ដោយ: ពៅនិមល/ភ្នំពេញ: លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ បានអញ្ជើញចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីលម្អ First Aquatic Indutrial Co., Ltd នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
រូបថតៈកម្ពុជាមានលទ្ធភាពនាំត្រីលម្អចេញទៅទីផ្សារចិនជាងប្រាំមួយពាន់ក្បាលក្នុងមួយឆ្នាំ
លោក លី ស៊ីវឈីន (Li Xuequn) អ្នកគ្រប់គ្រងទូទៅសិដ្ឋានខាងលើ បានជម្រាបជូនលោករដ្ឋមន្ត្រីថា កសិដ្ឋាននេះបានចាប់ផ្តើមដំណើរការនៅឆ្នាំ២០១៧ ដោយចំណាយទុនវិនិយោគចំនួនបួនលានដុល្លារ (មិនរួមបញ្ចូលការវិនិយោគលើការកសាងហេដ្ឋរចនាសម័ន្ធសំខាន់ៗ)។ បច្ចុប្បន្នមានចិញ្ចឹមត្រីលម្អ (ត្រីនាគ) នាំពូជចូលពីប្រទេសចិន ត្រីបបែលទឹកសាប និងត្រីទឹកសាបកម្ពុជាជាច្រើនប្រភេទទៀត។
លោកបន្តថានៅឆ្នាំដំបូង កសិដ្ឋានគ្រោងនាំចេញត្រីនាគជាង ១.០០០ក្បាល ក្នុងមួយឆ្នាំ និងត្រីបបែលជាង ៥.០០០ក្បាល ក្នុងមួយឆ្នាំ ទៅកាន់ទីផ្សារប្រទេសចិន ដោយគិតក្នុងតម្លៃត្រីនាគពេញវ័យលក់បាន១.០០០ដុល្លារ ក្នុងមួយក្បាល និងត្រីបបែល២០០ដុល្លារ ក្នុងមួយក្បាល (តម្លៃអាស្រ័យលើប្រភេទពូជ ពណ៌ ទំហំ និងអាយុ)។ ចំពោះកសិដ្ឋាននេះប្រើកម្មករសរុប ៥០នាក់ ក្នុងនោះមានអ្នកជំនាញជលផលទាំងខ្មែរ និងចិនចំនួន ១០នាក់។
បន្ទាប់ពីបានពិនិត្យសកម្មភាពខ្សែច្រវាក់ផលិតកម្មក្នុងកសិដ្ឋាន និងជ្រាបអំពីដំណើរការនៃការវិនិយោគ រួចមក លោករដ្ឋមន្ត្រី វេង សាខុន បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានចុះទុនវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមត្រីលម្អដែលសកម្មភាពនេះសមស្របតាមគោល នយោបាយរបស់រដ្ឋាភិបាលក្នុងការគាំទ្រ និងលើកទឹកចិត្តដល់វិនិយោគិនក្នុង និងក្រៅប្រទេស សំដៅលើកស្ទួយវិស័យវារីវប្បកម្ម និងការនាំចេញត្រីលម្អ ក្នុងការចូលរួមទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ។ ព្រមជាមួយសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបាននាពេលបច្ចុប្បន្ន លោករដ្ឋមន្ត្រីបានណែនាំឲ្យក្រុមហ៊ុនត្រៀមរៀបចំឯកសារបច្ចេកទេសពាក់ព័ន្ធដល់ការចិញ្ចឹមសម្រាប់ឈានទៅដល់ការរៀបចំពិធីសារនាំចេញត្រីលម្អទៅកាន់ប្រទេសចិន ដោយត្រូវសហការជាមួយរដ្ឋបាលជលផលកម្ពុជា ធ្វើការទំនាក់ទំនងជាមួយអគ្គរដ្ឋបាលគយចិន ស្នើសុំបែបបទ ឬលក្ខខណ្ឌតម្រូវចាំបាច់នានាពីភាគីចិនជាជំហានបឋមដើម្បីឲ្យដំណើរការនាំចេញនាពេលខាងមុខប្រព្រឹត្តទៅដោយរលូន ចៀសវាងការកកស្ទះផលិតផលដែលកសិដ្ឋានចិញ្ចឹមបាន។
ទន្ទឹមនេះលោកបានលើកទឹកចិត្តក្រុមហ៊ុនថាក្រសួង ក៏ដូចរដ្ឋបាលជលផលនឹងរង់ចាំសហការសម្របសម្រួល ដើម្បីឲ្យដំណើរការវិនិយោគចិញ្ចឹមត្រីលម្អ និងដំណើរការនាំ ចេញត្រីលម្អនេះទទួលជោគជ័យ៕សរន