តុលាការ​ឥណ្ឌា​កាត់ទោស​មេដឹកនាំ​សាសនា​ដ៏​ល្បី​ម្នាក់​ឱ្យ​ជាប់គុក​អស់​មួយ​ជីវិត​ពី​បទ​រំលោភ​ក្មេងស្រី​

1131
ចែករម្លែក
  • 45
    Shares

​មេធាវី​ម្នាក់​បាន​និយាយថា គ្រូធំ​សាសនា​ឥណ្ឌា​ម្នាក់ ដែល​មាន​អ្នក​គោរព​និង​គាំទ្រ​រាប់លាន​នាក់​នេះ​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​អស់​មួយ​ជីវិត​កាលពី​ថ្ងៃ​ពុធ​ទី​២៥​មេសា​ពី​បទ​ចាប់រំលោភ​ក្មេងស្រី​ជំទង់​ម្នាក់​។​

​មេដឹកនាំ​សាសនា​នេះ ឈ្មោះ Asaram Bapu ជា​គ្រូធំ​អប់រំ​សាសនា​ដ៏​ជាទី​គោរព​បំផុត​នៅ​ប្រទេស​ឥណ្ឌា​នេះ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ទោស​យ៉ាងធ្ងន់ធ្ងរ​នេះ​ នៅឯ​សវនាការ​នៅ​ពន្ធនាគារ​នៅ​រដ្ឋ Rajasthan ជា​ទី​ដែល​ប៉ូលិស​រាប់រយ​នាក់ ត្រូវបាន​ដាក់​ការពារ​សន្តិសុខ​យ៉ាង​ប្រយ័ត្ន​ដើម្បី​រារាំង​ប្រតិកម្ម​តវ៉ា​ណាមួយ​ពី​ក្រុម​​អ្នកគាំទ្រ​របស់គាត់​។​

​លោក Rajendra Singh មេធាវី​ការពារ​ក្តី​បាន​ប្រាប់​សារព័ត៌មាន​AFP នៅ​ខាងក្រៅ​តុលាការ​នៅ​ទីក្រុង Jodhpur ថា ” គ្រូ​ធំ Asaram Bapu ត្រូវបាន​កាត់ទោស​ឱ្យ​​ជាប់គុក​អស់​មួយជីវិត រហូតដល់​ស្លាប់​”​។​

​គ្រូ​ធំ Asaram Bapu អាយុ​៧៧​ឆ្នាំនេះ តែងតែ​បាន​បដិសេធថា មិន​បាន​ចាប់រំលោភ​ក្មេងស្រី​អាយុ​១៦​ឆ្នាំនេះ កាលពី​ឆ្នាំ​២០១៣ នៅ​កន្លែង​អាស្រម​របស់​គាត់​នៅ​​ទីក្រុង Jodhpur នោះទេ​។

​មេធាវី​របស់​គាត់​បាន​និយាយថា​ពួកគេ​នឹង​ប្តឹង​ឧទ្ធរណ៍​ចំពោះ​ការកាត់ទោស​នេះ​។​

២​នាក់​ក្នុងចំណោម​ជនជាប់ចោទ​៤​នាក់​ផ្សេង​ទៀត រួមទាំង​ស្ត្រី​ម្នាក់​ត្រូវបាន​រកឃើញ​ថា​មានទោស​ហើយ​ត្រូវបាន​ផ្តន្ទាទោស​ឱ្យ​ជាប់គុក​ម្នាក់ៗ​២០​ឆ្នាំ​។ ​ជនជាប់ចោទ​២​នាក់​ផ្សេង​ទៀត ដែល​ត្រូវបាន​ចោទប្រកាន់​ក្នុងករណី​នេះ​ដែរ ត្រូវបាន​កាត់ទោស​ឱ្យ​រួចខ្លួន​៕ដោយ៖សុខា/SN

គ្រូសាសនាធំ Asaram Bapu បានបដិសេធការចោទប្រកាន់ប្រឆាំងគាត់

ទីតាំងផ្សាយពាណិជ្ជកម្ម