ប្រែសម្រួល : កញ្ញាដាលីស ៖ ក្មេងៗនៅសាលាមត្តេយ្យមួយនៅតំបន់ស៊ីបេរីនាំគ្នាស្រាតខោអាវសល់ត្រឹមខោទ្រនាប់ និងងូតទឹកកកម្នាក់មួយធុងសម្រាប់ជាផ្នែកមួយនៃកម្មវិធីសិក្សា។
នៅសាលាមត្តេយ្យរដ្ឋលេខ ៣១៧ នៅទីក្រុងក្រាស្នូយ៉ាក់នៃតំបន់ស៊ីបេរី គេជឿថាការងូតទឹកបែបនេះនឹងជួយឱ្យក្មេងៗមានសុខភាពល្អនិងទប់ស្កាត់ការឆ្លងមេរោគផ្សេងៗ។
ក្មេងៗនាំគ្នាងូតទឹកកករាល់ថ្ងៃបន្ទាប់ពីត្រាំទឹកក្តៅឧណ្ហៗ ដរាបណាសីតុណ្ហភាពមិនទាបជាងដក ២៥ អង្សាសេ។
វីដេអូមួយបានបង្ហាញកុមារនាំគ្នាស្រោចទឹកម្នាក់មួយធុងនៅក្រោមអាកាសធាតុដ៏ត្រជាក់នៅសាលាមត្តេយ្យ ដែលគេស្គាល់ថា Sibiryachok ឬ Little Siberian ។
អ្នកនាំពាក្យមន្ទីរអប់រំក្រុងក្រាស្នូយ៉ាក់និយាយថា “ក្មេងតូចៗបានកម្តៅខ្លួននៅកន្លែងសូណាហើយចេញទៅខាងក្រៅស្រោចទឹកកកម្នាក់មួយធុងតាមទម្លាប់”។
គ្រូបង្រៀននៅសាលាមត្តេយ្យនិងជាគ្រូបង្វឹកហែលទឹក លោកស្រី អូកសាណា កាបូតកូ អាយុ ៤៥ ឆ្នាំបាននិយាយថា “ក្មេងៗងូតទឹកកក ប្រសិនបើវាមិនត្រជាក់ជាងដក ២៥ អង្សាសេ”។
ឪពុកម្តាយភាគច្រើនផ្តល់ការអនុញ្ញាតឱ្យងូតទឹកកកបែបនេះ ដែលលោកស្រីអូកសាណាអះអាងថាគឺដោយសារមានថ្ងៃឈប់សម្រាកតិចជាងសាលាទូទៅក្នុងឆ្នាំសិក្សា។
ក្មេងៗក៏ត្រូវបានបង្ហាត់របៀបដកដង្ហើមសម្រាប់ពេលមានអាកាសធាតុត្រជាក់ខ្លាំងផងដែរ។
លោកស្រីអូកសាណានិយាយថា “ក្មេងៗដែលងូតទឹកកកក៏មានភាពរវាសរវៃ មានតុល្យភាព និង មានសុទិដ្ឋិនិយមជាងមុនដែរ”៕
វីដេអូមួយបានបង្ហាញកុមារនាំគ្នាស្រោចទឹកម្នាក់មួយធុងនៅក្រោមអាកាសធាតុដ៏ត្រជាក់នៅសាលាមត្តេយ្យ ដែលគេស្គាល់ថា Sibiryachok ឬ Little Siberian មុនចូលរៀន