ប្រគុំ​តន្ត្រី​សប្បុរសធម៌​ស្នាមញញឹម​រៃអង្គាស​ថវិកា​ជួយ​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ការប្រគុំ​តន្ត្រី​សប្បុរសធម៌​ស្នាមញញឹម​របស់​ស្មា​ត​ដើម្បី​ចូលរួម​រៃអង្គាស​ថវិកា​សម្រាប់​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ​ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «​ឆ្ពោះទៅមុខ​រួមគ្នា​»​។​

​ការប្រគុំ​តន្ត្រី​សប្បុរសធម៌​ស្នាមញញឹម​នឹងមាន​ការចូលរួម​សម្ដែង​ពី​សិល្បករ​កម្ពុជា​កំពូលៗ ខណៈពេល​មានការ​រៃអង្គាស​ថវិកា​សម្រាប់​ម​ន្ទីរ​ពេទ្យ​តាមរយៈ​ការលក់​សំភារៈ​ទំនិញ និង​ការបរិច្ចាក ដោយមាន​ការចូលរួម​បរិច្ចាក​ថវិកា​បន្ថែម​ពី​ក្រុមហ៊ុន​ស្មា​ត​ឲ្យ​គ្រប់ ១០​ម៉ឺន​ដុល្លារ​ផងដែរ​។

​លោក​វេជ្ជបណ្ឌិត ចាន់ ណា​រិ​ទ្ធិ នាយក​លេខាធិការដ្ឋាន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​មានប្រសាសន៍ថា «​ដោយសារតែ​ជំងឺ​រាតត្បាត​កូ​វីដ​១៩​នៅតែ​បន្ត ការបរិច្ចាក​ពី​វិស័យ​ឯកជន​ដល់​ស្ថាប័ន​សុខាភិបាល​សាធារណៈ​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ចូលរួម​ផ្តល់​សេវា​ថែទាំ​សុខភាព​ឥតគិតថ្លៃ​ដល់​ពលរដ្ឋ​ងាយ​រងគ្រោះ​ជាងគេ​នៅ​កម្ពុជា​។ យុទ្ធនាការ​ដូចជា​ការ​ប្រគុំ​តន្ត្រី​សប្បុរសធម៌​ស្នាមញញឹម​របស់​ក្រុមហ៊ុន Smart បង្ហាញ​ឲ្យ​ឃើញ​អំពី​ការយល់ដឹង​ដ៏​ធំធេង​នៃ​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន ហើយ​ក្នុងន័យនេះ​ផងដែរ ក្រុមហ៊ុន Smart ដើរតួ​ជា​ក្រុមហ៊ុន​គំរូ និង​ជា​គំរូ​ក្នុង​វិស័យ​ឯកជន​នៅ​កម្ពុជា​ផង​។​»

​ចំណែក​លោក ទេព ណាវី នាយក​ប្រតិបត្តិ​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​ថ្លែងថា «​យើង​សូម​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន Smart Axiata ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ​ការយល់ដឹង​អំពី​វិធី​ដែល​ពលរដ្ឋ​ម្នាក់ៗ​អាច​ចូល​រូ​ម​ជួយ​គ្នា​ទៅវិញទៅមក តាមរយៈ​យុទ្ធនាការ​របស់​ក្រុមហ៊ុន និង​ជាពិសេស​ការប្រគុំ​តន្ត្រី​តាម​អន​ឡាញ ដែល​នឹង​បង្កើន​ការគាំទ្រ​ខាង​ថវិកា​បន្ថែមទៀត​ដល់​កុមារ​ងាយ​រងគ្រោះ​បំផុត​នៅ​កម្ពុជា​។ យើង​សូម​អំពាវនាវ​ដល់​សាធារណជន​ចូលរួម​ផ្ដល់​វិភាគទាន​ដល់​មន្ទី​ពេទ្យ​ឲ្យ​កាន់តែ​សកម្ម​ក្នុង​គ្រា​លំបាក​នេះ​»​។​

​រីឯ​លោក Thomas Hundt (​ថូ​ម៉ាស ហ៊ុន​) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​ថ្លែងថា «​ក្នុងនាម​ជា​ក្រុមហ៊ុន​ដែល​ធ្វើការ​ជិតស្និត​ជាមួយ​សហគមន៍​ទូទាំងប្រទេស​កម្ពុជា យើង​មាន​អារម្មណ៍​ត្រេកអរ​ដែល​បានរៀបចំ​ការប្រគុំ​តន្ត្រី​សប្បុរសធម៌​ស្នាមញញឹម ម្តងទៀត​ក្នុងអំឡុងពេល​ដ៏​លំបាក​នេះ​។


​យុទ្ធនាការ​រៃអង្គាស​ថវិកា​ពី​ការប្រគុំ​តន្ត្រី​សប្បុរសធម៌​ស្នាមញញឹម​កាលពី​ឆ្នាំមុន​ទទួលបាន​ជោគជ័យ​ដ៏​ល្អ​មែនទែន ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ដែលមាន​មនុស្ស​រាប់ពាន់នាក់​បាន​ចូលរួម​។​»

​អតិថិជន​ក្រុមហ៊ុន Smart អាច​បរិច្ចាក​ថវិកា​ដ​ល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ​ដោយ​ចុច *២០២១* និង​ចំនួន​ទឹកប្រាក់​ដែល​អ្នក​ចង់​បរិច្ចាក​ចន្លោះ​ពី ១ ដុល្លារ​ទៅ ១០ ដុល្លារ​ដោយ​ចុច​សញ្ញា​ទ្រុង​ជ្រូក​នៅពេល​បញ្ចប់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular