Home ព័ត៌មានសំខាន់ៗ ស្នងការ​នគរបា...

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ហាម​មិន​ឲ្យ​អ្នកសារព័ត៌មាន ចូល​ថត ឬ​ផ្សាយផ្ទាល់សកម្មភាព ដែល​សមត្ថកិច្ច កំពុងតែ​អនុត្ត​ការងារ​

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់ មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់ ត្រូវធ្វើ​ការងារ​ឲ្យ​បានច្បាស់លាស់ ហាម​មិន​ឲ្យ​អ្នកសារព័ត៌មាន មួយចំនួន ចូល​ថត ឬ​ផ្សាយផ្ទាល់(Live)សកម្មភាព ទាំងឡាយណា ដែល​សមត្ថកិច្ច កំពុងតែ​អនុត្ត​ការងារ ឬ​កំពុងតែធ្វើការ​តាមដាន ស្រាវជ្រាវ កំណត់​មុខសញ្ញា​ល្មើស បង្ក្រាប​បទល្មើស ក៏ដូចជា កំពុងធ្វើការ​ជំនាញ សំខាន់​ផ្សេងៗ​ទៀត ។ ចំពោះ​អ្នក​ដែល​បំពាន មិន​ស្តាប់​តាម​ការណែនាំ របស់​សមត្ថកិច្ច​នោះ សមត្ថកិច្ច នឹង​ចាត់ការ តាម​វិធានការ​ច្បាប់ ក៏ដូចជា ច្បាប់សារព័ត៌មាន​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ

​ការណែនាំ​របស់ ស្នងការ​នគរបាល រាជធានី​ភ្នំពេញ បានធ្វើ​ឡើង នៅក្នុង​នាំ​កិច្ចប្រជុំ ស្តីពី​ការកែសម្រួល ក្រុម​ប្រតិបត្តិការ បង្ក្រាប​បទល្មើស ពាក់ព័ន្ធ​ការងារ សន្តិសុខ ព្រហ្មទណ្ឌ គ្រឿងញៀន ការជួញដូរ​មនុស្ស អន្តោ​ប្រ​សេន៍ និង​ល្បែងស៊ីសង​ខុសច្បាប់ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២១ ខែមករាម្សិលមិញ ។​

​សមាសភាព​ចូលរួម ក្នុង​កិច្ចប្រជុំ​នេះ រួមមាន លោក​ប្រធាន និង​អនុប្រធាន ក្រុមការងារ ដើម្បី​ទទួល​មតិ​ណែនាំ​ល្អៗ របស់​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អំពី​របៀប​ចំ​ផែនការ នៃ​ការតាមដាន ស្រាវជ្រាវ រហូត​ឈានដល់ ការបង្ក្រាប​ទីតាំង​ប្រកបដោយ​ប្រសិទ្ធភាព ។

​ទាក់ទង​ករណីនេះ នៅក្នុង​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍ ជាមួយ​ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន​ទាំង​៥ នៅ​ក្រសួង​ព័ត៌មាន កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​រំលឹក​ដល់​អ្នកសារព័ត៌មាន​ទាំងអស់ កុំទៅ​ថត ឬ​ទៅយក​ព័ត៌មាន នៅក្នុង​ដែន​សមត្ថកិច្ច របស់​អាជ្ញាធរ ដែល​ហាមឃាត់ និង​កំពុង​បំពេញ​កិច្ចការងារ​។​

​បើតាម​លោក​រដ្ឋមន្ត្រី ការ​ដែល​អ្នកសារព័ត៌មាន ទៅ​ថត ឬ​ទៅយក​ព័ត៌មាន នៅក្នុង​ដែន​សមត្ថកិច្ច របស់​អាជ្ញាធរ ដែល​ហាមឃាត់ និង​កំពុង​បំពេញ​កិច្ចការងារ គឺ​ខុស​វិជ្ជាជីវ​:​សារព័ត៌មាន​។

​ចំពោះ​បញ្ហា​នេះ លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ដែលជា​អតីត​អ្នកកាសែត ជើងចាស់​ដែរនោះ បានលើកឡើង​ថាៈ បើ​អ្នកសារព័ត៌មាន នៅ​មិន​ស្តាប់ ការហាមឃាត់ នោះទេ សមត្ថកិច្ច មាន​សិទ្ធិ​ចាប់​ឃាត់ខ្លួន អ្នកសារព័ត៌មាន ពេលនោះ​តែម្តង​។ ដូច្នេះ​អ្នកសារព័ត៌មាន ត្រូវ​យល់​ឲ្យ​បាន​ច្បាស់ ពី​កិច្ចការងារ​នេះ ដោយ​កុំ​គិតថា ខ្លួន​ជា​អ្នកសារព័ត៌មាន មាន​សិទ្ធិ​ថត បាន​គ្រប់​ទីកន្លែង​នោះ ត្រូវ​យល់​ពី​ការងារ​របស់​សមត្ថកិច្ច​៕/V​/សរន

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular