ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួម កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេស អាស៊ាន ដែលបានរៀបចំឡើង តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថាៈ កិច្ចប្រជុំ បានសម្តែងការ គាំទ្រ ចំពោះមូលបទរបស់ ប្រទេសប្រ៊ុយណេ «យើងយកចិត្តទុកដាក់, យើងត្រៀមលក្ខណៈ, យើងរីកចំរើន» និងចំណុចអាទិភាពគន្លឹះទាំងបី ដែលផ្តោតជាសំខាន់ទៅលើ ការកសាង សហគមន៍មួយ ប្រកបដោយភាពសុខដុមរមនា ការត្រៀមលក្ខណៈ និងសម្របខ្លួនសម្រាប់ ពេលអនាគត ដើម្បីធានាសុខុមាលភាព ប្រជាជនអាស៊ាន និងអនាគតដែលប្រកបដោយ សន្តិភាព ចីរភាព និងវិបុលភាព ក៏ដូចជា ជំរុញការស្តារឡើងវិញ របស់អាស៊ាន ពីជំងឺរាត ត្បាតសកលកូវីដ-១៩។
ដើម្បីអនុវត្តបន្តនូវសន្ទុះ នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការកសាងសហគមន៍អាស៊ាន ព្រុយណេ បានដាក់ចេញនូវ គំនិតផ្តួចផ្តើមមួយចំនួន ដើម្បីបង្កើតនូវនិន្នាការ ដែលមានលក្ខណៈ យុទ្ធសាស្ត្រ ដើម្បីផ្សាភ្ជាប់ការឆ្លើយតប របស់អាស៊ាន ទៅនឹងគ្រោះអាសន្ន និងគ្រោះ មហន្តរាយនានា ក្នុងគោលបំណង ដើម្បីធានាថា សហគមន៍អាស៊ានទាំងមូលកាន់តែរឹងមាំ ឡើង និងត្រៀមលក្ខណៈជាស្រេច សម្រាប់អនាគត។ គំនិតផ្តួចផ្តើមទាំងនោះ រួមមាន ការបង្កើតវេទិកា ដែលអាចឱ្យ ប្រជាជនអាស៊ាន ចូលរួមចំណែក ដល់កិច្ចប្រឹងប្រែង បន្ធូរបន្ថយគ្រោះមហន្តរាយ លើកកម្ពស់ការប្រកាន់ភ្ជាប់ នូវពហុភាគីនិយម ជំរុញការស្គាល់ អត្តសញ្ញាណ អាស៊ាន កាន់តែខ្លាំងក្លាឡើង តាមរយៈកម្មវិធីបណ្តុះបណ្តាលមន្ត្រីវ័យក្មេង របស់អាស៊ាន ក៏ដូចជា លើកកម្ពស់សកម្មភាព របស់យុវជន នៅក្នុងរបៀបវារៈសន្តិភាព និងសន្តិសុខ។
អំពីការកសាងសហគមន៍អាស៊ាន រដ្ឋមន្ត្រីការបរទេសអាស៊ាន បានពិភាក្សាពីការបន្ដតាម ដាន លើបញ្ហាមួយចំនួន បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៧ នៅពេលវៀតណាម ជាប្រធានអាស៊ាន ដើម្បីរក្សាសន្ទុះ នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការកសាងសហគមន៍អាស៊ាន ដូចជាលទ្ធផល នៃការត្រួតពិនិត្យ ពាក់កណ្តាលអាណត្តិ នៃការអនុម័តផែនការលំអិត សហគមន៍អាស៊ាន ទាំងបី ព្រមទាំងដំណើរការរៀបចំ ចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ ២០២៥ ។
