Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្រុមហ៊ុន​ផ្ត...

ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្នែក​ម្ហូបអាហារ​លំដាប់​ពិភពលោក​របស់​បារាំង​បាន​ឈាន​ជើង​ចូល​ទីផ្សារ​កម្ពុជា​

​ដោយ​:​ច្រាយ ចំណាន​/​ភ្នំពេញៈក្រុមហ៊ុន​ផ្តល់​សេវាកម្ម​សេវា​​អាហា​រដ្ឋា​ន ញូ​វ​រ៉ែ​ស ខេ​ម​បូ​ឌា (Newrest Cambodia) បាន​ឈាន​ន​ជើង​ចូល​ទីផ្សារ​កម្ពុជា ដោយមាន​ការចូលរួម​បើក​ពិធី​សម្ភោ​ធ​ដោយ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​។ ពិធី​នេះ ក៏មាន​ការចូលរួម​ពី​លោកស្រី អ៊ី​វ៉ា ង្វៀន ប៊ិ​ញ (Eva Nguyen Binh) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​បារាំង ប្រចាំ​កម្ពុជា​ផងដែរ​។​

​លោក​ប៉ាន សូរ​ស័ក្តិ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែង​ក្នុង​ពិធី​សម្ភោ​ធ​ក្រុមហ៊ុន​ខាងលើ​កាលពី​ល្ងាច​ថ្ងៃទី​២០ មករា កន្លងមក​ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កម្ពុ​ជាមាន​សុខសន្តិភាព​ពេញលេញ​ទូទាំងប្រទេស ដែលជា​កត្តា​សំខាន់​មួយ ទាក់ទាញ​វិនិយោគិន​ពី​បរទេស​ឲ្យ​មក​បណ្ដាក់ទុន​រកស៊ី​នៅ​កម្ពុជា​កាន់តែ​ច្រើនឡើងៗ មានដូចជា​ក្រុមហ៊ុន ញូ​វ​រ៉ែ​ស នៅពេលនេះ​ជា​ភស្តុតាង​ស្រាប់​។

​លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា “​វត្តមាន​ក្រុមហ៊ុន​ដ៏​ធំ​បម្រើ​ផ្នែក​អាហារ​របស់​បារាំង​នេះ នឹង​រួមចំណែក​បង្កើត​ការងារ​ក្នុងស្រុក ក៏​ដូច​ការ គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍​នាពេលខាងមុខ​”​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ក៏បាន​សម្ដែង​នូវ​ការស្វាគមន៍ និង​ថ្លែងអំណរគុណ​ដល់​វិនិយោគិន​បារាំង ដែល​បានជ្រើសរើស​យក​កម្ពុជា​ជាទី​ផ្សារ​សេវាកម្ម​របស់ខ្លួន ស្របតាម​គោលនយោបាយ​លើកទឹកចិត្ត​វិនិយោគ​របស់​កម្ពុជា​។​

​ក្រុមហ៊ុន ញូ​វ​រ៉ែ​ស ជា​ក្រុមហ៊ុន​សេវាកម្ម​ម្ហូបអាហារ​លំដាប់​ពិភពលោក​ដ៏​ធំ​មួយ​របស់​ប្រទេស​បារាំង ដែល​ប្រតិបត្តិការ​នៅក្នុង​៥៨​ប្រទេស​លើ​ពិភពលោក មាន​បុគ្គលិក​បម្រើ​ការងារ​ចំនួន​៣៤.៩០០​នាក់ ដែល​អាច​រក​ចំណូល​រួម​បាន​ចំនួន​១.៥២៦,៧០ លាន​អឺរ៉ូ ក្នុង​ឆ្នាំ​២០១៨-២០១៩​។ ក្រុមហ៊ុន​នេះ បម្រើសេវា​ផ្គត់ផ្គង់​ម្ហូបអាហារ​យ៉ាង​សំបូរបែប រួមមាន សេវា​ម្ហូបអាហារ​លើ​យន្តហោះ សេវា​ម្ហូបអាហារ​តាម​កម្មវិធី និង​តំបន់​ដាច់ស្រយាល សេវា​ម្ហូបអាហារ​លើ​រថភ្លើង និង​សេវា​ម្ហូបអាហារ​នៅតាម​ភោជនីយដ្ឋាន​៕


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular