោយ​​ជ្រើសតាំង​មេដឹកនាំ​ថ្មី និង​កំណត់​គោល​នយោបាយ​នៅ​ពេល​ភាព​តានតឹង​កំពុង​កើត​មាន​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​ក្រុម​មេដឹកនាំ​អាម៉េរិក​ថ្មី​ដឹកនាំ​ដោយ​លោកចូ បៃ​ដិន​។​

​សមាជ​បក្ស​លើក​ទី​១៣​របស់​បក្ស​កុំម្មុយនីស្ត ចាប់ពី​ថ្ងៃ​២៥​មករា​ដល់​០២​កុម្ភៈ នឹង​ពង្រឹង​ក្រុម​មេដឹកនាំ​ដែល​សម្លឹង​ទៅ​រក​ការជំរុញ​ជោគជ័យ​សេដ្ឋកិច្ច​របស់​វៀតណាម​ដើម្បី​ទ្រោល​ភាពស្របច្បាប់​របស់​ខ្លួន​។​​បញ្ហា​សំខាន់​មួយ​ក្នុង​ការជំរុញ​ជោគជ័យ​នេះ គឺ​ការ​ប្រឈម​នៅក្នុង​ធ្វើអោយ​មាន​តុល្យភាព​នូវ​ទំនាក់ទំនង​ជាមួយ​ចិន​និង​សហរដ្ឋ​អាម៉េរិក ដែល​វៀតណាម​បាន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​សំខាន់​មួយ នៅក្នុង​​ពិភព​សេដ្ឋកិច្ច​មួយ​ដែល​បាន​របូត​ចេញ​ពី​ភាព​ទៀត​ទាត់​ដូច​កាលពី​មុន​។​

​ត្រូវបាន​ជំរុញ​ដោយ​ការកែសម្រួល​ទិសដៅ​ពាណិជ្ជកម្ម​ពិភពលោក​ថ្មី​ដោយសារ​តែ​ជម្លោះ​រវាង​មហាអំណាច​អាម៉េរិក​និង​ចិន វៀតណាម​ឥឡូវ​កំពុង​រីក​ធំ​ធាត់​ក្លាយជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​បច្ចេកវិទ្យា​​សំខាន់​បំផុត​មួយ​ក្នុង​លោក ព្រមទាំង​ជា​មជ្ឈមណ្ឌល​ផលិត​សម្លៀកបំពាក់​នៅ​ក្នុង​សេដ្ឋកិច្ច​មួយ​ដែល​កំពុង​ស្ថិត​នៅលើ​ផ្លូវ​ឆ្ពោះទៅ​កាន់​ការ​រើប​រើ​លឿន​ជាង​ប្រទេស​នានា​ដែល​រងគ្រោះ​ដោយ​ជំងឺ​កូវី​ដ​១៩​ដូចគ្នា​។​

​ឡេ ហុង ហៀ​ប នៅ​វិទ្យាស្ថាន​ISEAS-Yusof Ishak​នៅ​សិង្ហ​បុរី បាន​និយាយថា « ការ​ប្រួត​ប្រជែង​គ្នា​ខាង​យុទ្ធសាស្ត្រ​រវាង​អាម៉េរិក​និង​ចិន នឹង​បន្ត​ធ្វើ​អោយ​បរិយាកាស​សេដ្ឋកិច្ច​និង​ភូមិសាស្ត្រ​-​យុទ្ធ​សា​​ស្ត្រ​តំបន់​មិនមាន​ស្ថិរភា​ពនៅ​៥​ឆ្នាំ​ខាង​មុខ​។​នេះ​ជា​ការ​ប្រឈម​ធំ​មួយ​សំរាប់​វៀតណាម​ដែល​មាន​សេដ្ឋកិច្ច​បើកចំហ​ខ្លាំង​និង​ពឹង​លើ​ការវិនិយោគ​បរទេស​និង​ពាណិជ្ជកម្ម​អន្តរជាតិ​»​។​

