ម្ចាស់ជំនួយ​សន្យា​ជួយ​ស៊ី​រី ៤,៤ ពាន់​លាន​ដុល្លារ មិន​គ្រប់គ្រាន់​នឹង​តម្រូវការ​របស់​អ​.​ស​.​ប​

1005
ចែករម្លែក

​កាលពី​ថ្ងៃ​ពុធ ទី​២៥ មេសា ម្ចាស់ជំនួយ​អន្តរជាតិ​បាន​សន្យា​ផ្ដល់ជំនួយ​មនុស្សធម៌​ចំនួន ៤,៤ ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស​ស៊ី​រី​និង​ប្រទេសជិតខាង ដែល​ផ្តល់​ទីលំនៅ​ដល់​ជនភៀសខ្លួន​របស់​ស៊ី​រី​ក្នុង​ឆ្នាំ ២០១៨ ដោយ​តិចជាង​ប្រាក់ ៧ ពាន់​លាន​ដុល្លារ​ដែល​អង្គការសហប្រជាជាតិ​កំពុង​ស្វែងរក​។​

​មនុស្ស​ប្រហែល ៤៥ ម៉ឺន​នាក់ ត្រូវបាន​សម្លាប់​នៅក្នុង​ការប្រយុទ្ធ​គ្នា​នៅក្នុង​ប្រទេស​ស៊ី​រី ចាប់តាំងពី​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​បា​សា អាល់​អាសាត បាន​បង្ក្រាប​បាតុកម្ម ដែល​អំពាវនាវ​ឱ្យ​លោក​ចុះ​ចេញពី​តំណែង​ក្នុង​ឆ្នាំ ២០១១​។​

​កាលពី​ឆ្នាំមុន ធនាគារពិភពលោក​បាន​ប៉ាន់ប្រមាណ​ថា ការខូចខាត​ចំពោះ​ប្រទេស​ស៊ី​រី គឺ​ជិត ០,២៥ លាន​លាន​ដុល្លារ និង ផ្នែក​ភាគច្រើន​នៃ​ទីក្រុង​ធំៗ​ចំនួន ៣ របស់​ស៊ី​រី គឺ​ទីក្រុង​អា​ឡេ​ប​ប៉ូ ទីក្រុង​ដា​ម៉ាស និង ទីក្រុង​ហូ​ម បាន​ក្លាយជា​គំនរ​បាក់បែក​។​

​បន្ទាប់ពី​ជម្លោះ​រយៈពេល ៨ ឆ្នាំ ប្រជាជន​ស៊ី​រី​ជាង ១៣ លាន​នាក់​កំពុង​ត្រូវការ​ជំនួយ​មនុស្សធម៌​ចាំបាច់ ហើយ​ប្រហែល​មួយ​ភាគ​បួន​នៃ​ចំនួន​ប្រជាជន​បាន​ផ្លាស់ប្តូរ​ទីលំនៅ​ចូលក្នុង​ប្រទេសជិតខាង​ដូចជា លី​បង់ ហ្ស៊​កដា​នី និង​តួ​ក​គី​។​

​ប្រមុខ​ជំនួយ​ផ្នែក​មនុស្សធម៌​របស់​អ​.​ស​.​ប លោក ម៉ាក ឡូ​វ ខុ​ក បាន​ពណ៌នា​ការសន្យា​នេះ​ថា​ជា “​ការចាប់ផ្តើម​ដ៏​ល្អ​” ហើយ​បាន​និយាយថា ដោយ​ផ្អែកលើ​ឆ្នាំមុនៗ លោក​រំពឹងថា​ចំនួន​ទឹកប្រាក់​នឹង​កើនឡើង​។ ទោះយ៉ាងណា លោក​បាន​និយាយថា ប្រសិនបើ​មាន​មូលនិធិ​គ្រប់គ្រាន់ អង្គការ​អ​.​ស​.​ប​ត្រូវតែ​សន្សំ​វា​ទុក​សម្រាប់​ករណី​ដែល​អស់សង្ឃឹម​បំផុត​។ អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​ខកចិត្ត​ជាខ្លាំង​ជាមួយនឹង​លទ្ធផល​ផ្តល់ជំនួយ​នេះ​។​

​ដោយ​អរគុណ​ដល់​សហភាព​អឺរ៉ុប​ដែល​បានរៀបចំ​សន្និសីទ​ម្ចាស់ជំនួយ​ដែលមាន​គណៈប្រតិភូ​ចំនួន ៨៥ នៅ​ទីក្រុង​ព្រុ​ច​សែ​ល រួមទាំង​ចក្រភព​អង់គ្លេស និង អាល្លឺម៉ង់ សម្រាប់​ការផ្តល់ជូន​ពិសេស​នោះ លោក ឡូ​វ​ខុ​ក បាន​ទទួលស្គាល់ថា “​យើង​ចង់ឱ្យ​ការអំពាវនាវ​នៅថ្ងៃនេះ​ទទួលបាន​ការផ្តល់​មូលនិធិ​យ៉ាង​ពេញលេញ​”​។​

​លោក​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​យើង​កំពុងនិយាយ​អំពី​ប្រាក់​ដ៏​ច្រើន​មួយ ហើយ​មាន​សម្ពាធ​ច្រើនណាស់​ដល់​អ្នកផ្តល់​ហិរញ្ញវត្ថុ​ទាំងនោះ​”​។​

​លោក​បាន​បន្ថែមថា “​បញ្ហាសំខាន់​គឺ ត្រូវឱ្យ​ប្រាកដថា អាទិភាព​ត្រូវបាន​ផ្តល់ជូន​ដល់​អ្នក​ដែល​ត្រូវការ​ជំនួយ​បំផុត​និង​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត​”​។​

​ក្រុម​អ្នករៀបចំ​កម្មវិធី​ក្រោយមក​បានប្រកាសថា ចំនួន​ទឹកប្រាក់​សរុប​ចំនួន ៣,៤ ពាន់​លាន​ដុល្លារ​បន្ថែមទៀត​ត្រូវបាន​លើក​ឡើងមក​និយាយ​សម្រាប់​ឆ្នាំ ២០១៩ និង​ឆ្នាំ ២០២០​។​

​យោងតាម​បញ្ជី​សន្និសីទ​ផ្លូវការ​បានឱ្យដឹងថា សហរដ្ឋអាមេរិក​មិនបាន​សន្យា​ផ្តល់ជំនួយ​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

ប្រមុខ​គោលនយោបាយ​សហភាព​អឺរ៉ុប លោកស្រី ហ្វេ​ដេ​រី​កា ម៉ូ​ហ្គឺ​រី​នី (​ឆ្វេង​) និង​ប្រមុខ​ដឹកនាំ​ប្រទេស​នានា​កំពុង​ចាក​ចេញពី​សន្និសីទ​ម្ចាស់ជំនួយ​នៅ​ទីក្រុង​ព្រុ​ច​សែ​ល កាលពី​ថ្ងៃទី ២៥ មេសា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