ដោយ: រ៉ាម៉ន / ភ្នំពេញ: ដើម្បីឱ្យម្ចាស់ សណ្ឋាគារនិងខុនដូ ដែលបាននិងកំពុងធ្វើអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ បានយល់ដឹងអំពីយន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានីភ្នំពេញ វិធានសុវត្ថិភាពទេសចរណ៍ ក្នុងការទប់ស្កាត់នូវជំងឺកូវីដ-១៩និងដើម្បីឱ្យម្ចាស់សណ្ឋាគារនិងខុនដូ គ្រប់គ្រងភ្ញៀវបានល្អ នារសៀលថ្ងៃទី២១ មករានេះ អាជ្ញាធររាជធានីភ្នំពេញបានកោះហៅបងប្អូន ដែលជាម្ចាស់សណ្ឋាគារនិងខុនដូ មកប្រជុំផ្សព្វផ្សាយ ស្តីពីការសេវាសាធារណៈ តាមយន្តការច្រកចេញចូលតែមួយរាជធានីភ្នំពេញ និងវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ និងវិធានការពង្រឹងការគ្រប់គ្រងភ្ញៀវទេសចរណ៍សេវាកម្មស្នាក់នៅ វិស័យទេសចរណ៍។
ពិធីនេះធ្វើឡើងក្រោមវត្តមានលោកហួត ហៃ អភិបាលរងរដ្ឋបាលភ្នំពេញ តំណាងអោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងលោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ។
លោក ហួត ហៃ បានមានប្រសាសន៍លើកឡើងថា គោលបំណងនៃពិធីនេះ គឺចង់ឱ្យបងប្អូនជាម្ចាស់សណ្ឋាគារ ម្ចាស់សេវាកម្មស្នាក់នៅនិងម្ចាស់ខុនដូ បានយល់ដឹងអំពីយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលរាជធានីភ្នំពេញផង និងវិធានសុវត្ថិភាពទេសចរណ៍ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ ការគ្រប់គ្រងភ្ញៀវអោយបានល្អ ពិសេសពេលដែលភ្ញៀវចេញ ចូល ស្នាក់នៅដាច់ខាតត្រូវតែកូពីអត្តសញ្ញាណប័ណ្ណឬប៉ាស្ព័ររបស់ពួកគាត់ ហើយបើមានបទល្មើសកើតឡើងយើងអាចស្រាវជ្រាវរកជនសង្ស័យឃើញ។ គោលបំណងមួយទៀតគឺរដ្ឋបាលរាជធានីភ្នំពេញចង់អោយបងប្អូនដែលមិនទាន់បានមកបំពេញច្បាប់ រួសរាន់មកបំពេញច្បាប់នៅច្រកចេញចូលតែមួយរាជធានីភ្នំពេញ។
លោក ហួត ហៃ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ដំណើរការអង្គភាពច្រកចេញចូលតែមួយ ដើម្បីផ្តល់សេវាចំនួន១៤ប្រភេទធំៗ ស្របតាមតារាងឧបសម្ព័ន្ធទី២ នៃអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងនោះរួមមាន ការងារនីត្យានុកូលកម្ម ការបញ្ជាក់ឯកសារថតចម្លង ការងាររដ្ឋបាល វិស័យសុខាភិបាល វិស័យទេសចរណ៍ វិស័យព័ត៌មាន វិស័យសាធារណការ នឹងដឹកជញ្ជូន វិស័យវប្បធម៌ និងវិចិត្រសិល្បៈ វិស័យបរិស្ថាន វិស័យឧស្សាហកម្ម និងសិប្បកម្ម វិស័យរ៉ែ និងថាមពល វិស័យពាណិជ្ជកម្ម វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