​នៅ​៥​ឆ្នាំ​មកនេះ វៀតណាម​មាន​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម​៦​ភាគរយ ហើយ​នៅ​អាច​កើន​បាន​២,៩​ភាគរយ​ក្នុង​ឆ្នាំ​២០២០​ទោះជា​រង​ការវាយប្រហារ​ដោយកូវី​ដ​១៩​នៅ​ពេល​ប្រទេស​នានា​ជួប​កំណើន​អវិជ្ជ​​មាន​។​វៀតណាម​ទទួលបាន​ជោគជ័យ​ក្នុង​ការទប់ស្កាត់​វីរុស​កូរ៉ូណា ជាមួយនឹង​ការ​ធ្វើ​ចត្តា​ឡីស័​កដ៏​តឹងរឹង ការ​ធ្វើតេស្តិ៍​និង​វិធានការ​តាម​រក​ប្រភព​ជំងឺ​ហ្មត់ចត់​។​

​លោក​ហៀ​ប បាន​និយាយថា «​ពួក​មេដឹកនាំ​វៀតណាម​នឹង​ដឹង​អំពី​របៀប​កំហិត​ផលប៉ះពាល់​អវិជ្ជមាន និង​ឆ្លៀតឱកាស ជាពិសេស​ការ​រើ​ពាណិជ្ជកម្ម​និង​ការវិនិយោគ​មក​ពី​ចិន​»​។​

-​ភាព​តឹនតឹង​ពាណិជ្ជកម្ម​ជាមួយ​អាម៉េរិ​ក​

​បេក្ខជន​សំខាន់ៗ​សំរាប់​មុខតំណែង​ថ្មី​ដែល​នឹង​ត្រូវ​សំរេច​នៅ​សមាជ​នេះ ត្រូវបាន​គេ​ដឹង​ជា​ទូទៅ​នៅក្នុង​មជ្ឈដ្ឋាន​នយោបាយ​របស់​ក្រុង​ហាណូយ តែ​ការប្រកាស​ជា​ផ្លូវការ​ត្រូវ​រក្សា​ជា​ការសម្ងាត់​កំពូល​។​សូម​​បញ្ជាក់ថា បក្ស​កុំម្មុយនីស្ត​វៀតណាម ក្តោប​ក្តាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​យ៉ាង​ណែន​និង​មិន​អត់​ឳ​ន​ចំពោះ​ការរិះគន់​ទេ​។​

​ជា​ផ្លូវការ វៀតណាម​មាន​ក្រុម​មេដឹកនាំ​៤​សសរ គឺ​ប្រធាន​បក្ស ប្រធានាធិបតី នាយករដ្ឋមន្ត្រី និង​ប្រធាន​សភាជាតិ​។​

​នៅពេល​ការតស៊ូ​អំណាច​កាលពី​ឆ្នាំ​២០១៦​និង​ការបង្ក្រាប​អំពើពុករលួយ​ក្នុង​រដ្ឋាភិបាល​នៅ​ពេល​ក្រោយៗ​មក​បាន​បង្ក​ការបែកបាក់​នៅ​ទូទាំង​ជួរ​បក្ស អ្នកវិភាគ​ជា​ច្រើន​រំពឹងថា​វៀតណាម​នឹង​បន្ត​មាន​​និរន្តរភាព​នៅក្នុង​កា​រ​បង្កើត​គោលនយោបាយ​សេដ្ឋកិច្ច គោលនយោបាយ​ក្នុងស្រុក​និង​ការបរទេស​បន្ទាប់​ពី​ស​មា​ជ​នេះ​ទៅ​។​

