ដោយៈ សុផល / ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានប្រគល់ជូនលោក បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលកម្ពុជា នូវលិខិតសរសើរ អំពីស្នាដៃឆ្នើម លើវិស័យអន្តរជាតិ និងស្នាដៃ ក្នុងការចូលរួមចំណែក ដល់ចំណងមិត្តភាព រវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា។
លិខិតសរសើរ អំពីស្នាដៃឆ្នើម លើវិស័យអន្តរជាតិ របស់រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ត្រូវបានប្រគល់ជូន បណ្ឌិត ម៉ី កល្យាណ នៅយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ដោយលោក MIKAMl MASAHlRO ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ ពិធីប្រគល់នៅស្ថានទូតជប៉ុន ប្រចាំកម្ពុជានេះ មានការចូលរួមពីសំណាក់ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអាជ្ញាធរមីន, លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ប្រចាំការនៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ណៅ ធួក រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភ្ញៀវកិត្តិយស ជាច្រើនរូបទៀត។
ថ្លែងក្នុងពិធីប្រគល់លិខិតសរសើរ លោក MIKAMl MASAHlRO បានឱ្យដឹងថាៈ លោកបណ្ឌិត ម៉ី កល្យាណ មានដើមកំណើត នៅខេត្តពោធិ៍សាត់។ ឆ្នាំ ១៩៧៤ លោកទទួលបានអាហារូបករណ៍ របស់រដ្ឋាភិបាលជប៉ុន និងចាប់ផ្ដើមការសិក្សា របស់លោក នៅសាកលវិទ្យាល័យ KOBE ដែលជាសាកលវិទ្យាល័យ ដ៏ល្បីឈ្មោះ។
ឯកអគ្គរាជទូតជប៉ុន បានបន្តថាៈ លោកបណ្ឌិត បានបន្តសិក្សាក្នុងប្រទេសជប៉ុន បានមួយឆ្នាំប៉ុណ្ណោះ ក្រោយមក កម្ពុជា បានធ្លាក់ចូលក្រោមការគ្រប់គ្រង នៃរបបខ្មែរក្រហម ដែលធ្វើឱ្យលោក មិនអាចត្រឡប់ ទៅស្រុកកំណើតវិញបាន។ ដោយសារតែគ្មានព័ត៌មាន ពីក្រុមគ្រួសារ ក្នុងរបបខ្មែរក្រហម លោកគ្មានជម្រើសអ្វីផ្សេង ក្រៅតែពីបន្តរស់នៅ ក្នុងប្រទេសជប៉ុន និងបានចូលបម្រើការ ឱ្យក្រុមហ៊ុន Kanematsu Gosho រហូតដល់ឆ្នាំ១៩៨៨ ។
នៅក្នុងឆ្នាំដដែល លោកបានក្លាយជាអ្នកសេដ្ឋកិច្ចម្នាក់ ប្រចាំអង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) ហើយក្រោយមកទៀត ទើបលោកបណ្ឌិត ម៉ី កល្យាណ ត្រឡប់មកកាន់កម្ពុជាវិញ នៅឆ្នាំ១៩៩៣ ជាលើកដំបូង ក្នុងរយៈពេល ១៩ ឆ្នាំ នៅឯបរទេស។
ក្នុងនាមជាឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា លោកបានកោតសរសើរ ចំពោះការចូលរួមចំណែក របស់លោកបណ្ឌិត ក្នុងការរឹតចំណងមិត្តភាព រវាងជប៉ុន និងកម្ពុជា ព្រមទាំងជូនពរលោក បណ្ឌិត ម៉ី កល្យាណ មានសុខភាពល្អ និងបន្តប្រើប្រាស់ចំណេះដឹង ព្រមទាំងបទពិសោធន៍ របស់លោក ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ និងភាពរុងរឿង របស់កម្ពុជា។
លិខិតសរសើររបស់ រដ្ឋមន្ត្រីការបរទេសជប៉ុន ជូនចំពោះបុគ្គល ដែលមានស្នាដៃឆ្នើមលើវិស័យអន្តរជាតិ គឺដើម្បីជាការទទួលស្គាល់នូវ ការរួមចំណែក របស់ពួកគាត់ លើការជំរុញចំណងមិត្តភាព រវាងប្រទេសជប៉ុន និងបណ្តាប្រទេសនានា៕/V.mara