ដោយ៖តារារិទ្ធ/ភ្នំពេញ៖លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែងបានបង្ហាញឲ្យដឹងថាខេត្តបានត្រៀមដីប្រមាណ៥០០ហិកតាសម្រាប់ការសសងសង់អាកាសយានដ្ឋានថ្មីនៅក្នុងខេត្តស្តឺងត្រែង ដែលខេត្តគិតថាក្នុងគោលដៅរយៈពេល ៥ ឆ្នាំខាងមុខទៀតខេត្តចាំបាច់ត្រូវតែមានអាកាសយានដ្ឋានមួយ ។
លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង ៕
ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដខេត្ដស្ទឹងត្រែង» នាព្រឹកថ្ងៃទី២១ មករា ២០២១ ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅទីស្តីការគណៈរដ្ឋមន្ត្រីលោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែងបានថ្លែងថា៖«ក្នុងគោលដៅរយៈពេល ៥ ឆ្នាំខាងមុខទៀតក្រសួងទេសចរណ៍ក៏ដូចជាអាជ្ញាធរអាកាសចរណ៍ស៊ីវិលកំពុងសិក្សាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ដោយបានកំណត់ទុកហើយទាំងផ្ទៃដីទាំងការដោះស្រាយផលប៉ះពាល់ក្នុងការពង្រីកព្រលានយន្តហោះនេះក្នុងនោះបានធ្វើការមួយជំហ៊ានហើយជាមួយប្រជាពលរដ្ឋសម្រាប់ការដោះស្រាយទីតាំង» ។
លោកបន្តថាថ្វីត្បិតមិនទាន់បានដំណើរការប៉ុន្តែដើម្បីពង្រីកវិស័យទេសចរណ៍រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រ សួងទេសចរណ៍និងអាជ្ញាធរអាកាសចរណ៍ស៊ីវិលកម្ពុជាសិក្សារួចហើយហើយបានរៀបចំផែនទីគោលមួយសម្រាប់សាងសង់ពង្រីកអាកាសយានដ្ឋានចាស់ដែលមានហើយបន្ថែម។លោកបន្តថាបន្ទាប់ពីមណ្ឌលគិរីមកប្រហែលជាខេត្តស្ទឹង ត្រែងសង្ឃឹមអាចទទួលបានព្រលានយន្តហោះថ្មីនេះហើយក៏បាននិងកំពុងសិក្សាពីទីតាំងផ្សេងទៀតសម្រាប់ធ្វើព្រលានក្នុងករណីគិតថាព្រលានចាស់មានទំហំតូចមិនអំណោយផលដល់ការចុះចតរបស់យន្តហោះធុនធំ ។
លោកអភិបាលរងខេត្តបញ្ជាក់ថា៖«ខ្ញុំសុំបញ្ជាក់ខ្លីថាអនាគតអាចមានមិនដឹងថាតើនៅពេលណា ។ ប៉ុន្តែយើងនៅរក្សាជំហរថាព្រលានយន្តហោះអាចកើតមានឡើងអាចស្ដារ ពង្រីក និងអភិវឌ្ឍន៍ នៅពេលណាមួយដែលរាជរដ្ឋាភិបាលអាចកំណត់ រយៈពេលឲ្យយើងសាងសង់។ចឹងអត់ដឹងថាថ្ងៃណាទេគ្រាន់តែបញ្ជាក់ថានឹងមានយើងកំណត់ផ្ទៃដីដល់ ៥០០ហិកតាធំណាស់»។
យន្តហោះសម័យអតីតរដ្ឋកម្ពុជាបានហោះហើរដឹកទំនិញនិងមនុស្សពីភ្នំពេញទៅកាន់ខេត្តស្ទឹងត្រែង ៕
