ប្រែសម្រួល : កញ្ញាដាលីស ៖ ក្រុមរដ្ឋអ៊ីស្លាមបានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន២ ដែលសម្លាប់មនុស្ស ៣២ នាក់និងបង្ករបួស ១១០នាក់នៅឯផ្សារដ៏ចង្អៀតមួយនៅកណ្តាលទីក្រុងបាកដាតកាលពីថ្ងៃព្រហស្បតិ៍ទី២១មករា។
វាជាការវាយប្រហារដ៏សាហាវបំផុតលើទីក្រុងនេះក្នុងរយៈពេល ៣ ឆ្នាំ នៅពេលដែលជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ទៀតវាយប្រហារទៅលើតំបន់តែមួយ។
ក្រសួងមហាផ្ទៃនិយាយថា ជនវាយប្រហារដំបូងបានទាក់ទាញហ្វូងមនុស្សនៅឯផ្សារអ៊ូអរមួយនៅទីលានថាយ៉ារ៉ាននៃរដ្ឋធានី ដោយអះអាងថារូបគេមានអារម្មណ៍មិនស្រួលបន្ទាប់មកក៏បំផ្ទុះខ្សែក្រវាត់គ្រាប់បែកតែម្តង។
ខណៈមនុស្សជាច្រើនចូលទៅកន្លែងកើតហេតុដើម្បីជួយជនរងគ្រោះ ជនបំផ្ទុះគ្រាប់បែកអត្តឃាតទី ២ ក៏បំផ្ទុះមួយគ្រាប់បែកទៀត។
ផ្សារទីវាលឥតដំបូលដែលលក់សម្លៀកបំពាក់ជជុះនេះកំពុងមានមនុស្សចូលយ៉ាងច្រើនកុះករ បន្ទាប់ពីរដ្ឋាភិបាលដកចេញនូវការរឹតត្បិតទប់ស្កាត់កូវីដ១៩ ជិតមួយឆ្នាំនៅទូទាំងប្រទេស។
អ្នកថតរូបរបស់ទីភ្នាក់ងារសារព័ត៌មាន AFP ម្នាក់នៅកន្លែងកើតហេតុបាននិយាយថា កម្លាំងសន្តិសុខបានឡោមព័ទ្ធតំបន់នោះកន្លែងដែលសម្លៀកបំពាក់ជាច្រើនប្រឡាក់ដោយឈាមរាយប៉ាយពេញផ្លូវភក់ ហើយក្រុមគ្រូពេទ្យប្រញាប់ប្រញាល់នាំយកជនរងគ្រោះទៅមន្ទីរពេទ្យ។
រហូតដល់ពាក់កណ្តាលយប់ ពួករដ្ឋអ៊ីស្លាមបានបង្ហោះការអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះតាមប៉ុស្តិ៍ឃោសនារបស់ខ្លួននៅលើអនឡាញ៕
ផ្សារជជុះនៅកណ្តាលក្រុងបាកដាតកន្លែងដែលពួករដ្ឋអ៊ីស្លាមបំផ្ទុះគ្រាប់បែកកាលពីថ្ងៃព្រហស្បតិ៍