​ជា​សត្រូវ​ជូរចត់​ក្នុងអំឡុង​សង្គ្រាម​វៀតណាម រដ្ឋាភិបាល​ក្រុង​ហាណូយ​និង​វ៉ាស៊ីនតោន​ឥឡូវ​រីករាយ​នឹង​ទំនាក់ទំនង​កាន់តែ​កក់ក្តៅ​ឡើង​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ​តែ​មាន​ភាព​តានតឹង​ពាណិជ្ជកម្ម​នៅ​មួយ​​រយៈពេល​ចុងក្រោយ​នេះ​។​នៅពេល​មាន​និន្នាការ​ដូរ​ទីតាំង​ផ្គត់ផ្គង់​សកល​ដោយសារ​តែ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាម៉េរិក​និង​ចិន វា​ផ្តល់​ប្រយោជន៍​ដល់​វៀតណាម​ហើយ​ក្រុម​មេដឹកនាំ​វៀតណាម​ថ្មី​ទំនងជា​​នឹង​ជួប​ការ​ការត្រួតពិនិត្យ​ខ្លាំង​ឡើង​ពី​អាម៉េរិក និង​ក្រុម​មេដឹកនាំ​ថ្មី​នៅ​សេត​វិមាន​។​

​ឳ​ន​ភាព​ពាណិជ្ជកម្ម​របស់​វៀតណាម​ជាមួយ​អាម៉រិក​កើនឡើង​យ៉ាង​លឿន ហើយ​អាម៉េរិក​ក្រោម​ការដឹកនាំ​របស់​ត្រាំ កាលពី​ចុងឆ្នាំ​មុន​បាន​ហៅ​វៀតណាម​ជា​អ្នក​លេងល្បិច​រូបិយ​បណ្ណ​ដើម្បី​កេងចំណេញ ដែល​​នាំអោយ​មាន​ការបារម្ភ​អំពី​ការ​វាយ​ពន្ធ​ពី​អាម៉េរិក​លើ​ទំនិញ​វៀតណាម​។ គម្លាត​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បាន​កើន​ពី​៤៧​ពាន់​លាន​នៅ​ឆ្នាំ​២០១៩​មក​៦៣​ពាន់​លាន​នៅ​ឆ្នាំ​២០២០​។​

​តំណាង​ពាណិជ្ជកម្ម​អាម៉េរិក​នៅ​ខែ​នេះ​ក៏​បាន​និយាយ​ថា​អំពើ​របស់​វៀតណាម​ក្នុងការ​បញ្ចុះ​ថ្លៃ​ប្រាក់​ដុង​របស់ខ្លួន ជា​«​ការ​មិន​សម​ហេតុផល​»​និង​បាន​កំហិត​ពាណិជ្ជកម្ម​របស់​អាម៉េរិក តែ​មិន​បាន​ចាត់​​វិធានការ​វាយ​ពន្ធ​លើ​ទំនិញ​វៀតណាម​ទេ ដោយ​ទុក​ការសំរេចចិត្ត​លើ​រដ្ឋាភិបាល​របស់​លោកបៃ​ដិន​។​

​ហា ហ័ង​ហប់ នៅ​វិទ្យាស្ថាន ISEAS-Yusof Ishak បាន​និយាយថា «​វៀតណាម​នឹង​រក្សា​ការចរចា​ជាមួយ​រដ្ឋាភិបាល​របស់​បៃ​ដិន​ដើម្បី​មាន​ការយោគយល់​គ្នា​ល្អប្រសើរ​ឡើង និង​ក្នុងពេល​ជាមួយ​គ្នា​ពិនិត្យ​​មើល​ឡើង​វិញ​ដោយ​សម្ងាត់​អំពី​គោលនយោបាយ​ពាណិជ្ជកម្ម​និង​រូបិយវត្ថុ​របស់ខ្លួន ព្រមទាំង​ការអនុវត្ត​វា​»​។​

-​ពេលវេលា​លំបាក​

​នៅក្នុង​ស្រុក ពួក​មេដឹកនាំ​វៀតណាម​ក៏​នឹង​ប្រឈម​ដោះស្រាយ​ជាមួយ​នឹង​សង្គម​មួយ​ដែល​មាន​មនុស្ស​វ័យចាស់​កើនឡើង​យ៉ាង​ឆាប់រហ័ស​បំផុត​នៅ​អាស៊ី ហើយ​នឹង​កំណែ​ទំរង់​ប្រព័ន្ធ​អប់រំ​ជាន់ខ្ពស់​ហួស​​សម័យ​មួយ ដែល​បណ្តាល​អោយ​ផ្សារ​ពលកម្ម​ក្នុងស្រុក​ខ្វះ​កម្លាំង​ជំនាញ​។​