គួររំលឹកថាកន្លងមក លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានមានប្រសាសន៍ឲ្យដឹងថា ព្រលានយន្តហោះខេត្តស្ទឹងត្រែងត្រូវបានដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍន៍ជាមួយគំរោងផ្សេងទៀតដូចជា ទឹកស្អាត និង ឡូជីស្ទិករួចហើយប៉ុន្តែការដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍន៍នេះ ត្រូវការការសិក្សារយៈពេលវែងដើម្បីពិនិត្យមើលពីចំណុចអាទិភាពនិងផលប្រយោជន៍ដែលទទួលបានការអភិវឌ្ឍនេះ។
លោកបន្តថា “ផែនការសាងសង់ព្រលាននេះនឹងត្រូវឆ្លងកាត់ការពិនិត្យពិច័យជាច្រើនពីអ្នកជំនាញ នៃដៃគូអភិ វឌ្ឍន៍មុនសម្រេចសាងសង់ឬអត់ ?។ ហេតុនេះវាមិនប្រាកដថាគំរោងនេះនឹងជាប់ក្នុងផែនការអាទិភាពរបស់រាជរដ្ឋាភិបាលទេ ។ លោកបន្តថាព្រលានយន្តហោះនេះអាចចំណាយថវិកាវិនិយោគចន្លោះពី ៥០ ទៅ៦០លានដុល្លារអា មេរិកព្រោះព្រលាននេះមានដីស្រាប់រួចហើយ។
លោក ដួង ពៅ ក៏បានថ្លែងពាក់ព័ន្ធនិងវិស័យទេសចរណ៍ថាកាលពីជិត ២០ឆ្នាំមុនខេត្តស្ទឹងត្រែងគឺជាកោះមួយដោយសារពេលនោះគ្មានមធ្យោបាយសម្រាប់ការធ្វើដំណើរទៅ ដល់ជាតំបន់មួយដែលត្រូវឆ្លងកាត់អសន្តិសុខច្រើន ការធ្វើដំណើរទៅកាន់ខេត្តស្ទឹងត្រែងភាគច្រើនតាមជើងទឹក។ប៉ុន្ទែបន្ទាប់ពីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាបន្តបន្ទាប់បានធ្វើឲ្យខេត្តស្ទឹងត្រែងឈានទៅដល់ការអភិវឌ្ឍលើវិស័យទេសចរណ៍ដែលកំណត់ទៅដៅលើតំបន់ការ ពារធម្មជាតិដែលមានសក្ដានុពលនិងមានលក្ខណៈអំណោយផល ។ ជាក់ស្ដែងបច្ចុប្បន្នខេត្តមានតំបន់ទាក់ទាញទេសចរចំនួន ១១កន្លែងដែលកំពុងដំណើរការនិងបើកឲ្យប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរអន្តរជាតិទៅទស្សនាកម្សាន្ត ។
លោកអភិបាលរងខេត្តស្ទឹងត្រែងបានថ្លែងឲ្យដឹងផងដែរថាបច្ចុប្បន្នខេត្តស្ទឹងត្រែងនៅសល់ធនធានព្រៃឈើក្នុងរង្វង់ប្រហាក់ប្រហែលជាង ៥០% នៃទំហំផ្ទៃដីរបស់ខេត្តចំនួន១២.០១៦ គីឡូម៉ែត្រការេ ។ការកាប់ព្រៃឈើនៅមានលក្ខណៈតិចតួចគឺជាលក្ខណៈគ្រួសារព្រោះអាជ្ញាធរខេត្តបានខិតខំប្រើប្រាស់គ្រប់មធ្យោបាយទប់ស្កាត់ជារៀងរាល់ថ្ងៃ ដើម្បីធ្វើឲ្យដំណើរការនៃការគ្រប់គ្រងការថែរក្សានិងការអភិរក្សធនធានធម្មជាតិឲ្យបានគង់វង់ ។
ខេត្តស្ទឹងត្រែងស្ថិតនៅភាគឦសាននៃប្រទេសមានចម្ងាយ៤៥៥គីឡូម៉ែត្រពីរាជធានីភ្នំពេញមានព្រំប្រទល់ខាងជើងជាប់ខេត្តចាំប៉ាសាក់និងខេត្តអត្តពឺនៃប្រទេសឡាវ ខាងកើត ជាប់ខេត្តរតនគិរីខាងត្បូងជាប់ខេត្តក្រចេះនិងខេត្តមណ្ឌលគិរីខាងលិចជាប់នឹងខេត្តព្រះវិហារនិងខេត្តកំពង់ធំ។
