កសិករខេត្តមណ្ឌលគិរីដាំដើមច្រេសធ្វើជន្លង់ចំការម្រេច ជំនួសឈើកាប់ពីធម្មជាតិ

ដោយ​៖​ដេប៉ូ​
​ភ្នំពេញ​៖​កាលពីមុន​កសិក​រដែ​ល​ដាំ​ចំការ​ម្រេច​តែង​ប្រើ​ប្រភេទ​ឈើ​ក្រាក់​ដែល​ក្នុងនោះ​មាន​ដើម ឈើ​សុ​ក្រំ ដើម​ផ្ចឹក ដើម​រាំង​ឬ​ដើម​ប្រភេទ​ផ្សេងៗ​ទៀត​មក​ធ្វើជា​ជន្លង់ម្រេច ប៉ុន្តែ​បច្ចុប្បន្ននេះ​កសិករ​នៅ​ខេត្តមណ្ឌលគិរី​បាន​ផ្លាស់ប្តូរ​មក​ប្រើ​ជន្លង់​ឈើ​រស់ ដោយ​ការដាំ​ដើម​ច្រើស​ជំនួស​វិញ​។​
​       ការប្រើ​ជន្លង់​ឈើ​រស់​នេះ​មិន​ត្រឹមតែ​ពុំបាន​បំផ្លាញ​ព្រៃឈើ​ទេ​ប៉ុន្តែ​វា​នៅ​ជួយផ្តល់​ផលប្រយោជន៍​ច្រើនយ៉ាង​ដល់​កសិករ​ទៀតផង​។​


​ក្នុងចំណោម​អ្នក​ប្រើ​ឈើ​ជន្លង់​ឈើ​រស់​នេះ​គេ​ឃើញ​មាន​កសិករ​ប្រមាណ​ជិត​១០០​គ្រួសារ​នៅក្នុង​ខេត្តមណ្ឌលគិរី​បាននាំគ្នា​ប្រើប្រាស់​វិធីសាស្ត្រ​ថ្មី​នេះ​ដោយ​នាំគ្នា​ដាំ​ដើម​ច្រេស​ដើម្បីឱ្យ​វ​ល្លិ៍​ម្រេច​វារ​តោង​ឡើង​។​
​ ​ក្នុងការ​សាកល្បង​ដាំ​ជន្លង់​ដើម​ច្រេស​ធ្វើជា​ជន្លង់​នេះ​អ្នកស្រី​ស៊ូ​ស៊ុន​ណា​រី​ជា​ប្រជាកសិករ​ដាំ​ម្រេច​នៅ​ភូមិ​ពូ​តាំង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​តា ខេត្តមណ្ឌលគិរី​បាន​រៀបរាប់ថា​ការដាំ​ជន្លង់​ឈើ​រស់​ប្រភេទ​ដើម​ច្រេស​នេះ​គឺជា​វិធីសាស្ត្រ​ថ្មី ហើយ​ផ្តល់​ផលចំណេញ​ច្រើន​ទៅដល់​អ្នកស្រី​ក្នុងនេះ​មិនបាច់​ចំណាយ​ថវិកា​រទិញ​ជន្លង់​ឈើ​ធម្មជាតិ​ដែលមាន​តម្លៃ​ខ្ពស់ៗ​និង​ពិសេស​ការដាំ​ដើម​ច្រេស​នៅ​អាច​ប្រើ​ធ្វើជា​បន្លែ​សម្រាប់​បរិភោគបាន​ថែមទៀត​។​
​ ​     ទាក់ទិន​ក្នុង​ការដាំ​ដើម​ច្រេស​ធ្វើជា​ជន្លង់​នេះដែរ​ស្ត្រី​ជា​កសិករ​ដាំ​ម្រេច​រូបនេះ​បាន​បន្ត​ឱ្យដឹងថា​បច្ចុប្បន្ន​អ្នកស្រី​ដាំ​ម្រេច​ក្នុង​ទំហំ​ដី​១​ហិកតា​។​ការប្រើ​បច្ចេកទេស​ថ្មី​នេះ​បន្ទាប់ពី​ទទួល​ការ បណ្តុះបណ្តាល និង​បច្ចេកទេស​ពី​អង្គការ​មូលនិធិ​សកល​សម្រាប់​ធម្មជាតិ ហៅ​កាត់ WWF ក្នុង​បំណង​កាត់បន្ថយ​សម្ពាធ ទៅលើ​ការប្រើប្រាស់​ឈើ​ដែល​ទាញ​ពី​ព្រៃ​ធម្មជាតិ​។​