​ពួក​អ្នកសង្កេតការណ៍​និយាយថា ការ​ប្រឈម​ធំៗ​ខាង​ក្រៅ​ផ្សេងៗ​រួមមាន ការស្វែងរក​ផ្លូវ​ដោះស្រាយ​ជាមួយ​ចិន ដែល​កាន់តែ​អាង​យ៉ាង​ខ្លាំង​ឡើង​នៅក្នុង​ការអះអាង​កម្មសិទ្ធិ​ដ៏​ធំ​នៅ​សមុទ្រ​ចិន​ខាងត្បូង​​ជាពិសេស​តំបន់​សំបូរ​ថាមពល​ដែល​ជាន់​លើ​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​វៀតណាម​។​

​ហា ហ័ង​ហប់ បាន​និយាយថា «​ទស្សនវិស័យ​សំរាប់​សន្តិសុខ​នៅ​សមុទ្រ​ចិន​ខាងត្បូង កាន់តែ​ទុទិដ្ឋិនិយម​ឡើង​នៅ​ឆ្នាំនេះ​។​វៀតណាម​នឹង​កាន់តែ​ប្រុងប្រយ័ត្ន និង​ត្រៀម​ឆ្លើយតប​ចំពោះ​កម្លាំង​បរទេស​បង្ក​​រឿង​»​។​

​ទោះជា​យ៉ាងណា សហសេវិក លោក​ឡេ ហុង ហៀ​ប បាន​និយាយថា ក្រុម​មេដឹកនាំ​វៀតណាម​ក៏​ដឹង​អំពី​សារសំខាន់រ​បស់​ចិន​ចំពោះ​សន្តិសុខ​និង​សុខុមាលភាព​សេដ្ឋកិច្ច​វៀតណាម​ដែរ ដែល​បង្ខំ​អោយ​វៀត​​ណា​ម​ព្យាយាម​រក្សា​តុល្យភាព​រវាង​មហាអំណាច​ទាំងពីរ​។​

​សូមបញ្ជាក់​ថា ទោះជា​មាន​ជម្លោះទឹកដី​នឹង​គ្នា ចិន​នៅ​តែ​ជា​ប្រភព​វត្ថុធាតុដើម​និង​គ្រឿង​បរិក្ខារ​ធំ​បំផុត​សំរាប់​ឧស្សាហកម្ម​កមន្តសាល​ដែល​កំពុង​លូតលាស់​របស់​វៀតណាម​។​

​ហ​ប់ បាន​និយាយទៀតថា ការ​ប្រឈម​ដទៃទៀត​របស់​ក្រុម​មេដឹកនាំ​វៀតណាម​សំរាប់​៥​ឆ្នាំ​ទៅ​មុខ រួម​មាន​កំណែ​ទំរង់​ដែល​ត្រូវការ​ចាំបាច់​ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរជាតិ​ទើប​ចុះ​ហត្ថ​​លេខា​ថ្មីៗ​និង គោលនយោបាយ​ការបរទេស​កាន់តែ​ពិស្តារ​និង​សកម្ម​ឡើង​។​

​ការពង្រឹង​វិស័យ​ការពារ​ជាតិ​វៀតណាម​ក៏​ស្ថិត​ក្នុង​របៀបវារៈ​ផងដែរ​៕

​បក្ស​កុំម្មុយនីស្ត​វៀតណាម​នៅ​សប្តាហ៍​ក្រោយ​នឹង​បើក​សមាជ​ជ្រើសតាំង​ក្រុម​មេដឹកនាំ​និង​កំណត់​យុទ្ធសាស្ត្រ​៥​ឆ្នាំ​ទៅ​មុខ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular