ដោយ:ពៅនិមល/ភ្នំពេញ: តាមការគ្រោងទុកកិច្ចប្រជុំលើកទី១នៃគណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-ហុងគ្រីដែលរៀបចំឡើងរយៈពេល០២ថ្ងៃគឺថ្ងៃទី២០ដល់២១ខែមករានេះតាមរយៈប្រព័ន្ធវីដេអូបានបញ្ចប់ដោយជោគជ័យនិងទទួលបានលទ្ធផលជាផ្លែផ្កាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ក្រោយចប់កិច្ចប្រជុំកាលពីរសៀលថ្ងៃទី២១ខែមករាឆ្នាំ២០២១នេះលោកស្រីតឹករ៉េតកំរងរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័តមានថាថ្ងៃនេះយើងបានចុះហត្ថលេខាលើកំណត់ហេតុរួមក្នុងបរិយាកាសដ៏ស្និទស្នាលរីករាយនិងព្រមព្រៀងថានឹងគ្រោងរៀបចំកិច្ចប្រជុំលើកទី២ នៅពេលវេលាសមស្រមនាពេលអនាគត។
លោកស្រីបន្តថាចំពោះលទ្ធផលនាពេលនេះភាគីទាំងពីរបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលលើវិស័យសំខាន់ចំនួន៩ រួមមាន៖ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច, កសិកម្ម សន្តិសុខស្បៀង និងរុក្ខាប្រមាញ់, វិស័យគ្រប់គ្រងធនធានទឹក, អប់រំ យុវជននិងកីឡា, វប្បធម៌, ទេសចរណ៍, ឧស្សាហកម្ម, បច្ចេកវិទ្យានិងនវានុវត្តន៍ និងអាកាសចរស៊ីវិល។
លោកស្រីរៀបរាប់ថា សម្រាប់វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចភាគីទាំងពីរបានបង្ហាញពីឆន្ទៈខ្ពស់ក្នុងការអនុវត្តកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការពារការវិនិយោគរវាងកម្ពុជានិងហុងគ្រីដែលបានចូលជាធរមានកាលពីខែសីហាឆ្នាំ២០១៧និងបានស្វាគមន៍ការចូលរួមពីភ្នាក់ងារជំរុញការវិនិយោគហុងគ្រី(TheHungarianInvestmentPromotionAgencyHIPA)ក្នុងការជួយសម្រួលនិងទាក់ទាញវិនិយោគិនហុងគ្រីមកកម្ពុជាក៏ដូចជាការស្វែងយល់បន្ថែមពីផលិតផលសក្តានុពលកម្ពុជារួមមានកសិកម្មកសិ-ឧស្សាហកម្មនិងឧស្សាហកម្មកែច្នៃដែលអាចនាំចេញទៅទីផ្សារហុងគ្រីបាន។សម្រាប់វិស័យកសិកម្មសន្តិសុខស្បៀងនិងរុក្ខាប្រមាញ់ភាគីទាំងពីរបានពិភាក្សាពីកិច្ចសហប្រតិបត្តិការដែលមានរយៈវែងស្តីពីការផ្លាស់ប្តូរចំណេះដឹងនិងបទពិសោធន៍ក្នុងការចិញ្ជឹមសត្វនិងធ្វើស្រែចំការឱ្យមានប្រសិទ្ធិភាពខ្ពស់រវាងវិទ្យាស្ថានស្រាវជ្រាវកសិកម្ម និង វិទ្យាស្ថានស្រាវជ្រាវនរានុវត្តន៍វិស័យជលផលនិងវារីវប្បកម្ម ( NationalAgriculturalResearchandInnovationCentreResearch Institute for Fisheries and Aquaculture) និងស្ថាប័នពាក់ព័ន្ធវិស័យវារីវប្បកម្មនៅកម្ពុជា។
លោកស្រីរដ្ឋលេខាធិការបានលើកឡើងបន្តថាសម្រាប់វិស័យគ្រប់គ្រងធនធានទឹកភាគីទាំងពីរបានឯកភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការគ្រប់គ្រងអាងទន្លេ(Riverbasin)ឆ្លើយតបនឹងផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុលើបាតុភូតរាំងស្ងួតនិងកង្វះខាតប្រភពទឹកនិងការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។សម្រាប់វិស័យអប់រំយុវជននិងកីឡាភាគីទាំងពីរបានឯកភាពលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការផ្តល់អាហារូបករណ៍និងចែករំលែកបទពិសោធន៍ស្តីពីសកម្មភាពយុវជនយុទ្ធសាស្ត្របណ្តុះបណ្តាលជំនាញផ្នែកវិជ្ជាជីវៈ៤.០ (VET 4.0) និងការផ្លាស់ប្តូរដំណើរទស្សនកិច្ចប្រតិភូយុវជន។ ភាគីកម្ពុជាក៏បានថ្លែងអំណរគុណដល់ភាគីហុងគ្រី សម្រាប់ការបន្ថែមចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា ចាប់ពីឆ្នាំសិក្សា២០២១ នេះតទៅ។
លោកស្រីបានបញ្ជាក់ទៀតថាជាមួយគ្នានេះភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាពប្រើប្រាស់គម្រោងឥណទានTiedAidCreditCooperation សម្រាប់គម្រោងអភិវឌ្ឍតេជោភូមិ១០០និងការសិក្សាលម្អិតដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្តីពីលទ្ធភាពនៃការប្រើប្រាស់ឥណទាននេះសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពរបស់កម្ពុជា មានដូចជា៖ កសិកម្ម សុវត្ថិភាពម្ហូបអាហារ ប្រព័ន្ធគ្រប់គ្រងធារាសាស្ត្រ បច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ជាដើម។
នៅក្នុងកិច្ចប្រជុំនាឱកាសនោះ លោក អ៊ីស្វាន់ ចូ(IstvánJoó)អនុរដ្ឋមន្ត្រីនៃក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រីបានមានប្រសាសន៍ថា សម្រាប់វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច នឹងខិតខំយ៉ាងណាជំរុញឱ្យកាន់តែល្អប្រសើរឡើងរវាងប្រទេសទាំងពីរ ជាពិសេសគឺជួយសម្រួល និងទាក់ទាញវិនិយោគិនហុងគ្រីមកកម្ពុជាក៏ដូចជាការស្វែងយល់បន្ថែមពីផលិតផលសក្តានុពលរបស់កម្ពុជារួមមានកសិកម្មកសិ-ឧស្សាហកម្ម និងឧស្សាហកម្មកែច្នៃ ដែលអាចនាំចេញទៅទីផ្សារហុងគ្រីបាន។
កិច្ចប្រជុំលើកទី១ គណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-ហុងគ្រី ធ្វើឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ និងជំរុញសកម្មភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងវិស័យអាទិភាពផ្សេងៗដែលត្រូវបានចុះហត្ថលេខាដោយលោកប៉ានសូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងលោកPéterSzijjártóរដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មហុងគ្រីកាលពីឆ្នាំ២០១៩នាអំឡុងពេលទស្សនកិច្ចជាផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី។
សូមបញ្ជាក់ថាគិតចាប់ពីឆ្នាំ២០១៧រហូតបំណាច់ឆ្នាំ២០២០ទំហំពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា-គ្រីសម្រេចបានក្នុងទំហំទឹកប្រាក់សរុបជាង ១៦លានដុល្លារអាម៉េរិក៕