ដោយៈ ទេព មង្គល /ភ្នំពេញៈ កំពង់ផែទេសចរណ៍អន្តរជាតិ នៅខេត្តកំពត សម្រេចការសាងសង់ បានប្រមាណ ៥០% ហើយ ដោយគ្រោងបញ្ចប់ និងអាចបើកដំណើរការ នៅចុងឆ្នាំ២០២១ ខាងមុខនេះ ដើម្បីរួមចំណែកលើកស្ទួយ វិស័យទេសចរណ៍ ឡើងវិញ។
វឌ្ឍនភាពការងារនេះ ត្រូវបានបង្ហាញ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនា សម្ព័ន្ធទេសចរណ៍ សម្រាប់កំណើន ប្រកបដោយបរិយាបន្ន ក្នុងមហាអនុតំបន់មេគង្គ (GMS TIIG No. 3194-CAM(COL) និង (GMS TIIG II No. 3701-CAM(COL) នៅខេត្តទាំងបួន នៃតំបន់ឆ្នេរសមុទ្រកម្ពុជា។ កិច្ចប្រជុំនេះ បានធ្វើឡើង នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគម្រោង។
គម្រោងនេះ ផ្តោតសំខាន់លើ ការអភិវឌ្ឍវិស័យទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ វិស័យទេសចរណ៍ រួមមានៈ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ប្រព័ន្ធសម្អាតទឹកកខ្វក់ផ្សារក្តាម ផ្លូវតាមបណ្តោយឆ្នេរ និងទីលានសំណល់រឹង (ខេត្តកែប) ដែលត្រូវអនុវត្ត ការងារបច្ចេកទេស សាងសង់ ដោយអង្គភាព អនុវត្តគម្រោង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងដឹកនាំគ្រប់គ្រង ដោយក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិ គ្រប់គ្រងគម្រោង។
អង្គប្រជុំ បានពិនិត្យ និងវាយតម្លៃ អំពីវឌ្ឍនភាព នៃការអនុវត្តគម្រោង ក្នុងនោះអនុគម្រោងកំពង់ផែ ទេស ចរណ៍អនុវត្តបាន ប្រមាណ ៥០% ដោយគ្រោងបញ្ចប់ និងអាចបើកដំណើរការបាន នៅចុងឆ្នាំ២០២១នេះ។
លោករដ្ឋមន្ត្រី ថោង ខុន ក៏បានណែនាំអង្គភាពពាក់ព័ន្ធ ជំរុញបន្តការអនុវត្តគម្រោង ឲ្យមានប្រសិទ្ធភាព គុណភាព និងឈានទៅបញ្ចប់ ការអនុវត្តគម្រោង តាមផែនការ ដែលបានគ្រោងទុក៕/V
ការសាងសង់កំពង់ផែ ទេសចរណ៍អន្តរជាតិ ដ៏ទំនើប នៅខេត្តកំពត សម្រេចបានពាក់កណ្ដាល
ការសាងសង់កំពង់ផែ ទេសចរណ៍អន្តរជាតិ ដ៏ទំនើប នៅខេត្តកំពត សម្រេចបានពាក់កណ្ដាល