កិច្ចប្រជុំ ក៏បានពិភាក្សា អំពីការពន្លឿន ការធ្វើសមាហរណកម្មអាស៊ាន តាមរយៈការអនុវត្ត ផែនការការងារ នៃគំនិតផ្តួចផ្តើម សម្រាប់ សមាហរណកម្មអាស៊ាន លើកទី៤ (២០២១-២០២៥) ការអនុវត្តនូវផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ ឲ្យបានពេញលេញ និងគាំទ្រការស្ដារឡើងវិញ ក្នុងតំបន់ ក្រោយពីជំងឺរាតត្បាតសកល។
ចំពោះការឆ្លើយតប ជាលក្ខណៈតំបន់ ទៅនឹងជំងឺរាតត្បាតសកលកូវីដ-១៩ កិច្ចប្រជុំ បានបង្ហាញការប្តេជ្ញាចិត្ត ដើម្បីអនុវត្តក្របខណ្ឌ ស្តារឡើងវិញ គ្រប់ជ្រុងជ្រោយរបស់ អាស៊ាន ឱ្យបានឆាប់រហ័ស ប្រើប្រាស់មូលនិធិ សម្រាប់ការឆ្លើយតប ទៅនឹងជំងឺកូវីដ-១៩ របស់អាស៊ាន និងធ្វើការងារឆ្ពោះ ទៅរកការបង្កើតក្របខណ្ឌ ក្នុងការរៀបចំច្រកធ្វើដំណើរ ក្នុងអាស៊ាន។
ចំពោះទំនាក់ទំនង ជាមួយភាគីខាងក្រៅ កិច្ចប្រជុំ បានសង្កត់ធ្ងន់ម្តងទៀត ពីសារៈសំខាន់ នៃការពង្រឹងមជ្ឈភាព និងឯកភាពអាស៊ាន ក្នុងទំនាក់ទំនង ជាមួយដៃគូខាងក្រៅរបស់ អាស៊ាន តាមរយៈយន្តការដឹកនាំ ដោយអាស៊ាន។ រដ្ឋមន្ត្រីការបរទេសអាស៊ានបានអបអរ សារទរ ការចូលកាន់តំណែង របស់រដ្ឋបាល សហរដ្ឋអាមេរិកថ្មី និងរំពឹង ពង្រឹងភាពជាដៃគូ យុទ្ធសាស្ត្រអាស៊ាន – សហរដ្ឋអាមេរិក និង ជំរុញកិច្ចសហប្រតិបត្តិការកំរិតខ្ពស់ ដើម្បីលើក កម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់។
កិច្ចប្រជុំ ក៏បានគូសបញ្ជាក់ ពីសារៈសំខាន់ នៃខួបលើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-ចិន ដោយភាគីទាំងពីរ ធ្វើការរួមគ្នា លើគំនិតផ្តួចផ្តើម ដើម្បីជំរុញបន្ថែមនូវ ទំនាក់ទំនងគ្រប់កំរិត ដើម្បីសុខុមាលភាព និងការអភិវឌ្ឍ ប្រកបដោយសន្តិភាព នៅក្នុងតំបន់ ។
សម្រាប់បញ្ហាក្នុងតំបន់ និងអន្តរជាតិ រដ្ឋមន្ត្រី បានចែករំលែកទស្សនៈ និងការយល់ឃើញ លើបញ្ហាមួយចំនួន រួមមាន ទិដ្ឋភាពភូមិសាស្ត្រ នយោបាយ ការវិវឌ្ឍនៅតំបន់ឧបទ្វីបកូរ៉េ សេដ្ឋកិច្ច ពណ៌ខៀវ បញ្ហារដ្ឋរ៉ាខាញ និងបញ្ហាសមុទ្រចិនខាងត្បូង។
ក្នុងកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងនូវចំណុចមួយចំនួន ដូចខាងក្រោម៖
– ចំពោះគំនិតផ្តួចផ្តើមសំខាន់ៗរបស់អាស៊ានក្នុងការឆ្លើយតបជំងឺកូវីដ-១៩ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានស្នើថា អាស៊ាន គួរតែបង្កើនចំនួនទឹកប្រាក់ មូលនិធិអាស៊ាន ក្នុងការឆ្លើយតប ទៅនឹងជំងឺកូវីដ-១៩ តាមរយៈការធ្វើទំនាក់ទំនង ជាមួយវិស័យឯកជន ដើម្បីចូលរួមការបរិច្ចាគ។
