ដោយៈបញ្ញាសាស្ត្រ/ភ្នំពេញៈធនាគារជាតិនៃកម្ពុជាបានអះអាងថានឹងបន្តរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជំរុញការអភិវឌ្ឍប្រព័ន្ធធនាគារឱ្យកាន់តែទំនើបប្រកបដោយបរិយាបន្ននិងភាពទុកចិត្តខ្ពស់។ការបញ្ជាក់នេះបានធ្វើឡើងនៅរសៀលថ្ងៃទី២១ខែមករាឆ្នាំ២០២១ដែលជាថ្ងៃបញ្ចប់នូវសន្និបាតរយៈពេលពីរថ្ងៃរបស់ខ្លួន(២០-២១មករា)។
ថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជាបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា(រូបថតធនាគារជាតិនៃកម្ពុជា)
ក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២និងទិសដៅការងារឆ្នាំ២០២១របស់ខ្លួនធនាគគារនៃកម្ពុជាបានបញ្ជាក់់ថា “ជាទិសដៅធនាគារជាតិនៃកម្ពុជានឹងបន្តរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជំរុញការអភិវឌ្ឍប្រព័ន្ធ ធនាគារឱ្យកាន់តែទំនើប ប្រកបដោយបរិយាបន្ននិងភាពទុកចិត្តខ្ពស់ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ និងស្របតាមការវិវត្តនៃទំនាក់ទំនងនិងដំណើរការសេដ្ឋកិច្ចក្នុងបរិការណ៍នៃ “ប្រក្រតីថ្មី (the new normal)”សំដៅគាំទ្រគោល នយោបាយរបស់រាជរដ្ឋាភិបាលក្នុងដំណាក់កាលស្តារកំណើនសេដ្ឋកិច្ចឡើងវិញ”។
សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ ដែលប្រារព្ធក្រោមអធិបតីភាពរបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជានោះបានបង្ហាញថានៅឆ្នាំ២០២០កន្លងទៅនេះរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយទស្សនៈវិស័យវែងឆ្ងាយនិងម៉ឺងម៉ាត់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជបានទប់ស្កាត់ការឆ្លងនិងការរីករាលដាល នៃជំងឺកូវីដ-១៩ បានទាន់ពេលវេលានិងមានប្រសិទ្ធភាពដែលរក្សាបានជំនឿទុកចិត្តយ៉ាងរឹងមាំចំពោះសេដ្ឋកិច្ចនិងវិស័យធនាគារកម្ពុជា។
ធនាគារជាតិនៃកម្ពុជាបានរួមចំណែកយ៉ាងសកម្មក្នុងការរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតាមរយៈការរក្សាបានស្ថិរភាពថ្លៃនិង អត្រាប្តូរប្រាក់ ព្រមទាំងគរពូនទុនបម្រុងអន្តរជាតិ ក្នុងកម្រិតគ្រប់គ្រាន់សម្រាប់បម្រើដល់គោលនយោបាយរូបិយវត្ថុ។ ជាមួយគ្នានេះ វិស័យធនាគារក៏បានគាំទ្រសកម្មភាពសេដ្ឋកិច្ច និងកាត់បន្ថយផលប៉ះពាល់មកលើអាជីវកម្មនិងប្រជាជនក្រីក្រដោយបានដាក់ ចេញនូវវិធានការមួយចំនួនរួមមាន៖ការបង្កើនសាច់ប្រាក់ក្នុងដៃរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុសម្រាប់ការពារហានិភ័យដែលអាចកើតឡើងជាយថាហេតុ និងគាំទ្រការផ្តល់ឥណទានទៅកាន់វិស័យចម្បងៗនៃសេដ្ឋកិច្ច និងការរៀបចំឥណទានឡើងវិញ ជាមួយនឹងការលើកលែងកម្រៃពាក់ព័ន្ធ ចំពោះអាជីវកម្មនិងប្រជាជនក្រីក្រដែលទទួលរងផលប៉ះពាល់ពីវិបត្តិ។
ថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជាបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា(រូបថតធនាគារជាតិនៃកម្ពុជា)
ធនាគារជាតិនៃកម្ពុជាបានយកចិត្តទុកដាក់ក្នុងការពង្រឹងកិច្ចការពារអតិថិជន និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុស្របពេលដែល បរិយាបន្នហិរញ្ញវត្ថុបានកើនឡើងនិងស្ថិតក្នុងបរិការណ៍ប្រឈមនឹងវិបត្តិ តាមរយៈការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុនៅតាមមូលដ្ឋាន, ការទទួលសំណួរនិងសំណើរបស់សាធារណជនពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុនិងយុទ្ធនាការនានាដែលបានបញ្ជ្រាបចំណេះដឹង ផ្នែកហិរញ្ញវត្ថុទៅដល់សាធារណជន។ម្យ៉ាងទៀតធនាគារជាតិនៃកម្ពុជាក៏បានគាំទ្រដល់នវានុវត្តបច្ចេកវិទ្យាដោយបានអនុញ្ញាតឱ្យមានការ ប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលគាំទ្រដល់បរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងបានដាក់ឱ្យប្រើប្រាស់និងអភិវឌ្ឍន៍ប្រព័ន្ធទូទាត់ផ្អែកលើ បច្ចេកវិទ្យាទំនើប។ ក្នុងចំណោមនោះ ប្រព័ន្ធបាគងដែលជាប្រព័ន្ធទូទាត់កន្លោងត្រូវបានដាក់ឱ្យប្រើប្រាស់និងកំពុងសម្រួលដល់ការទូទាត់ ទូទៅតាមរយៈទូរស័ព្ទដៃ ដោយអាចទូទាត់ឆ្លងគ្រឹះស្ថាន និងអាចទទួលបានទឹកប្រាក់ទូទាត់ភ្លាមៗ។
ធនាគារជាតិបានបញ្ជាក់បន្តថា ម្យ៉ាងទៀតការដាក់ចេញនូវវិធានការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិបានទទួលជោគជ័យ ជាពិសេសក្នុងការជំរុញការទូទាត់ប្រាក់រៀលចំពោះប្រតិបត្តិការតូចៗកាន់តែទូលំទូលាយជាមួយនឹងការកើនឡើងគួរឱ្យកត់សម្គាល់នៃ ការសន្សំនិងការផ្តល់ឥណទានជាប្រាក់រៀល ដែលបានរួមចំណែកពង្រឹងអត្តសញ្ញាណជាតិ អធិបតេយ្យរូបិយវត្ថុជាតិ និងប្រសិទ្ធភាពនៃគោលនយោបាយរូបិយវត្ថុ៕សរន
ថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជាបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា(រូបថតធនាគារជាតិនៃកម្ពុជា)
ថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជាបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា(រូបថតធនាគារជាតិនៃកម្ពុជា)