ប្រែសម្រួល : កញ្ញាដាលីស ៖ ក្រសួងសេដ្ឋកិច្ចឌីជីថលនិងសង្គមកាលពីថ្ងៃពុធទី២០មករាបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងមេដឹកនាំគណបក្សចលនាឈានមុខលោក ថាណាថន ជួងរុងរឿងគីត ពីបទបរិហារកេរ្តិ៍របបរាជានិយមជុំវិញការអត្ថាធិប្បាយរបស់លោកលើផែនការចាក់វ៉ាក់សាំងកូវីដ១៩ របស់រដ្ឋាភិបាល។
លោក ថាណាថន នៅថ្ងៃ២១មករានេះបាននិយាយថា រដ្ឋាភិបាលចង់បំបិទមាត់លោករឿងវ៉ាក់សាំងកូវីដ១៩
អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឌីជីថលលោកនេវីន ឆឆៃធីប រួមជាមួយលោកថូសាប៉ុល ប៉េងសំ អនុរដ្ឋមន្ត្រីអមការិយាល័យនាយករដ្ឋមន្ត្រី និង លោកស៊ូផន អាត់ថាវង់អនុរដ្ឋមន្ត្រីនៃការិយាល័យនាយករដ្ឋមន្ត្រី បានដាក់បណ្តឹងទៅអង្គភាពប្រឆាំងបទឧក្រិដ្ឋបច្ចេកវិជ្ជា ដោយស្នើសុំឱ្យអង្គភាពចាត់វិធានការតាមច្បាប់ប្រឆាំងនឹងលោកថាណាថនក្រោមមាត្រា ១១២នៃក្រមព្រហ្មទណ្ឌឬច្បាប់ប្រមាថព្រះមហាក្សត្រនិងច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ។
ចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពីលោកថាណាថនបានផ្សាយផ្ទាល់តាម Facebook កាលពីថ្ងៃចន្ទដើម្បីចោទជាសំណួរថា “វ៉ាក់សាំងស្តេច ៖អ្នកណាទទួលបានអត្ថប្រយោជន៍ហើយអ្នកណាមិនបានទទួលអត្ថប្រយោជន៍?” ដែលក្នុងនោះលោកបានរិះគន់យុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ដែលពឹងផ្អែកខ្លាំងលើក្រុមហ៊ុនតែមួយ។
លោកថូសាប៉ុលនិយាយថា វីដេអូរយៈពេល ៣០ នាទីរបស់លោកថាណាថនមានឧទាហរណ៍ចំនួន ១១ ដែលអាចជាការរំលោភច្បាប់ប្រមាថព្រះចេស្តានិងច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ។
លោកថូសាប៉ុលនិយាយថា “យើងបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងគាត់តាមមាត្រា ១១២ និងច្បាប់ឧក្រិដ្ឋកម្មកុំព្យួទ័រ ព្រោះនេះគឺជាការបង្កាច់បង្ខូច ដែលបណ្តាលឱ្យមានការយល់ច្រឡំជាសាធារណៈ”។
លោកនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចាកាលពីថ្ងៃអង្គារបានប្តេជ្ញាកាត់ទោសជនណាដែលផ្សព្វផ្សាយព័ត៌មានបង្កាច់បង្ខូចអំពីយុទ្ធសាស្ត្រវ៉ាក់សាំងរបស់រដ្ឋាភិបាល។
លោកស៊ូផននិយាយថានាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់ការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងដើម្បីការពារប្រឆាំងការបរិហារកេរ្តិ៍រាជាធិបតេយ្យ ខណៈលោកនេវីននិយាយថាក្រសួងក៏នឹងចាត់វិធានការប្រឆាំងនឹងជនណាដែលបង្ហោះនិងចែកចាយបន្តនូវព័ត៌មានបរិហារកេរ្តិ៍រាជាធិបតេយ្យ៕
លោកស៊ូផន អាត់ថាវង់អនុរដ្ឋមន្ត្រីនៃការិយាល័យនាយករដ្ឋមន្ត្រី