– សម្រាប់មជ្ឈភាពអាស៊ាន លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «មាគ៌ាអាស៊ាន» ដែលឈរលើគោលការណ៍ ពិគ្រោះយោបល់ និងកុងសង់ស៊ីស ការមិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង និងសិទ្ធិអធិបតេយ្យភាព ស្មើភាពគ្នា គឺរឹតតែសមស្រប សម្រាប់អាស៊ាន នៅពេលជួបជាមួយភាពបត់បែន នៅក្នុងការតំរង់ទិស ប្រឈមនឹងការប្រកួតប្រជែង របស់ប្រទេសមហាអំណាច។
– ចំពោះទំនាក់ទំនង ជាមួយភាគីខាងក្រៅ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មី អំពីការស្វាគមន៍របស់កម្ពុជា ចំពោះការទទួលយក ចក្រភពអង់គ្លេស ជាដៃគូសន្ទនា របស់អាស៊ាន និងលើកទឹកចិត្តអាស៊ាន ឱ្យដោះស្រាយនូវ រាល់បញ្ហានីតិវិធីនានា ។
– ចំពោះបញ្ហាភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)លោកឧបនាយក រដ្ឋមន្ត្រី បានសម្ដែងនូវទំនុកចិត្តលើ RCEP ថាជាចលករ ដ៏សំខាន់ នៃការស្តារ និងធ្វើ សមាហរណកម្ម សេដ្ឋកិច្ចក្នុងតំបន់ ហើយបានលើកទឹកចិត្ត ដល់ប្រទេស ដែលចូលរួមក្នុង RCEP ទាំងអស់ ពន្លឿនដំណើរការផ្តល់សច្ចាប័ន។
– អំពីការវិវត្តនៅឧបទ្វីបកូរ៉េ លោក បានលើកទឹកចិត្ត ឲ្យមានការចូលរួមកំរិតខ្ពស់ជាមួយ នឹងសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ តាមរយៈវេទិកា តំបន់អាស៊ាន (ARF) ដើម្បីបង្កើតការយោគយល់ កាន់តែប្រសើរឡើង និងអាចធ្វើឱ្យមានការអភិវឌ្ឍ ជាវិជ្ជមាន។
– ចំពោះបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជា ចែករំលែកក្តីប្រាថ្នា រួមចង់ឃើញសមុទ្រចិន ខាងត្បូង ជាសមុទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព។ កម្ពុជា តែងតែលើកទឹកចិត្ត ដល់ភាគីពាក់ព័ន្ធ ដោយផ្ទាល់ ដើម្បីដោះស្រាយភាពខុសគ្នាប្រកប ដោយការយោគយល់គ្នា តាមរយៈកិច្ចពិភាក្សា ដោយសន្តិវិធី ផ្អែកលើគោលការណ៍ ច្បាប់អន្តរជាតិ ដែលត្រូវបានទទួលស្គាល់ ជាសាកល រួមទាំងអនុសញ្ញាអង្គការសហប្រជា ជាតិ ស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ផងដែរ។ លោកក៏បានសង្កត់ធ្ងន់ផងដែរ ឱ្យបន្តកិច្ចចរចាលើក្រមប្រតិបត្តិ (COC) តាមរយៈប្រព័ន្ធវីដេអូ ដើម្បីបញ្ចប់ COC ឱ្យបានឆាប់ ដែលមានប្រសិទ្ធិភាព ប្រកបដោយខ្លឹមសារ និងស្របតាមច្បាប់អន្តរជាតិ ។
– ចំពោះបញ្ហារដ្ឋរ៉ាខាញ កម្ពុជា មានសេចក្តីរីករាយ ចំពោះវឌ្ឍនភាព ដែលសម្រេចបាន កន្លងមក លើការអនុវត្តអនុសាសន៍ ដែលត្រូវបានធ្វើឡើងតាមរយៈការវាយតម្លៃតម្រូវការ បឋម និងគាំទ្រដល់ក្រុមការងារលេខាធិការដ្ឋានអាស៊ាន ឱ្យបន្តចាត់វិធានការ និងតាមដាន យ៉ាងយកចិត្តទុកដាក់ លើបញ្ហាមនុស្សធម៌ ក្នុងតំបន់នេះ៕/V-PC