ខេត្តស្ទឹងត្រែង មានផ្ទៃដី ១២.០១៦ គីឡូម៉ែត្រការេ ចែកជា ៦ក្រុង ស្រុក ៣៤ឃុំ សង្កាត់ ១២៨ភូមិ បច្ចុប្បន្នខេត្តមានប្រជាជន ១៦៤.៥៩៨នាក់ ស្រី ៨២.៣១៨នាក់ស្មើ នឹង ៣៩.៣៨៧ គ្រួសារក្នុងនោះប្រជាពលរដ្ឋអាយុ ១៨ ឆ្នាំឡើង ៩៣.៧០៤ នាក់ អត្រាកំណើនប្រជាជន ៣,៨% គិតជាដង់ស៊ីតេប្រជាជនស្មើនឹង ១៣នាក់ក្នុង១គីឡូម៉ែត្រក្រឡាប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៨៥.៣៤៩ នាក់ ។ ប្រជាពលរដ្ឋប្រមាណ ៨០ ភាគរយប្រកបរបរចិញ្ចឹមជីវភាពដោយពឹងផ្អែកលើវិស័យកសិកម្មដែលមានស្រែ ចម្ការ ដាំដំណាំកសិឧស្សាហកម្ម ដំណាំសាវប្បកម្ម និងការនេសាទជាដើមមុខរបរក្រៅពីវិស័យកនេះមានវិស័យ ពាណិជ្ជកម្ម ឧស្សាហកម្ម-សិប្បកម្ម សេវាកម្មនិងមន្ត្រីរាជ ការសាធារណៈ ដែលជាមូលដ្ឋានក្នុងការលើកកម្ពស់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅប្រចាំថ្ងៃ។
ផលិតផលក្នុងស្រុកសរុបសម្រាប់ប្រជាជនម្នាក់គិតត្រឹមចុងឆ្នាំ២០២០ ស្មើនឹង១.៥៣០ ដុល្លារអត្រាភាពក្រីក្រថយចុះមកត្រឹម ២៤ ភាគរយ។ ផ្ទៃដីខេត្តធំទូលាយអនុគ្រោះលើការវិនិយោគលើវិស័យកសិកម្ម-កសិឧស្សាហកម្មនិងការពង្រីកផលិតកម្មកសិកម្ម។ ប្រភពទឹកកសិកម្មនិងប្រើប្រាស់ពឹងផ្អែកលើសក្ដានុពលនៃទន្លេទាំងបួនក្នុងខេត្តប្រភពធនធានធម្មជាតិ ជីវចម្រុះ ជាមូលដ្ឋានតំបន់អេកូទេសចរណ៍ទីជម្រកសម្រាប់ការពងកូនរបស់ពពួកត្រីមេពូជ ជាតំបន់ផ្ដល់ជីវិតនៃប្រព័ន្ធជីវចម្រុះ-ធនធានមច្ឆាជាតិដ៏សំខាន់។
ខេត្តមានទំនប់វារីអគ្គិសនីមួយ ដែលមានអនុភាព៤០០មេហ្កាវ៉ាត់ មានស្ពានឆ្លងកាត់ទន្លេចំនួន ៤កន្លែង ដែលស្ថិតនៅក្នុងទីរួមខេត្ត ២កន្លែង និងនៅផ្នែកខាងលើនៃទន្លេកុង២កន្លែង ។មានផ្លូវជាតិសំខាន់ៗកាត់ខេត្តចំនួ ន៣គឺផ្លូវជាតិលេខ៧លេខ៩និងលេខ៧៨សម្រាប់បម្រើការធ្វើចរាចរណ៍ភ្ជាប់មកកាន់រាជធានីភ្នំពេញប្រាសាទអង្គរ វត្តតំបន់មាត់សមុទ្រនិងទៅកាន់បណ្ដាខេត្តផ្សេងៗទៀត។នេះបើតាមការបញ្ជក់របស់លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែងលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយស្ដីពីវឌ្ឍនភាពមូលដ្ឋានឃុំសង្កាត់និងទិស ដៅការងារបន្តរបស់ខេត្តស្ទឹងត្រែងដែលពិធីនេះរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅទីស្ដីការគណៈរដ្ឋមន្ត្រី ៕សរន