ដោយៈ រ៉ាម៉ន / ភ្នំពេញៈ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ភ្នំពេញ បានឱ្យដឹងថាៈ ដោយយោងតាមមតិដឹកនាំ ដ៏ខ្ពង់ខ្ពស់ពីសម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ នៅម៉ោង ៨:០០ ព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នេះ បានចាប់ផ្តើមដាក់អោយដំណើរការ ជាបណ្តោះអាសន្ននូវ ផ្លូវតភ្ជាប់ចរាចរណ៍ ចំនួន ២ ខ្សែ នៅការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដី ចោមចៅ ស្ថិតនៅក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ផ្លូវតភ្ជាប់ចរាចរណ៍ ចំនួន ២ ខ្សែ នៅការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដី ចោមចៅនេះ គឺៈទី១-ផ្លូវតភ្ជាប់ចរាចរណ៍ឯកទិស ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅមហាវិថីចោមចៅ មានប្រវែង ៤៥៨ ម៉ែត្រ ទទឹង ៨,៥ ម៉ែត្រ ជាផ្លូវក្រោមដី មានជំរៅ ៣,៧ ម៉ែត្រ ធៀបនឹងកំពស់នីវ៉ូ មហាវិថីចោមចៅ។ ទី២-ផ្លូវតភ្ជាប់ ចរាចរណ៍ឯកទិស ពីផ្លូវជាតិលេខ៤ បត់ស្តាំ ឆ្ពោះទៅផ្លូវជាតិលេខ៣ មានប្រវែង ១១៦ ម៉ែត្រ ទទឹង ៥,៥ ម៉ែត្រ ជាផ្លូវក្រោមដី មានជំរៅ ១,៨៦ ម៉ែត្រ ធៀបនឹងកំពស់នីវ៉ូ ផ្លូវជាតិលេខ៣។
គួរបញ្ជាក់ថាៈ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាល រាជធានីភ្នំពេញ ដោយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគ ទុន អាណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់ការសាងសង់ ក្នុងរយៈពេល ៣០ ខែ និងចំណាយថវិកា សាងសង់ ចំនួន ២២ លានដុល្លាអាមេរិក។
បើផ្អែកតាមលក្ខណៈបច្ចេកទេស របស់មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឲ្យដឹងថាៈ ការរសាងសង់នេះ ត្រូវបានបែងចែកជា ៣ ផ្នែកគឺៈ ស្ពានទី១ ជាស្ពាន អាកាស មេតភ្ជាប់ចរាចរណ៍ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ ម៉ែត្រ ទទឹង ១៥,៨ ម៉ែត្រ ដែលមានចរាចរណ៍ ពីរគន្លង ទៅនឹងពីរគន្លងមកជម្រាល ស្ពាន ៤,៥ ម៉ែត្រ និងមានកម្ពស់អតិបរមា ដែលអាចចរាចរណ៍ ក្រោមស្ពាន មាន ៥,៥ ម៉ែត្រ។
ស្ពានទី២ បំបែកចេញពី ស្ពានអាកាសមេ បត់ឆ្វេង តភ្ជាប់ចរាចរណ៍ ពីមហាវិថីសហព័ន្ធរុស្ស៊ី ឆ្ពោះទៅផ្លូវវេងស្រេង សម្រាប់ចរាចរណ៍មួយទិស ដែលមានមួយ គន្លងរថយន្ត និងមួយគន្លង ទោចក្រយានយន្ត មានប្រវែងសរុប ២០២ ម៉ែត្រ (ស្ពានអាកាស ប្រវែង ៤០ ម៉ែត្រ ផ្លូវក្រោមដី ប្រវែង ១១៨ ម៉ែត្រ និងផ្លូវលើដី ប្រវែង ៤៤ ម៉ែត្រ) ទទឹង ៥,២៥ ម៉ែត្រ។
ស្ពានទី៣ ជាស្ពានកោង បត់ឆ្វេងតភ្ជាប់ចរាចរណ៍ ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ ម៉ែត្រ (ស្ពានអាកាស ប្រវែង ៦០ ម៉ែត្រ ផ្លូវក្រោមដី ប្រវែង ១១៨ ម៉ែត្រ និងផ្លូវលើដី ប្រវែង ២៨ ម៉ែត្រ) ទទឹង ៥,២៥ ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លង ទោចក្រយានយន្ត។
ផ្លូវនិងផ្លូវក្រោមដី ជាផ្លូវកោង តភ្ជាប់ចរាចរណ៍ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែង សរុប ១៣០ ម៉ែត្រ (ផ្លូវក្រោមដី ប្រវែង ១៣ ម៉ែត្រ និងផ្លូវលើដីប្រវែង ១១៧ ម៉ែត្រ) ទទឹង ៨,៥ ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយាន យន្ត។ ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរណ៍ ពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេងមានប្រវែង សរុប ២៣៥ ម៉ែត្រ ទទឹង ៨,៥ ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លង ទោចក្រយានយន្ត។
ផ្លូវក្រោមដី ជាផ្លូវតភ្ជាប់ចរាចរណ៍ ពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមាន ប្រវែងសរុប ៤៧០ ម៉ែត្រ ទទឹង ៨,៥ ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានពីរគន្លង រថយន្ត និងមួយគន្លង ទោចក្រយានយន្ត។ ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ទទឹង៨,៥ម៉ែត្រ។ ល្បឿនសុវត្ថិភាព ២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៥,២៥ម៉ែត្រ និងទំហំ៥,៥ម៉ែត្រ ។
ស្ពាន នឹងមានអាយុកាល ១០០ ឆ្នាំ មានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញ បរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័រ បូមទឹកស្វ័យប្រវត្តិ ផងដែរ។
គួរបញ្ជាក់ដែរថាៈ ស្ពានអាកាស និងផ្លូវក្រោមដី នៅចំណុចរង្វង់មូលចោមចៅនេះ បានបើកការដ្ឋាន ដំណើរការសាងសង់ ជាផ្លូវការ កាលថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៨ កន្លងមក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ៕/V-PC