​កសិករ​រូបនេះ​បាន​បន្ត​ឱ្យដឹងថា ចាប់ពី​ឆ្នាំ​២០១៨​មក នៅក្នុង​ចម្ការ​ម្រេច​របស់​អ្នកស្រី បាន​អនុវត្ត​សាកល្បង​នូវ​ការ ដាំ​កូនដើម​ច្រេស ធ្វើជា​ជន្លង់​ចំនួន​៥០០​ហើយ​សង្ឃឹមថា​វា​នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​នៅ​ថ្ងៃ​ខាងមុខ​។
​ទាក់ទិន​ក្នុង​រឿង​បច្ចេកទេស​ថ្មី​ដាំ​ឈើ​រស់​ធ្វើ​ជន្លង់​ចំការ​ម្រេច​នេះ​លោក សេង ទៀក នាយក​អង្គការ WWF ប្រចាំ​កម្ពុជា បានឱ្យដឹងថា គិត​ត្រឹម​ឆ្នាំ​២០២០ កម្មវិធី​របស់​អង្គការ WWF បាន​ជួយ​សហគមន៍​ដាំ​ម្រេច​ចំនួន​៧០​គ្រួសារ ដើម្បីឱ្យ​ពួកគាត់​យល់ដឹង និង​ចេះ​ពី​បច្ចេកទេស​ដាំ​ដើម​ច្រេស​ធ្វើជា​ជន្លង់ ជំនួស​ប្រើ​ឈើ​ក្រាក់ ដែល​ចូលទៅ​កាប់​ពី​ព្រៃឈើ​ធម្មជាតិ​។ លោក​បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០២១​នេះ គម្រោង​នឹង​ពង្រីក​ការអនុវត្ត បច្ចេកទេស​ដាំ​ដុះ​នេះ​បន្ថែម​៦០​គ្រួសារ​បន្ថែមទៀត​។​
ដោយឡែក​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បានគាំទ្រ​ចំពោះ​ការអនុវត្ត​នូវ​បច្ចេកទេស​ដាំ​ដុះ​នេះ និង បាន​លើកទឹកចិត្ត​ដល់​ម្ចាស់​ចម្ការ​ម្រេច​ដទៃទៀត​អនុវត្ត​នូវ​វិធីសាស្ត្រ​ដែល​ជួយ​កាត់បន្ថយ​សម្ពាធ​ទៅលើ​ការប្រើ​ឈើ​ធម្មជាតិ​។​

​      លោក​រដ្ឋលេខាធិការ បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល ដែលមាន​ក្រសួងបរិស្ថាន​ជា​សេនាធិការ បាននិងកំពុង​ជំរុញ និង​គាំទ្រ​ឱ្យមាន​ដំណោះស្រាយ ទៅលើ​ការកាត់បន្ថយ​ការប្រើប្រាស់​ឈើ​ធម្មជាតិ ដូចជា​ការអនុវត្ត​ដាំ​ដើម​ច្រេស​ធ្វើជា​ជន្លង់​ជំនួស​ប្រើ​ឈើ​ក្រាក់ និង​ការដាំ ចម្ការ​ឈើ​ដាំ ដែល​អាច​ដកហូតយក​ទៅប្រើ​ប្រាស់​បាន ដោយ​មិនបាច់​ចូលទៅ​កាប់​ឈើ​ធម្មជាតិ​។​
​      ​គួរ​បញ្ជាក់ដែរថា​នាពេល​បច្ចុប្បន្ន ការដាំ​ម្រេច​នៅ​ទូទាំងប្រទេស​កម្ពុជា មាននៅ​ខេត្តកំពត កែប ត្បួ​ង​ឃ្មុំ ក្រចេះ រតនគិរី មណ្ឌលគិរី ខេត្តពោធិ៍សាត់ ជាដើម ដោយ​ដំណាំ​នេះ ត្រូវបាន​កសិករ ឬ ម្ចាស់​ចម្ការ​ប្រើប្រាស់​ឈើ​ជន្លង់​ជា​ប្រភេទ​ឈើ​ក្រាក់​រាប់ម៉ឺន​ដើម សម្រាប់​ឱ្យ ម្រេច​វារ​តោង​ឡើង ដែល​កត្តា​នេះ ត្រូវបាន​អ្នកជំនាញ​លើកឡើងថា ជា​ផ្នែក​មួយ​ដែល​ធ្វើឱ្យ​កម្ពុជា​បាត់បង់​ព្រៃឈើ​ធម្មជាតិ និង​ទាមទារ​ឱ្យមាន​វិធានការ​ដោះស្រាយ​ជាបន្ទាន់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular