ដោយៈ ដេប៉ូ / ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២១ នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការកើនឡើង នៃការបោកបញ្ឆោត តាមអ៊ីនធឺណិត និងវិធានការការពារ សម្រាប់ម្ចាស់គណនីធនាគារ ដើម្បីជៀសវាងការចាញ់បោក ពួកចោរបច្ចេកវិទ្យា (Hackers)។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថាៈ ចោរបច្ចេកវិទ្យា (Hackers) បានធ្វើការវាយប្រហារ ដោយផ្ញើសារខ្លីៗ (SMS) ឬសារអ៊ីមែល ទៅអ្នកប្រើប្រាស់ ដោយមានខ្លឹមសារ Your bank account has been logged in through another platform, please verify again to protect your rights ហើយភ្ជាប់ជាមួយនឹងឈ្មោះដែន (Domain Name) ស្រដៀងនឹងឈ្មោះ ធនាគារ របស់អ្នកប្រើប្រាស់។
ក្រសួង បានបន្តឱ្យដឹងថាៈ នៅពេលអ្នកប្រើប្រាស់ ចុចលើឈ្មោះដែននោះ នឹងចូលទៅគេហទំព័រ ក្លែងក្លាយមួយ ដែលមានរូបរាង និងទម្រង់ស្ទើរតែដូចគ្នា ទៅនឹងគេហទំព័រ របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដោយតម្រូវឱ្យអ្នកប្រើប្រាស់ បញ្ចូលព័ត៌មានសំខាន់ៗ ដូចជាឈ្មោះ លេខគណនី ពាក្យសំងាត់ និងលេខកូដសំងាត់ជាដើម។ ប្រសិនបើអ្នកប្រើប្រាស់ បញ្ចូលព័ត៌មានទាំងនោះ ចោរបច្ចេកវិទ្យា អាចមានលទ្ធភាព លួចចូលក្នុងគណនីធនាគារ របស់អ្នកប្រើប្រាស់ ហើយអាចបង្វែរសាច់ប្រាក់ចេញ ទៅគណនីផ្សេងទៀត ដែលបានគ្រោងទុកជាមុន។ អ្នកប្រើប្រាស់ មិនគួរចុចលើតំណរភ្ជាប់ ឬចុចលើឈ្មោះដែន ដែលមានភ្ជាប់មក តាមសារខ្លី ឬអ៊ីមែលនោះទេ។
ជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍ បានធ្វើការណែនាំថាៈ ” សូមធ្វើការត្រួតពិនិត្យ ទៅលើឈ្មោះគេហទំព័រ ឱ្យបានច្បាស់លាស់ ជៀសវាងការបញ្ចូលព័ត៌មាន លើគេហទំព័រក្លែងក្លាយ។ អ្នកប្រើប្រាស់ មិនត្រូវធ្វើការឆ្លើយតបទូរសព្ទ សារី ឬអ៊ីមែល ដែលព្យាយាមសាកសួរព័ត៌មាន ផ្ទាល់ខ្លួនទេ។ ជាទូទៅ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មិនដែលស្នើសុំ ឱ្យអតិថិជនផ្តល់លេខគណនី លេខសំងាត់ ឬលេខកូដ OTP ឡើយ។ សូមទាក់ទងទង គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរបស់អ្នក ក្នុងករណីមានការសង្ស័យថា ខ្លួនធ្លាក់ចូលអន្ទាក់ ចោរបច្ចេកវិទ្យា ដើម្បីអាចជួយដោះស្រាយ ទាន់ពេលវេលា”។
ក្រសួង បានឱ្យដឹងបន្ថែមថាៈ សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់ អាចស្វែងយល់បន្ថែម ក្នុងគេហទំព័ររបស់ ការិយាល័យឆ្លើយតប បញ្ហាបន្ទាន់ នៃកុំព្យូទ័រ (CamCERT” នាយកដ្ឋានសន្តិសុខ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន www.camcert.gov.kh ឬ រាយការណ៍ ឬសុំជំនួយបច្ចេកទេស បន្ថែមលើករណីនេះ តាមរយៈអ៊ីម៉ែល incident@camcert.gov.kh ឬទូរសព្ទលេខ ០១៦ ៨៥១ ៦៧៨ ៕/V.mara